តើដ្ឋាភិបាលអាណត្តិទី៧ អាចបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នៅខណ្ឌ៧មករាបានទេ?

មានការកែទម្រង់ គោលនយោបាយ ក្នុងអាណត្តិរាជរដ្ឋាភិបាល បន្តវេនដែលបាន ចាប់ផ្ដើមក្នុងអាណត្តិទី៧ ជាលទ្ធផលមជ្ឈដ្ឋាន មហាជនបានសម្ដែងនូវ ការកោតសរសើរលើ ចំណាត់ការអនុវត្ត បង្ក្រាបគ្រឿងញៀន និង ល្បែងស៊ីសងខុសច្បាប់ ។ ជាក់ស្ដែង ក្នុងអាណត្តិរដ្ឋាភិបាល បន្តវេន មិនថាមន្ត្រីដែល មានតួនាទីជា ឯកឧត្តមផ្កាយ៣ ផ្កាយ២ ផ្កាយ១ រហូតអ្នកមាន បណ្ដាស័ក្តិជាច្រើន ត្រូវបានបណ្ដេញចេញ ពីក្របខណ្ឌថែមទៀតផង ។

បច្ចុប្បន្នមិនថា នៅតាមបណ្ដាខេត្ត ឬទីក្រុងគណៈបញ្ជាការ ឯកភាពខេត្ត តែងប្រើតួនាទី ជំរុញឲ្យសមត្ថកិច្ច ចុះបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ដើម្បីសម្រេចគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិ មុនៗមក ។ មានការចោទសួរថា ល្បែងភ្នាល់ទឹកភ្លៀង របស់តាសួ នៅលើដំបូលអគារ ជាប់នឹងផ្លូវ១៣៩ ក្នុងសង្កាត់អូរឫស្សី ខណ្ឌ៧មករា ខាងត្បូង អតីតសណ្ឋាគារ ទឹករាំផ្ការាំ បាននឹងកំពុងបើក លេងស្របពេល មានភ្លៀងធ្លាក់ ។

បនល្បែងភ្នាល់ទឹកភ្លៀង នៅខណ្ឌ៧មករា ខុសច្បាប់បើកដំណើរការ ក្នុងរដូវភ្លៀងធ្លាក់ជិត ៣០ឆ្នាំទៅហើយ បើទោះបីមាន ការបង្ក្រាបបទល្មើសល្បែងស៊ីសង ខុសច្បប់ជាទ្រង់ទ្រាយធំ ក្នុងរាជធានីភ្នំពេញ ប៉ុន្តែល្បែងភ្នាល់ទឹកភ្លៀង ដែលមានមេក្លោង ឈ្មោះតាសួ នៅតែអាចដំណើរការ ដោយរលូន ដោយគ្មានការបង្ក្រាប ។ តើអាណត្តិរាជរដ្ឋាភិបាល បានបន្តវេនដឹកនាំ ដោយសម្តេច បវរធិបតី ហ៊ុន ម៉ាណែត ដែលមាន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជាសេនាធិការ អាចបង្ក្រាបបនល្បែង របស់​តាសួ នៅខណ្ឌ៧មករា បានដែរឬទេ ។

មហាជន ក្នុងរាជធានីភ្នំពេញ រង់ចាំមើល ចំណាត់ការ ឯកឧត្ដម ជួន ណារិន អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ រាជធានីភ្នំពេញ តើអាចបំបែក សំណុំរឿងបទល្មើសល្បែង ភ្នាល់ទឹកភ្លៀង នៅកណ្ដាល រាជធានីភ្នំពេញ បានដែរឬទេ ។ ហើយបើនៅតែបន្ត ឲ្យបនល្បែង ខុសច្បាប់ របស់តាសួ បើកលេងនៅ កណ្ដាលក្រុងបែបហ្នឹងបាន គឺជា គំរូដល់ អ្នកបើកល្បែង ផ្សេងទៀតដែល ផ្ទុយទៅនឹង គោលនយោបាយ កែទម្រង់របស់ រាជរដ្ឋាភិបាល បន្តវេន ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.