ដោយ ៖ តាំងឧសារ
ខេត្តរតនគិរី ៖ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៣ វេលា ម៉ោង២និង៣០នាទី កម្លាំងចំរុះ រួមមានជំនាញរដ្ឋបាលព្រៃឈើ កម្លាំងកងរាជអាវុធហត្ថក្រុងបានលុងដឹកនាំដោយ ព្រះរាជអាជ្ញា សាលាដំបូង បានចុះអនុវត្តន៍ដីការឆែកឆេរ ផ្ទះសំណាក់ មួយ កន្លែង ដែលមានយីហោរ វីភី ម្ចាស់ឈ្មោះ ហ៊ុប មានទីតាំងស្ថិត នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលបាន លួចលាក់ស្តុបឈើប្រណិតខុសច្បាប់យ៉ាងច្រើន រួមនឹងគ្រឿង សង្ហារឹម ពាក់កណ្តាលសំរេចជាច្រើនប្រភេទទៀត។
ក្នុងហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើអោយមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋចោមរោមឈរមើល ហេតុការណ៍ បង្ក្រាប ឈើប្រណិត ខុសច្បាប់ដែលត្រូវម្ចាស់ផ្ទះសំណាក់ឈ្មោះហ៊ុប លួចលាក់ស្តុកទុកយ៉ាងច្រើន នៅក្នុងផ្ទះសំណាក់ ។ ហើយករណីបង្ក្រាប ដោយកម្លាំងចម្រុះ មើលឃើញ ហាក់បីដូចជាមានទ្រង់ទ្រាយធំ ប៉ុន្តែអ្វីដែលចម្លែក បែរជាលទ្ធផល ដកហូតយកឈើបាន ២ រ៉ឺមក និងមួយគោយន្តតូចតែប៉ុណ្ណោះ ។ ចំណែកសំភារៈ កែច្នៃ និងគ្រឿងសង្ហារឹមពាក់ កណ្តាល សំរេច ដូចជា សាឡុង ដែលមានតម្លៃក្នុង១ឈុតរាប់ម៉ឺនដុល្លា និងពក់ឈើដែលគេចាត់ទុកថា ឈើកម្រ រាប់រយពាន់ ដើមទើបមានពក់ ១ ដើម ហើយមានតំលៃថ្លៃណាស់ ក៏មិនបានត្រូវសមត្ថកិច្ចធ្វើការដកហូតដែរ គឺដកហូតប្រមូល បានតែឈើខ្លំ និងសន្លឹកឈើតូចៗតែប៉ុណ្ណោះ ។ ភាពមិនប្រក្រតីរឿងដែលធ្វើអោយមជ្ឈដ្ឋានប្រជាពលរដ្ឋបានឈរ មើលហេតុការណ៍បង្ក្រាបនេះ នាំគ្នាហួសចិត្តនិងមានការងឿងឆ្ងល់គ្រប់គ្នា។
គួរបញ្ជាក់ផងដែថា នេះជាករណីទី ៣ ដែលសមត្ថកិច្ចបានអនុវត្តន៍ធ្វើការបង្ក្រាបទីតាំងស្តុបឈើប្រណិតខុសច្បាប់ ចំនួន ៣ ករណីរួចមកហើយ ដែលចាត់ទុកជាទ្រង់ទ្រាយធំៗ ប៉ុន្តែលទ្ធផលតិចតួចហាក់បានបង្កប់នូវអំពើពុករលួយ សំរាប់ ឆ្នាំ ២០១៤ នេះ ៕