កែវ ចាន់ណារិទ្ធ ប្រើតួនាទី សមត្ថកិច្ចប៉ុស្ត៍រាម ដើម្បីជីកដឹកដីភ្នំ បំពានច្បាប់

សកម្មភាពជីកកាយ ដីភ្នំនិងដឹកយកទៅ លក់យកលុយ ច្រកហោប៉ៅ របស់លោក កែវ ចាន់ណារិទ្ធ មន្ត្រីប៉ុស្ត៍ នគរបាល រដ្ឋបាលឃុំរាម បាននិងកំពុង បង្ហាញគំរូ មិនល្អដល់មន្ត្រី ក្នុងស្ថាប័នរដ្ឋ ព្រោះគំរូមិនល្អ របស់លោក កែវ ចាន់ណារិទ្ធ ត្រូវបានប្រភពខ្លះ បញ្ជាក់ថា ឯកសណ្ឋាន នគរបាល និងស័ក្តដែលគាត់ពាក់លើស្មា ហើយទទួលបាន ប្រាក់ខែសពីរដ្ឋ គឺពុំបានបំពេញ ភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញ តួនាទីនិងបុណ្យស័ក្តិ របស់លោក កែវ ចាន់ណារិទ្ធ គឺប្រើតួនាទី និងអំណាច ដើម្បីធ្វើអាជីវកម្ម ជីកកាយដីភ្នំ ទាំងបំពានច្បាប់ ដឹកលក់ស្វែងរក ផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ ។

ប្រភពបានឲ្យដឹងថា លោកស័ក្តិ៣ កែវ ចាន់ណារិទ្ធ ពុំសូវមានវត្តមាន នៅស្នាក់ការប៉ុស្ត៍នោះទេ ព្រោះតែអាជីវកម្ម ជីកកាយដីភ្នំលក់ ដោយកន្លងមកធ្លាប់បាន ជីកកាយដី ក្នុងតំបន់ដែល គ្រប់គ្រងដោយក្រសួងបរិស្ថាន រហូតមានការព្រមាន និងដកបញ្ឈរជើង ម្ដងរួចមកហើយ ។ ប៉ុន្តែបច្ចុប្បន្ននេះ ឈ្មោះកែវ​ ចាន់ណារិទ្ធ មិនត្រឹមតែពុំបាន កែប្រែប៉ុណ្ណោះទេ ថែមទាំងបានដឹកដី ជ្រុះរាយប៉ាយពេញផ្លូវ នៅមុខ ព្រលានយន្តហោះរាម ថែមទៀតផង ធ្វើឲ្យប្រព័ន្ធលូស្ទះ ។

មជ្ឈដ្ឋានប្រជាពលរដ្ឋ ក្នុងឃុំរាម បានសម្ដែងនូវ ការមិនពេញចិត្ត ទាល់តែសោះ ចំពោះលោក កែវ ចាន់ណារិទ្ធ ដែលយកតួនាទីទៅ ស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនដែលជាហេតុ ធ្វើឲ្យមាន ការខ្នាំងខ្នាក់ ពីមន្ត្រីនគរបាល ប៉ុស្ត៍រាមផ្សេងទៀត ។ ប្រជាពលរដ្ឋ សំណូមពរទៅកាន់ ឯកឧត្ដម អភិសន្តិបណ្ឌិត សរ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលបានប្ដេជ្ញា វាស់កាត់ និងកែទម្រង់ យ៉ាងសកម្ម នៅក្នុង ជួរកងកម្លាំង នគរបាលជាតិ រហូតមានការគាំទ្រពី មហាជន ទាំងនៅទីក្រុង ក៏ដូចជា នៅជនបទ មេត្តាចាត់កម្លាំង ដើម្បីធ្វើ ការស៊ើបអង្កេត ទៅលើបុគ្គល កែវ ចាន់ណារិទ្ធ ដែលប្រើតួនាទី ជា សមត្ថកិច្ច ទៅបម្រើផលប្រយោជន៍ ផ្ទាល់ខ្លួនផង ។ ព្រោះបើរំពឹងទៅលើ ចំណាត់ការ អធិការស្រុក និងស្នងការខេត្ត ហាក់ពុំទទួលបាន ប្រសិទ្ធភាពអ្វី នោះឡើយ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8658 La Presse Nationale. All rights reserved. XHTML / CSS Valid.