សាកសពជន បរទេសម្នាក់ ដែលជាភ្ញៀវ ទេសចរណ៍ អន្តរជាតិ ត្រូវគេ ប្រទះឃើញ អណ្តែតទឹកនៅ រមណីយដ្ឋាន បឹងយក្សឡោម ដែលមាន ឈ្មោះថា ឌឺរ វឺរ៉ូស កើតនៅថ្ងៃទី១៥ ០៧ ១៩៥០ មានអាយុ៦៣ឆ្នាំ ជាជនជាតិ កាណាដា កាន់លិខិតឆ្លងដែន លេខ 004128575។
បើតាមការ អោយដឹងពី មន្ត្រីនគរបាល ព្រហ្មទណ្ឌ នៃស្នងការ នគរបាល ខេត្តរតនគិរី បានអោយដឹងថា មានប្រជាពលរដ្ឋ បានទូរស័ព្ទ មកប្រាប់ថា ពួកគាត់ បានប្រទះឃើញ សាកសព អណ្តែតទឹកបឹង យក្សឡោម នៅចំណុចផែរ ទី៣ ហើយក្រោយ ពីទទួលបាន ពត៌មានហើយ សមត្ថកិច្ច នគរបាល ព្រហ្មទណ្ឌ បានចុះទៅដល់ កន្លែងកើតហេតុ ហើយបានធ្វើការ ស្រង់សាកសព មកលើគោក ដើម្បីធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យ ទើបដឹងថាសាកសព ដែលអណ្តែតទឹកនោះ គឺជាជនបរទេស ដែលជាភ្ញៀវ ទេសចរណ៍ ដែលមានឈ្មោះថា ឌឺរ័ វឺរ៉ូស អាយុ៦៣ឆ្នាំ ជនជាតិ កាណាដា ដែលបានមកលេង កំសាន្តនៅ ខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ហើយបានជួល ផ្ទះសំណាក់ ដែលមានយីហោ ន័រឌឺន បន្ទាប់លេខ៥ ដែលមានទីតាំងនៅភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុង នៅផ្លូវចូល រមណីយដ្ឋាន បឹងយក្សឡោម។
បើតាមការ ផ្តល់ពត៌មាន ពីម្ចាស់ផ្ទះ សំណាក់ ន័រឌឺរ ថា ភ្ញៀវទេសចរណ៍ ជនជាតិ កាណាដា រូបនេះ បានមកជួល បន្ទប់ផ្ទះសំណាក់ របស់គាត់ ស្នាក់នៅចន្លោះ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ តែម្នាក់ឯងទេ ដោយមានម៉ូតូ១គ្រឿង ដែលជាម៉ូតជួលគេ ហើយនៅថ្ងៃទី២៥ គាត់បាន ចាកចេញពីបន្ទប់ ប៉ុន្តែគាត់បានបង់លុយថ្លៃបន្ទប់ ស្នាក់នៅទុកដល់ ថ្ងៃទី២៧ ដោយបាន ទុកឥវ៉ាន់ និងរបស់របរ គាត់នៅក្នុងបន្ទប់ លេខ៥ នោះផងដែរ ហើយចាប់ ពីថ្ងៃទី២៥នោះមក ក៏បាត់មុខ គាត់រហូត លុះដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង១ និង២០នាទី រសៀល ទើបគាត់ ទទួលបាន ពត៌មាន ថា ភ្ញៀវបរទេស រូបនេះស្លាប់ អណ្តែតទឹក នៅរមណីដ្ឋាន បឹងយក្សឡោម ត្រង់ចំណុចផែរ ទី៣។
បើតាម កោសល្យវិច្ច័យ និង ការសន្និដ្ឋាន ជាជំហ៊ានដំបូង បានបង្ហាញ អោយដឹងថា នេះគឺជាករណីអំពើឃាតកម្ម គិតទុកជាមុន ព្រោះថាសាកសពត្រូវបានឃាតករកាច់បំបាក់ក ហើយសាក់កាដូស្ពាយរបស់សាកសព ត្រូវបានឃាតករ យកដុំថ្មដាក់ចូលចង ជាប់ចង្កេះ សាកសព រួចទំលាក់ចូល ទៅក្នុង បឹងយក្សឡោម ក្នុងគោលបំណង អោយសាកសព លិចបាត់ ដើម្បីបំបាត់ភស្តុតាង ។ ប៉ុន្តែដោយសារ តែសាកសព ហើមក៏អណ្តែតផុស ឡើងតែម្តងទៅ ។
បច្ចុប្បន្ន សាកសព ភ្ញៀវទេសចរណ៍ ដែលជាជនជាតិ កាណាដា នេះត្រូវគេ យកទៅរក្សា ទុកនៅមន្ទីរពេទ្យ បង្អែក ខេត្តរតនគិរី ដើម្បីរង់ចាំគ្រួសារ និងស្ថានទូត។ ចំណែកករណីពាក់ព័ន្ធ ទៅនឹងអំពើ ឃាតកម្មទៅលើ ភ្ញៀវទេសចរណ៍ បរទេស ដែលជាជន ជាតិ កាណាដា ខាងលើនេះ សមត្ថកិច្ច នគរបាល កំពុងធ្វើការស្រាវជ្រាវ ដើម្បីរកជន ដៃដល់ ដែលជាឃាតករ យកទៅ ផ្តន្ទាទោស តាមច្បាប់ ។
តាំង ឧសារ