ដោយ៖គឹម សុង
បន្ទាយមានជ័យ៖ ក្រោយពីទទួលបាន សេចក្តីរាយការណ៍ ពីសន្តិសុខថា មានករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយ ខុសច្បាប់នូវ សារធាតុញៀន នៅចំណុច មុខអគារមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ចុះទៅដល់ កន្លែងកេីតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ១.ឈ្មោះ ថាណាផន ថងខាំ ហៅ នីវ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិថៃ, ២-ឈ្មោះ សុវ៉ាត់ ណាក់កងឌី ហៅ ប៊យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ, ៣-ឈ្មោះ សេង ភ័ក្រ ហៅ ក្តី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ, ៤-ឈ្មោះ ខៀវ ខាវ ហៅ ប៊ួខាវ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូត វត្ថុតាងរួមមាន គ្រឿងញៀនប្រភេទ ថ្នាំគ្រាប់ រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន០៧ថង់កិប ស្មើនឹង ៧០គ្រាប់ ទម្ងន់ ៨,០៧ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០២គ្រឿង, កាបូបស្ពាយ ចំនួន០១ រួមនឹងវត្ថុតាង មួយចំនួនទៀត ហើយនាំមក មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងដេីម្បីចាត់ការ តាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួនពិតជា បានជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ពិតប្រាកដមែន ។ ដោយផ្អែកលេី ចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋាន កងរាជ អាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនមកកាន់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ តចាត់ការបន្ត តាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជ អាវុធហត្ថខេត្ត ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណី ខាងលើនេះ ក៏ទទួលបាន ការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត និងមានការ សម្របសម្រួល នីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង ការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជ អាវុធហត្ថខេត្ត បញ្ជូនទៅ សាលាដំបូង ខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្ត តាមនីតិវិធី ៕