ដោយ ៖ ជាតិ
គោលនយោបាយទីផ្សារសេរី គឺប្រជាពលរដ្ឋមានជម្រើសច្រើន ក្នុងការសម្រេចចិត្តទទួលយកការប្រើប្រាស់សេវាណា មួយដែលមានតម្លៃសមស្រប តាមការប្រកួតប្រជែងរបស់ក្រុមហ៊ុននីមួយៗ ។ ប៉ុន្តែប្រព័ន្ធសេវាទូរស័ព្ទបច្ចុប្បន្ន គឺមាន ក្រុមហ៊ុនច្រើនគួរសម ដែលអាចឱ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តជ្រើសរើសបានស្របតាមគោលនយោបាយទីផ្សារសេរី ដែលបង្ហាញពីលក្ខណៈប្រកួតប្រជែងលើតម្លៃនេះតែម្តង ។
មិនដឹងថា ការកំណត់តម្លៃរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លើតម្លៃហៅចេញរបស់ក្រុមហ៊ុន ទូរស័ព្ទ តើអាចប៉ះពាល់ដល់គោលនយោបាយអនុវត្តទីផ្សារសេរីរបស់រាជរដ្ឋាភិបាលអាណត្តិទី ៥ ឬយ៉ាងណា នោះទេ? ។ ព្រោះបើក្រសួងសម្រេចកំណត់ឱ្យក្រុមហ៊ុនទូរស័ព្ទយកតម្លៃ គឺមានន័យទៅនឹងសេដ្ឋកិច្ចផែនការ ដែល ធ្វើឱ្យបាត់បង់ការ ប្រកួតប្រជែងរួមទាំងជម្រើសរបស់អតិថិជនថែមទៀតផង ។
បន្ទាប់ពីលេចចេញព័តមានថា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញប្រកាសកំណត់ឱ្យក្រុម ហ៊ុន ទូរស័ព្ទកំណត់យកតម្លៃសេវាចល័តរួចមក មានមតិរិះគន់ចេញពីមហាជនលើគ្រប់មជ្ឈដ្ឋានបានសម្តែងនូវការមិនពេញចិត្ត ចំពោះចំណាត់ការ ដែលធ្វើឱ្យបាត់បង់ការប្រកួតប្រជែង ។ គេនៅចាំបានថា ក្នុងអាណត្តិរដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍លោក សូរ ឃុន ក៏ត្រូវបានលោករដ្ឋមន្ត្រីចេញប្រកាសឱ្យក្រុមហ៊ុនកំណត់តម្លៃទាប បំផុត ដែលធ្វើឱ្យមាន ការជំទាស់ពីមហាជនគ្រប់មជ្ឈដ្ឋានរួមទាំងក្រុមហ៊ុនវិនិយោគលើប្រព័ន្ធទូរសព្ទចល័តថែម ទៀត ផង ។
ប្រភពដែលជម្រុញឱ្យមានការកំណត់តម្លៃក្នុងអណត្តិលោករដ្ឋមន្ត្រី សូរ ឃុន ត្រូវបានគេដឹងយ៉ាងច្បាស់ថា គឺមានការទាមទារឱ្យមានការកំណត់របស់ក្រុមហ៊ុនម៉ូប៊ីថែល ដែលមានឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាជាប្រធាន ក្រុមហ៊ុនដ៏ធំមួយនេះ ។
ទោះបីមានការកំណត់តម្លៃក្នុងអាណត្តិលោករដ្ឋមន្ត្រី សូរ ឃុន ក៏ពិតមែន ! ប៉ុន្តែស្ថិតក្នុងស្ថានភាពជាក់ស្តែងក្នុង ការកំណត់តម្លៃគឺពុំមានប្រសិទ្ធភាពអ្វីនោះឡើយ ដោយសារតែក្រុមហ៊ុន ដែលមានអតិថិជនតិចតួចនៅឡើយ ត្រូវ ការជ្រៀតចូល ក្នុងទីផ្សារឱ្យមានលក្ខណៈធំទូលាយ និងទទួលបានអតិថិជនច្រើន ។ ជាក់ស្តែងទោះបីមានការ កំណត់តម្លៃចេញពីថ្នាក់ក្រសួង ក៏ពិតមែន ! ប៉ុន្តែស្ថានភាពផ្សព្វផ្សាយបញ្ចុះតម្លៃ និងហ្វ្រីថែមលុយក្នុងការបញ្ចូល ទឹកប្រាក់នៅតែបន្តកើតមាន ដែលជាកត្តា អាចកត់សម្គាល់បានយ៉ាងច្បាស់ថា សេដ្ឋកិច្ចផែនការមិនអាចមាន ប្រសិទ្ធភាពលើចរន្តទីផ្សារសេរីបាននោះឡើយ លើកលែង តែព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាសផ្លាស់ប្តូរ របប ដឹកនាំពី ប្រជាធិបតេយ្យទៅកុម្មុយនីស្តវិញ ៕