(ដោយ÷គឹម សុង)
បន្ទាយមានជ័យ៖ គ្រឿងញៀនជាង ៤សែនគ្រាប់ ប្រភេទមេតំហ្វេតាមីន បម្រុងឆ្លងចូល កម្ពុជា ត្រូវបានតម្រួតថៃ ចាប់បាននៅវេលាម៉ោង៦:៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែន អន្តរជាតិខ្លងឡឹក ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹងច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ខាងកម្ពុជា។
ពលរដ្ឋខ្មែរស៊ីឈ្នួល អូសរទេះដឹកអីវ៉ាន់ ភ្ញៀវទេសចរណ៍ ប្រចាំនៅច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងឡឹក បានប្រាប់ឲ្យដឹងថា មុនពេលតម្រួតថៃ ឃាត់ចាប់បាន គ្រឿងញៀន មានបុរស ជនជាតិថៃម្នាក់ បានបើកឡានមកចត នៅចំណតក្បែរច្រកអន្តរជាតិ ខ្លងឡឹកខាងភាគីថៃ បានទំលាក់វ៉ាលី ចំនួន៣ រួចជនជាតិថៃ ម្នាក់នោះ បានប្រាប់ឲ្យជនជាតិខ្មែរ ដែលជាកម្មករ អូសរទេះ ឲ្យដឹកអីវ៉ាន់ វ៉ាលីរបស់ខ្លួន យកឆ្លងតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត បំណងចូលមក ក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា។
ប្រភពដដែលបាន ប្រាប់ឲ្យដឹងទៀតថា នៅពេល លើកវ៉ាលីធ្ងន់ពេក លើកដាក់ រទេះមិនរួច ក៏ហៅគ្នា មកជួយលើក ហើយឆ្ងល់ហេតុអ្វីវ៉ាលី ខោអាវធ្ងន់ ខុសពីធម្មតា ក៏បើកមើលឃើញ កញ្ចប់សង្ស័យ គ្រឿងញៀន ទើបរាយការណ៍ ប្រាប់តម្រួតថៃ ចាប់តែម្តង ហើយក៏បានហៅ កម្មករអូសរទេះ ទៅសួរនាំ និងរកឃើញគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន ចំនួន៣វ៉ាលី។ ចំណែកជនជាតិថៃ ដែលជួលឲ្យ កម្មករខ្មែរ អូសរទេះនោះ បន្ទាប់ពីនិយាយ ជាមួយកម្មករ អូសរទេះហើយ ក៏ដើរឆ្លងចូល មកខាងទឹកដីកម្ពុជាមុន បាត់ស្រមោលតែម្ដង។
ប្រភពពីសមត្ថកិច្ចថៃ បានឲ្យដឹងថា យ៉ាម៉ា ឬមេតំហ្វេតាមីន ដែលឃាត់នៅ ច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងឡឹក បម្រុងនាំចូលមក កម្ពុជានោះ មានទំងន់ ២០០គីឡូក្រាម មានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន៤០០,០០០គ្រាប់ ខណៈនេះ កំពុងសួរនាំកម្មករ អូសរទេះ និងឆែកមើល កាមេរ៉ាសុវត្ថភាព ស្រាវជ្រាវកំណត់ អត្តសញ្ញាណជនសង្ស័យ ដើម្បីតាមចាប់ខ្លួន មកអនុវត្តច្បាប់៕