ដោយ ៖តាំង ឧសារ
ដោយអនុវត្តបានជាប្រចាំ នូវគោលនយោបាយភូមិ-ឃុំ មាន សុវត្ថិភាពទាំង ៩ ចំណុច ព្រមទាំងមានការ ចង្អុលបង្ហាញ ជាប្រ ចាំពីលោកឧត្តមសេនីយ៍ រ៉ាយ រ៉ៃ ស្នងការខេត្តឱ្យតាមបណ្តា អធិការស្រុកនីមួយៗរឹតបណ្តឹងជាដាច់ខាតពីករណីបងតូច បងធំ ក្មេងទំនើង ចាស់ទំនើង ទើបនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៣ កម្លាំងអធិការនគរបាលស្រុកអូរជុំ ដឹកនាំបញ្ជាដោយ លោក ថាក់ ឡៅ អធិការស្តីទី និងលោកនួន ម៉ុល អធិការរងទទួល ផែន ព្រហ្មទណ្ឌ បានចុះធ្វើការបង្ក្រាបចាស់ទំនើងក្នុងករណី ផឹក ស្រា ភ្នាល់គ្នារួចប្រើអំពើហិង្សា ។
បើតាមការផ្តល់ព័ត៌មានពីលោក ថាក់ ឡៅ អធិការស្តីទី បានឱ្យអ្នកយកព័ត៌មានជាតិ ប្រចាំខេត្ត រតនគីរី បានដឹងថា ក្រោយពីទទួលព័ត៌មាន តាមរយៈក្រុមគ្រួសារជនរងគ្រោះថា ប្តីរបស់គាត់ឈ្មោះ ផុត អឿន ជា ជនជាតិទំពួន អាយុ ៤៤ឆ្នាំ ទីលំនៅភូមិបរញ៉ុត ឃុំសាមគ្គី ស្រុកអូរជុំ ត្រូវបានជនដៃដល់ឈ្មោះ ជិន ចិន ជនជាតិខ្មែរ អាយុ ៥០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ដូចគ្នាបានប្រើកាំបិតផ្គាក់កាប់ទៅ លើជនរងគ្រោះដាច់ម្រាមដៃខាងឆ្វេងចំនួន ៤ កម្លាំងរបស់ អធិការស្រុកអូរជុំ បានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងបានធ្វើការឃាត់ខ្លួនបានជនដៃដល់ឈ្មោះ ជិន ចិន រួម នឹងវត្ថុតាងផងដែរ ។ ក្នុងនោះរួមមាន កាំបិតផ្គាក់ នៅស្នាមជាប់ឈាម ដើម្បីយកមកអធិការធ្វើការសួរនាំនៅចំពោះ មុខសមត្ថកិច្ចជនដៃដល់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ។
ដោយសារតែជនដៃដល់បានបបួលជនរងគ្រោះមកបឺតស្រាពាងនៅផ្ទះរបស់ខ្លួន ហើយបាននាំគ្នានិយាយលេងថា បើ អ្នកណាផឹកហើយឈប់មុន ឬរត់ចោលគ្នា អ្នកនោះនឹងត្រូវកាត់ម្រាមដៃចោល ហើយបានផឹករហូតដល់ម៉ោង ២៣ ៖៣០នាទីយប់ ជនរងគ្រោះបានស្រវឹងហើយបានដេកនៅលើផ្ទះឈប់ផឹក នៅពេលនោះជនដៃដល់បានទាញកាំបិត ផ្គាក់ កាប់ទៅ លើម្រាមដៃខាងឆ្វេងជនរងគ្រោះបណ្តាលឱ្យដាច់អស់ចំនួន ៤ ។
លោកអធិការស្តីទីស្រុកអូរជុំ បានឱ្យដឹងទៀតថា ជនដៃដល់ខាងលើនោះតែងតែបានបង្កបញ្ហាគំរាមកំហែង អួតអាង ពីរឿងកាប់ចាក់ឱ្យតែមានកម្មវិធីក្នុងភូមិផ្សេងៗម្តងៗ ហើយត្រូវបានកម្លាំងអធិការហៅមកធ្វើការអប់រំធ្វើកិច្ចសន្យា ២ ដងរួចមកហើយ ។ ប៉ុន្តែម្តងនេះពាក់ព័ន្ធទៅនឹងបង្ករបួសស្នាម គឺជាទោសព្រហ្មទណ្ឌ ទើបខាងអធិការបានកសាង សំណុំរឿង ដើម្បីបញ្ជូនខ្លួនជនដៃដល់ទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ដើម្បីបញ្ចប់ភាពក្អេងក្អាងរបស់ជន ដៃដល់ ៕