ដោយ៖ រ៉ាន់ សាម៉េត
បន្ទាប់ពីមាន បទបញ្ជា ពីសម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យ បណ្ដាខេត្តរាជធានី ត្រូវចុះបង្ក្រាប ក្មេងទំនើង ដែលតែងតែ ធ្វើសកម្មភាពវាយតប់ កាប់ចាក់គ្នា នៅតាមដងផ្លូវ សាធារណៈ ដោយគ្មាន ការលើកលែង រួចមក គេសង្កេតឃើញ មានចំណាត់ការពី កម្លាំងសមត្ថកិច្ច ចុះបង្ក្រាប ជាប្រចាំ ។ ដោយឡែក នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលធ្លាប់តែ មានក្រុមបងធំ ចេញកាប់ចាក់គ្នា នៅតាមដងផ្លូវ ត្រូវបានលោក វរៈសេនីយ៍ឯក បេន សំអាត ចេញបទបញ្ជា ឲ្យសមត្ថកិច្ច តាមបណ្ដាប៉ុស្តិ៍ឃុំ ចុះអនុវត្តបង្ក្រាប និងរៀបចំ សណ្ដាប់ធ្នាប់ នៅមូលដ្ឋាន ពិសេសនៅតាម សាលារៀន ដែលមាន កុមារតូចៗ ធ្វើដំណើរឆ្លងផ្លូវ ។
តាមការបញ្ជាក់ពី លោកវរៈសនីយ៍ត្រី មួង ណារ៉េត មេប៉ុស្តិ៍បឹងបេង បានបញ្ជាក់ប្រាប់ សារព័ត៌មានជាតិថា ជារៀងរាល់ថ្ងៃ ការរៀបចំ សណ្ដាប់ធ្នាប់ នៅតាមសាលា បាននិងកំពុង អនុវត្តជាប្រចាំ ដើម្បីសម្រួល ចរាចរណ៍ ដល់កុមារាកុមារី ដែលចេញ និងចូលសាលារៀន ។ ម្យ៉ាងវិញទៀត បញ្ហាក្មេងទំនើង ដែលតែងតែ ជិះម៉ូតូវ៉ាជែងនិងបង្ហោះ ក៏ត្រូវបានបង្ក្រាប ដែលជាហេតុងាយស្រួល ដល់ការរៀបចំ សណ្ដាប់ធ្នាប់ នៅតាមសាលារៀន ផងដែរ ។
ប្រជាពលរដ្ឋ នៅស្រុកម៉ាឡៃ ដែលធ្លាប់តែមាន ការព្រួយបារម្ភ ពីកូនៗទៅសាលា ពិសេសអសន្តិសុខ ដោយក្មេងទំនើង និងប្រើគ្រឿងញៀន បានសម្ដែងនូវ ការពេញចិត្ត ចំពោះចំណាត់ការ សមត្ថកិច្ចស្រុក និងមេប៉ុស្តិ៍ ដែលតែងតែចុះល្បាត និងបង្ក្រាប បទល្មើសផ្សេងៗ ដើម្បីសេចក្តីសុខ ជូនប្រជាជន។ លោកវរសេនីយ៍ឯក បេន សំអាត អធិការស្រុកម៉ាឡៃ បានបញ្ជាក់នូវ គោលជំហរ អនុវត្តចុះបង្ក្រាប បទល្មើសគ្រឿងញៀន និងក្មេងទំនើង ឲ្យដូចជាភ្លៀងរលឹម ដើម្បីធានាបាន នូវសន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅស្រុកម៉ាឡៃ កុំឲ្យមាន ការភ័យខ្លាច តទៅទៀត ៕