ដោយ ៖ ជាតិ
ក្រោមអំណាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធាននាយក ដ្ឋាន និងរដ្ឋាកររបស់លោក ប៉ែន ស៊ីម៉ន អំពើពុក រលួយ ក្នុង ស្ថាប័នគយ បានរីករាលដាល រហូតមានការចោទប្រកាន់ ពីអង្គ ការឃ្លាំមើលអន្តរជាតិថា កម្ពុជា បាត់បង់ពន្ធចំណូលប្រមាណ ៥០០លានដុល្លារ ក្នុងមួយឆ្នាំ ។
ដោយមើលឃើញពីទំហំនៃការបាត់បង់ថវិកាជាតិ តាមរយៈអំពើ ពុករលួយចេញពីមន្ត្រីគយរាជរដ្ឋាភិបាលអាណត្តិទី ៥ បាន សម្រេច ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្រេចដាក់ឱសានវាទ រយៈ ពេល ២ខែ ស្មើ ៦០ថ្ងៃ ដើម្បីដាក់កំហិតឱ្យស្ថាប័នគយធ្វើការកែទម្រង់ ។
ប្រភពព័ត៌មានចុងក្រោយបានឱ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិទី ៥ ទំនងជាមិនអាចសម្រួចឈើពុកនៅក្នុង ស្ថាប័នគយ បានក្រៅពីផ្លាស់ប្តូរតួនាទីប្រធានគយជំនួសឱ្យការកែទម្រង់បាននោះឡើយ ។
ក្រុមអ្នកវិភាគសេដ្ឋកិច្ច បានដាក់ការព្រួយបារម្ភថា បើរាជរដ្ឋាភិបាលគ្រាន់តែដកហូតតួនាទីលោក ប៉ែ ស៊ីម៉ន ទៅប្រគល់ ឱ្យអ្នកផ្សេងឡើង មកជំនួស គឺវាមិនគ្រប់គ្រាន់នោះទេ ព្រោះប្រសិទ្ធភាពលើការកែទម្រង់ គឺវាតម្រូវឱ្យមានប្រព័ន្ធគ្រប់ គ្រង ត្រួតពិនិត្យប្រាក់ពន្ធនៅគ្រប់ច្រកនាំចេញ និងនាំចូលដើម្បីធានាបានថា ទំនិញគេចពន្ធគ្រប់ប្រភេទពិតជាមិនអាច ចរាចរណ៍នាំចូលដោយសេរីបានទៀតឡើយ ។
ជាបទពិសោធន៍សម្រាប់ការគ្រប់គ្រងស្ថាប័នគយ និងរដ្ឋាករក្រោមអំណាចលោក ប៉ែន ស៊ីម៉ន បច្ចុប្បន្នគេឮតែឈ្មោះ ប៉ែន សំអាត ល្បីខាងដើររុកគួនខ្លាំងជាងប្រធានគយទៅទៀត ដោយអំណាចគ្រួសារនិយម បែបហ្នឹងក៏ត្រូវបានលោក នាយក រដ្ឋមន្ត្រីប្រកាសអាសន្ននៅចំពោះមុខមន្ត្រីគ្រាក់ៗរួចស្រេចទៅហើយ ។
សង្ឃឹមថា បើមានការផ្លាស់ប្តូរមេគយក្នុងរយៈពេលដ៏ខ្លីនេះពិតប្រាកដមែន ! គួរមានវិធានការទប់ស្កាត់ អំពើពុករលួយ ចេញ ពីមន្ត្រីគយឱ្យបានគ្រប់ជ្រុងជ្រោយផងទើបអាចកាត់បន្ថយអំពើពុករលួយនៅក្នុងស្ថាប័នគយបាន ។ ម៉្យាងវិញ ទៀត អង្គភាពប្រឆាំងអំពើពុករលួយ គឺជាសេនាធិការបំរើឱ្យផែនការទប់ស្កាត់អំពើពុករលួយក្នុងជួរ រដ្ឋាភិបាលប្រកប ដោយប្រសិទ្ធភាព នៅខ្វះតែលទ្ធភាពសម្រាប់ផ្តល់ឱ្យអង្គភាពប្រឆាំងអំពើពុករលួយតែប៉ុណ្ណោះ ទើបស្ថានភាពពុក រលួយ នៅតែបន្តរីករាលដាលគ្រប់ស្ថាប័នរដ្ឋ ពិសេសគឺស្ថាប័នគយ និងរដ្ឋាករក្រោមអំណាចលោក ប៉ែន ស៊ីម៉ន នេះតែ ម្តង ៕