មេការ ទ្រី ភាព នៅ​មណ្ឌល​គីរីប្រើរូបភាព​បំផ្លាញ​ព្រៃឈើ​ល្មើស​ច្បាប់​ ជ្រកក្រោម​សកម្មភាព​ស្រប​ច្បាប់

ដោយ ៖ខ្មែរលើ
លោក គា ដែលចុះពីភ្នំពេញទៅកាន់ខេត្តមណ្ឌលគីរី ដើម្បីឈរ​ឈ្មោះ​ជាតំណាង​ឱ្យ​ក្រុមហ៊ុន ទ្រី ភាព បាននិង​កំពុង ប្រើរូបភាព​​ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​ស្រប​ច្បាប់ផង និងកាប់​បំផ្លាញ​ព្រៃ​ឈើ​ខុ​សច្បាប់ផង ។ ជាក់ស្តែងណាស់ បន្ទាប់ ពីសារព័ត៌មាន “ជាតិ” ​ធ្វើការ​បក​អាក្រាត ពីទំហំ​នៃបទល្មើស​ព្រៃឈើ ដែល​កំពុង​រង​ការកាប់​បំផ្លាញ​ដោយ​មេការ ទ្រី ភាព ឈ្មោះ​លោក គា រួចមក ត្រូវបានមេការកំហូចរូបនេះប្រើប្រាស់ព័ត៌មានឱ្យផ្សព្វ ផ្សាយពីឃ្លាំងស្តុកឈើដែលស្ថិតនៅក្នុង ភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី គឺជាប្រភេទឈើប្រណីត ដែលបានបង់ពន្ធជូនរដ្ឋត្រឹម ត្រូវអស់ ហើយ ក្នុងចេតនាលុបលាងបទល្មើសផ្សេងទៀតដែលលោក គា កំពុងតែប្រើឡាន រ៉េវ រាប់សិបគ្រឿងដឹក ចេញពីស្រុកពេជ្រាដា និងស្រុក​កោះញែក​នាំយកទៅ​លក់នៅ​ប្រទេស​វៀតណាម ។

ភស្តុតាងជាក់ស្តែងប្រភេទរថយន្តរ៉េវ ដែលកំពុងផ្ទុកឈើប្រណីតពេញឡានដឹកចេញពីព្រៃការពារនៅស្រុកពេជ្រាដា និងស្រុកកោះញែក ដែលមានទាំងឡានរ៉េវ ផ្ទុកឈើខ្លះក្រឡាប់នៅតាមផ្លូវជាតិលេខ ៧៦A ចំណុចភ្នំបាយឆៅ គឺជា តឹកតាងបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មុខរបរកាប់បំផ្លាញព្រៃឈើរបស់លោក គា មេការឱ្យក្រុមហ៊ុន ទ្រី ភាព គឺមាន ទាំងមុខរបរ ស្របច្បាប់ និងមុខរបរមិនស្របច្បាប់ ។ ព្រោះមុខរបរស្របច្បាប់ គឺមេការ គា ដឹកឈើប្រណីតចេញពី ឃ្លាំងស្តុបឈើនៅក្នុង ខេត្តតាមឡានប្រភេទយីឌុប ប៉ុន្តែមុខរបរខុសច្បាប់ ដែលកំណត់ទៅលើបទឧក្រិដ្ឋព្រៃឈើ ដែល មេការ គា កំពុងតែអនុវត្ត គឺការប្រើរថយន្តប្រភេទរ៉េវ ដឹកឈើចេញពីព្រៃការពារសំដៅយកទៅលក់ឆ្លងដែនតែម្តង ។

សកម្មភាពប្រជាពលរដ្ឋដែលចូលទៅកាប់ឈើក្នុងព្រៃអភិរក្សនៅឃុំពុតជ្រី និងឃុំក្រងតេះ ក្នុងស្រុកពេជ្រាដា សុទ្ធតែ អះអាងថា គំនរឈើដែលគរទុកនៅតាមផ្ទះពួកគាត់ គឺជាឈើរបស់ក្រុមហ៊ុនទ្រីភាពដែលបញ្ជាទិញដោយមេការឈ្មោះ គា ។ សកម្មភាពបទល្មើសព្រៃឈើខុសច្បាប់ដែលជ្រកក្រោម សកម្មភាពដឹកជញ្ជូនឈើស្របច្បាប់អាចប្រព្រឹត្តទៅបាន គឺមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធបំផុតជាមួយអាជ្ញាធរដែនដីខេត្តរួមទាំងមន្ត្រីជំនាញមេព្រៃថ្នាក់ខេត្តផងដែរ ទើបដំណើរ ការ អនុវត្តន៍កាប់បំផ្លាញព្រៃឈើខុសច្បាប់របស់មេការ គា អាចមានលទ្ធភាពធ្វើសកម្មភាពខុសច្បាប់ បានដោយ រលូនបែបហ្នឹង ។

បើតាមការអះអាងពីមន្ត្រីសមត្ថកិច្ចនៅស្រុកពេជ្រាដាបានឱ្យដឹងថា បើទោះបីជាដឹងថា សកម្មភាពមេការក្រុមហ៊ុន ទ្រី ភាព ឈ្មោះ គា កំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ក៏ពិតមែន ! ប៉ុន្តែសកម្មភាពដែលស្ថិតនៅក្នុងបទ ឧក្រិដ្ឋ បំផ្លាញព្រៃឈើបែបនេះ អាចប្រព្រឹត្តទៅបាន គឺពិតជាមានអ្នកឈរពីក្រោយដែលមានតួនាទីមិនតូចនោះទេ ទើបក្រុម លោកមិនអាចហ៊ានចុះបង្ក្រាបបាន ។ ព្រោះសកម្មភាពល្មើសច្បាប់កាប់បំផ្លាញព្រៃការពារដោយច្បាប់មិន មែនថ្នាក់ អាជ្ញាធរខេត្តលោកមិនដឹងឯណា ដោយសូម្បីតែប្រធានរដ្ឋបាលព្រៃឈើលោក ឆេង គឹមស៊ុន ក៏ទំនងជាបាន ដឹងច្បាស់ថែម ទៀតផង តើស្ថិតក្នុងតួនាទីជាមន្ត្រីកងរាជអាវុធហត្ថស្រុកតូចតាច ចង់បង្ហាញស្ន្មាដៃក្នុងការបង្ក្រាប វា ពិតជាគ្រោះថ្នាក់ខ្លាំង ណាស់សម្រាប់រូបលោក ។ ម៉្យាងវិញទៀត គោលនយោបាយដែលដាក់ចេញដោយប្រមុខរាជ រដ្ឋាភិបាល ក្នុងការរួមចំណែកឱ្យមន្ត្រី និងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ចូលរួមឱ្យបានសកម្មក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើ គឺអាចទប់ស្កាត់បានតែការដឹក ជញ្ជូនឈើជាលក្ខណៈគ្រួសារប៉ុណ្ណោះ ចំពោះអាបទល្មើសខ្នាតធំ ដូចមេការក្រុមហ៊ុនទ្រីភាព ឈ្មោះ គា កំពុងកាប់បំផ្លាញព្រៃ ឈើដូចសព្វថ្ងៃនេះ គឺមានតែរង់ចាំវិធានការពីថ្នាក់នាយក ដ្ឋានរដ្ឋបាលព្រៃឈើ ប៉ុណ្ណោះទើបអាចបញ្ឈប់សកម្មភាពកាប់ បំផ្លាញព្រៃឈើនៅស្រុកពេជ្រាដា និងស្រុកកោះញែក ក្នុងទឹកដីខេត្តមណ្ឌលគីរីឱ្យមានប្រសិទ្ធភាពបាន ៕

 

20131115b 20131115a 20131115d 20131115c

Filed in: ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.