ដោយ ៖ ជាតិ
ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ នៅភូមិ តាពៅ ឃុំកោះចិន ស្រុក ពញាឮ ខេត្តកណ្តាល បានសម្តែងនូវការមិន ពេញចិត្ត ចំពោះ ចំណាត់ការរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ៊ុក រ៉ាប៊ុន ដែលទើបឡើងកាន់អំណាចក្នុងនីតិកាលអាណត្តិទី ៥ ថា បានចេញសេចក្តីសម្រេចបង្កើតគន្លងជំនួស ឱ្យឡូត៍ នេសាទ ដើម្បីលក់ ។
ហេតុការណ៍នេះបានកើតឡើងនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានសម្រេចបង្កើតជាគន្លង លេខ ១៣C លក់ឱ្យឈ្មួញក្នុងតម្លៃរាប់ម៉ឺនដុល្លារ ។
ចំណែកនៅឃុំកោះចិនវិញ ត្រូវបានក្រសួងកសិកម្មសម្រេចបង្កើតគន្លងនៅតាមដងទន្លេសាបលេខ ១៥G ហើយបច្ចុប្បន្នត្រូវបានគេអះអាងថា មានជំទាវម្នាក់ជាអ្នករត់ការលក់ឱ្យឈ្មួញកាន់កាប់ផ្តាច់មុខ ។ មិនដឹងថា ចំណាត់ការរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មសម្រេចបង្កើតគន្លងលក់យកលុយច្រកហោប៉ៅបែបហ្នឹង គឺពិតជាបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់គោលនយោបាយអនុគ្រោះរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានប្រកាសលុបឡូត៍នេសាទទូទាំងប្រទេសដែរឬអត់ !? ។
មានការងឿងឆ្ងល់ថា ការបង្កើតគន្លងដាក់លក់នៅតាមដងទន្លេសាបដែលសម្រេចដោយក្រសួងកសិកម្ម ដើម្បីលក់ គឺជាចេតនាមួយដែលបង្ហាញពីការជំទាស់ទៅនឹងសេចក្តីប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល ដែលសម្រេច ឱ្យលុបឡូត៍នេសាទនៅទូទាំងប្រទេសឬយ៉ាងណានោះទេ ។ ព្រោះបច្ចុប្បន្ននេះ គេសង្កេតឃើញឈ្មួញកំពុងរត់ការ តាមរយៈនៃការអះអាងរបស់ជំទាវម្នាក់ថា នឹងអាចទិញយកគន្លងលេខ ១៥G នៅតាមទន្លេសាប ដើម្បីគ្រប់គ្រងនេសាទផ្តាច់មុខ ។
ដោយមើលឃើញពីគំរូបង្កើតគន្លងលេខ ១៣C នៅឃុំកំពង់លួង បានលក់ឱ្យឈ្មួញផ្តាច់មុខទៅហើយនោះ ប្រជាពលរដ្ឋនៅឃុំកោះចិនសំណូមពរយ៉ាងទទូចដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាបញ្ឈប់ការសម្រេចលក់គន្លង លេខ ១៥G ដែលមេឈ្មួញអះអាងថា នឹងទទួលបានសិទ្ធិកាន់កាប់ក្នុងរយៈពេលមួយខែខាងមុខ ។ ព្រោះប្រជាពល រដ្ឋនៅឃុំកោះចិន សុទ្ធសឹងជាប្រជានេសាទ ហើយការសម្រេចបង្កើតគន្លងជំនួសឱ្យឡូត៍ គឺវាបានធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរដល់គោលនយោបាយអនុគ្រោះរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី ៥ ដែលបានសម្រេចធ្វើការកែទម្រង់ស៊ី ជម្រៅទៅលើសកម្មភាពមន្ត្រីក្រោមឱវាទ ដែលតែងតែប្រើអំណាចបំពានច្បាប់ ដូចករណីបង្កើតគន្លងនៅតាមដង ទន្លេសាបលក់ជាភស្តុតាងស្រាប់ ៕