មានមតិមួយចំនួន បានធ្វើការចោទសួរថា ព័ត៌មានក្ដៅ កំពុងកើតឡើងផ្អើល ពេញផ្ទៃប្រទេស ចុះហេតុអ្វីក៏ គេហទំព័រកាសែតជាតិ គ្មានប្រតិកម្មចុះផ្សាយ ពាក់ព័ន្ធទៅនឹង ករណីឆបោកប្រាក់ រាប់រយលានទៅវិញ ។ តាមពិតទៅ មានសារព័ត៌មាន ច្រើនណាស់បានលើក ហេតុផលពីអំពើ ឆបោករបស់ ក្រុមហ៊ុនឡេង ចាន់ណា ក៏ដូចជា CIC ដែលមានក្រុមប្រឹក្សា ១១នាក់ តម្រូវឲ្យរដ្ឋ ចាត់វិធានការ តាមផ្លូវច្បាប់ ។
នៅមានមតិ តាមហ្វេសប៊ុក ដូចជា សុខជេម និង ខឹម វាសនា តែងតែធ្វើការ រិះគន់ទៅលើ ជនរងគ្រោះផង និងទៅលើក្រុម ឆបោកផង ដោយចាត់ទុក អ្នកដែលឲ្យគេឆបោក គឺជាមនុស្សលោភលន់ ឬខ្វះចំណេះដឹង ទើបគេបោកបាន ។ ផ្អែកតាម សាវតាបោក តាំងពីឆ្នាំ១៩៩៣ លេចចេញ អ្នកបោកបញ្ជូននិស្សិតទៅសិក្សា នៅជប៉ុនដោយទទួល បានប្រាក់ឧបត្ថម្ភ ក្នុងមួយខែ២ ០០០ដុល្លា តែតម្រូវឲ្យនិស្សិតត្រូវចេញថ្លៃ ឯកសារ និងសំបុត្រយន្តហោះ ក្នុងម្នាក់ ១៥០០ដុល្លា ។ នៅពេល ប្រមូលបានលុយ រាប់លានហើយ ក្រុមបោកដែល ជួលស្នាក់ការនៅ កាំបូឌីយ៉ាណា ខ្ចប់លុយរត់ទៅ បរទេសបាត់អស់ ។
ក្រោយមក ក្រុមបោកចេះ តែបង្កើតដូចជា ក្រុមហ៊ុននៅក្បែរ រង្វង់មូលទួលគោក ដែលមានមេធំ ឈ្មោះ សុវណ្ណ ក៏ប្រើរូបភាព ដាក់លុយយក ការប្រាក់ដែរ បើសរុបជា ទឹកប្រាក់បោកបាន ខ្ទង់៥០លានដុល្លា ឯណោះ ។ ទោះជាមានការតវ៉ា ញឹកញាប់តែទីបំផុត គឺស្ងាត់ដោយសារតែ អត់លទ្ធភាពក្នុង ការប្រមូលផ្ដុំគ្នាឡើង មកតវ៉ា ។ នៅមានការឆបោក ជាច្រើនទៀត ដូចជាលើសសមាជិក បង់ប្រាក់៦០០ដុល្លា ឲ្យបាន៥នាក់គឺ ទទួលបានប្រាក់ខែ ស៊ីជាដើម ។
សម្រាប់ទស្សនៈ គេហទំព័រ កាសែតជាតិ បើអ្នកចូលរួម ដាក់ភាគហ៊ុនតាម រូបមន្តគ្រូជោគជ័យ រួចនាំគ្នាស្រែកប្រកាស និងឡើងអះអាងថា យើងជាអ្នកមាន! ខ្ញុំនឹងក្លាយជាសេដ្ឋី តើចាំបាច់អី ត្រូវធ្វើការចុះផ្សាយ ឲ្យខាតទឹកប៊ិច ព្រោះអ្នកសារព័ត៌មាន មិនមែនជាក្រុមអ្នកមាន ឬក្រុមមហាសេដ្ឋី ឯណាទាន! ៕