វត្ត​មាន​ប្លង់​ធ្លាក់​ពីលើ​មេឃ​ធ្វើឲ្យ​ចក្ខុវិស័យ​បង្កើត​បរិយាកាស​បញ្ចប់​វិវាទ​ដីធ្លី​បរាជ័យ​

ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ការចុះបញ្ជី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជា​ប្រពន្ធ័​ក្ដី ធ្វើ​ជា​លក្ខណៈ​ឯកជន​ក្ដី គឺ​មន្ត្រី​ជំនាញ​តម្រូវឲ្យ​រៀបចំឯ​កសារ​ពី​អាជ្ញាធរ​ភូមិ​ឃុំ ដោយ​មាន​ការបញ្ជាក់ ស្នាម​មេដៃ​ពី​ម្ចាស់​ដី​ជាប់​ព្រំ​ថែមទៀត​ផង ។ បន្ទាប់មក​ត្រូវ​យក​ឯកសារ​បិទ​ប្រកាស​ពី​ភូមិបាល​ស្រុក ក្រុង ខណ្ឌ​ទៅ​បិទ​នៅ​ទីតាំង​ដី​និង​សាលាឃុំ សង្កាត់​រយះពេល​15​ថ្ងៃ បើ​គ្មាន​អ្នក​តវ៉ា​ទើប​អាច​បន្ត​និតិ​វិធី​ទៅ​មន្ទីរ​ជំនាញ​ខេត្ត​បាន​ ។ ការអនុវត្តន៍​ធ្វើ​ប្លង់​តាម​បែបផែន​បច្ចេកទេស​បែប​ហ្នឹង គេ​ពុំ​សូវ​ឃើញ​មាន​ករណី​វិវាទ​ដីធ្លី​កើតឡើង​នោះ​ទេ​។

​បច្ចុប្បន្ន គ្រាន់តែ​នៅ​អាណាចក្រ​ខេត្តកណ្ដាល​មួយ កើតមាន​ករណី​វិវាទ​ដីធ្លី​ច្រើនណាស់ ដែល​ផ្ដើម​ចេញពី​ប្លង់​ធ្លាក់​ពី​លើ​មេឃ ។ តួ​យ៉ាង​ករណី​វិវាទ​ដីធ្លី​នៅ​ទួល​ពន់​រៃ​ក្នុងស្រុក​ស្អាង ខេត្ត​កណ្ដាល ត្រូវបាន​ឈ្មោះ វី មេការ​ឧកញ៉ា សំ ប៊​ន ប្រាប់​ពលរដ្ឋ​ដែល​អាស្រ័យ​ផល 30 ទៅ 40 ឆ្នាំ ហើយ​បើ​មិន​ព្រម​លក់​ដី​ឲ្យ ក៏​គេ​យក​ដែរ ។ រហូត​មាន​មន្ត្រី​មន្ទីរ​សូរិយោដី​ឈ្មោះ នី បាន​ប្រាប់ថា ដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាន់​លើ​ប្លង់​ធ្លាក់​ពីលើ​មេឃ​របស់​ឈ្មោះ កុយ វី មេការ​ឧកញ៉ា​សំ ប៊​ន​ហើយ​ទាំង​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផល​ពុំបាន​ដឹង​អ្វី​ទាំ​អស់​។

មិន​ខុស​អ្វី​ពី​ករណី​វិវាទ​ដីធ្លី​នៅ​ភូមិ​ក្រ​បៅ 1 ភូមិ​ក្របៅ​ពីរ ក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្ដាល ដែល​ពលរដ្ឋ​អាស្រ័យ​ផល​រាប់​ឆ្នាំ​មកហើយ ស្រាប់តែ​លេច​ចេញ​ម្ចាស់​ប្លង់​ដែកថែប​ធ្លាក់​ពី​លើ​មេឃ ប្ដឹង​ចោទ​ម្ចាស់​ដី​ដែល​អាស្រ័យ​ផល​រាប់សិប​ឆ្នាំ​មក​ហើយ​ទៅ​វិញ​។

​ក្នុង​ខេត្ត​កណ្ដាល​តែមួយ នៅ​មាន​ករណី​វិវាទ​ដីធ្លី​ច្រើន​ទៀត​ដូចជា​នៅ​ឃុំ​កំពង់ចម្លង​ស្រុក​ខ្សាច់កណ្ដាល​ក៏​ផ្ដើមចេញពី​ប្លង់​ធ្លាក់​ពី​លើ​មេឃដែ ។ ហើយ​ពេលនេះ​ឮ​ថា​អភិបាលស្រុក​បាន​កោះអញ្ជើញ​ប្រ ជា​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ឲ្យទៅ​ដោះស្រាយ​នៅ​សាលាស្រុក​។

​គេហទំព័រ​កាសែត​ជាតិ​ពុំ​មាន​សិទ្ធិ​អំណាច​អ្វី ក្រៅពី​សំណូមពរ​គោរព​ជូន ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបណីយកម្ម និង​សំណង់ ដើម្បី​រួមចំណែក​លើ​ចក្ខុវិស័យ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​ដែល​តម្រូវ​ឲ្យ​រួម​គ្នា បង្កើត​បរិយាកាស​បញ្ចប់​វិវាទ​ដីធ្លី ហើយ​ក៏​ដើម្បី​ធានា​ដល់​សិទ្ធ​កាន់កាប់​ដី​ប្រកបដោយ​និរន្តរភាព មិន​ថា​ប្រទេស​យើង​ប្រែប្រួល​ទៅជា​បែប​ណា​ឡើយ​។

​ជា​កង្វល់​នឹង​សូម​ចូលរួមចំណែក​ដើម្បី​បង្កើត​បរិយាកាស​បញ្ចប់​វិវាទ​ដីធ្លី​បាន គឺមាន​តែ​និរាករណ៍​ប្លង់​ធ្លាក់​ពី​លើ​មេឃ មិន​ទ​ទូល​ស្គាល់​តម្រូវ​ឲ្យ​អនុវត្ត​ធ្វើ​ប្លង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស ដោយ​មាន​ការបិទ​ប្រកាស​នឹង​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ជាតិ​ដោយ​មិន​គួរ​បែងចែក​ឋានះ​បុណ្យស័ក្តិ​មាន​ងារ​ជា​ឧកញ៉ា​អ្វី​ឡើយ​។ ពុំនោះ​ទេ​បើ​នៅ​តែ​ទុក​ឲ្យ​កើត​មាន​ប្លង់​ពួក​អ្នកមាន​លុយ មាន​អំណាច​ចេញ​ប្លង់​ធ្លាក់​ពី​លើ​មេឃ​ដូច​ករណី​នៅ​ស្រុក​ស្អាង នៅ​ក្រុង​អរិយ​ក្សត្រ​និង​ស្រុក​ខ្សាច់កណ្ដាល​នាពេលនេះ ពិតជា​មិន​អាច​បញ្ចប់​វិវាទ​ដីធ្លី​តាម​ការគ្រោងទុក​របស់​ក្រសួង​បាន​ឡើយ ៕

   

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.