ដោយ ៖ មាស សាមឿន
ប្រជាពលរដ្ឋ ៣១៨ គ្រួសារ ដែលបានមកបោះទីតាំង រស់នៅ បង្កបង្កើនផលនៅភូមិស្នារផ្អែក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ត ព្រះវិហារ តាំងពីឆ្នាំ ២០០៦ រហូតមកដល់ពេលនេះ គឺមាន រយៈពេលជាង ៧ឆ្នាំហើយ ។ ស្រាប់តែនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៣ ក្រុមហ៊ុន អេម៉ីណិន បានបោះបង្គោលរំលោភចូលដី ស្រែចម្ការប្រជាពលរដ្ឋ ដែលត្រូវរងផលប៉ះពាល់រហូតដល់ ទៅ ៣១៨គ្រួសារ នៅភូមិស្នារផ្អែក ។
សារព័ត៌មានជាតិ បានទំនាក់ទំនងទៅកាន់ក្រុមហ៊ុន អេម៉ីណិន ពាក់ព័ន្ធទៅនឹងករណីដែលក្រុមហ៊ុនបោះបង្គោល រំលោភចូលដីប្រជាពលរដ្ឋទាំង ៣១៨គ្រួសារ តែត្រូវតំណាង ក្រុម ហ៊ុនឆ្លើយបំភ្លឺថា វាគ្រាន់តែជាការបោះបង្គោលសាកល្បងប៉ុណ្ណោះ គ្មានការរំលោភយកដីអ្វីនោះទេ ។ ម៉្យាងវិញទៀត បើមានប៉ះពាល់លើដី ប្រជាពលរដ្ឋក្នុងគ្រួសារណាមួយគឺពួកគាត់អាចមកតវ៉ាបានដោយលោកសន្យាថា នឹងប្រគល់ដី នោះឱ្យវិញ ប៉ុន្តែបញ្ហានេះ ក្រុមនិស្សិតកំពុងចុះមកវាស់វែងដីជាលើកទី ៣ ហើយប្រជាពលរដ្ឋអាចកំណត់ក្នុងការ គ្រប់គ្រងដីជាកម្មសិទ្ធិបានតាមរយៈអាជ្ញា ធរភូមិឃុំបាន ។
ទោះបីមានការអះអាងពីក្រុមហ៊ុន អេម៉ីណិន បែបនេះក្តីក៏តំណាងប្រជាពលរដ្ឋនៅតែគ្មានជំនឿចិត្ត ព្រោះការបោះ បង្គោលរបស់ក្រុមហ៊ុន គឺពុំបានធ្វើការសាកសួរពីផលប៉ះពាល់លើដីប្រជាពលរដ្ឋជាមុនឡើយ ។ មានការសង្ស័យថា ក្រុមហ៊ុន អាចមានទំនាក់ទំនងជាមួយអាជ្ញាធរភូមិស្នារផ្អែកតែម្តង ព្រោះករណី បោះបង្គោលរបស់ក្រុមហ៊ុនក៏មានការជំទាស់ពីលោក មេឃុំស្រយ៉ង់ផងដែរ ។ ដោយខ្លាចមានអំពើឃុបឃិតនេះ ហើយទើបប្រជាពលរដ្ឋទាំង៣១៨គ្រួសារ ចាត់តំណាតឱ្យមកប្តឹង ចូលរដ្ឋសភាជាតិ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីសុំអន្តរាគមន៍ឱ្យប្រជាពលរដ្ឋនៅភូមិស្នារផ្អែក ទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ជៀសវាងការរំលោភពីឈ្មួញទុច្ចរិតបង្ករទំនាស់តាមរយៈរំលោភដីធ្លីដែលតែងតែកើតមាននៅទូទាំងប្រទេស ៕