ដោយ ៖ ជាតិ
កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណ ០៧ព្រឹក នៅភូមិក្រពើហារ សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ហេតុ ការណ៍ ផ្តើមចេញពីសម្លេងទ្រហ៊ោយំយ៉ាងខ្លាំង ចេញពីផ្ទះល្វែង មួយដែលស្ថិតនៅ មាត់ច្រកផ្លូវចូល ទៅភូមិកំពង់សំណាញ់ ក្បែរ នឹងរបង កងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើឱ្យភ្ញាក់ផ្អើល អស់គ្រួសារ ដែលនៅពី ក្រោយផ្ទះល្វែងនោះ ប្រមាណជិតម្ភៃ ។
ក្រោយពីការផ្អើលមើលសម្លេងដែលស្រែកលោក សារុំ បានដើរ ចូលជិតរបងផ្ទះដែលឮសម្លេងស្រែកហើយ ស្រែកសួរថា តើ ស្រែកយំរឿងអ្វី ? មិនឮសម្លេងឆ្លើយតប ខណៈកូនស្រីរបស់លោក សារុំ បានស្រែកសួរបន្តទៀត តែនៅមិនឮ សម្លេងឆ្លើយដដែល ។ ដោយមានការសង្ស័យទើបលោក សារុំ ដើរទៅមើលរបងខាងមុខផ្ទះដែលឮ សម្លេងស្រែក នោះ ឃើញចាក់សោររបងពីខាងក្រៅ ក៏សម្រេចចិត្តទូរស័ព្ទផ្តល់ព័ត៌មានជូនលោកមេភូមិតែម្តង ។
ហេតុការណ៍ដែលលោក សារុំ ផ្តល់ព័ត៌មានជូនលោកមេភូមិនេះ មកពីគាត់យល់ថា រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការ សុវត្ថិភាពភូមិ-ឃុំ បានដាក់ទាំងលេខទូរស័ព្ទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យប្រជាពលរដ្ឋសម្រាប់មាន ហេតុការណ៍អ្វីដែលសង្ស័យត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ ។ ព្រោះកន្លងមកផ្ទះល្វែងនេះ ត្រូវក្រុមអ្នករត់ម៉ូតូ នៅពីមុខផ្ទះនោះ ឃើញមានក្រុមស្ទាវប្រុសយកក្រុមស្ទាវស្រីចូលទៅក្នុងផ្ទះនេះ លុះព្រឹកឡើងក្រុមស្ទាវប្រុស ចេញបាត់ចាក់សោរ បង្ខាំងក្រុមស្ទាវស្រីទុកនៅក្នុងផ្ទះនេះ ឱ្យនៅអត់បាយក្រហាយទឹក រហូតចេញមកឱ្យលុយ អ្នករត់ម៉ូតូឌុបពីខាងក្នុងរបងឱ្យជួយទិញបាយ និងទឹកឱ្យហូបទៀតផង រីឯថ្ងៃខ្លះអ្នកម៉ូតូឌុបបានឃើញក្មេងស្រីគប់ ស្បែកជើងមកក្រៅរបងហើយឡើងផ្លោះតាមរបងចេញមកក្រៅ ។
ព័ត៌មានទាំងនេះហើយ នៅពេលលោក សារុំ ឮសម្លេងស្រីស្រែកទ្រហ៊ោយំយ៉ាងខ្លាំងនោះ ទើបសង្ស័យក្រែងមាន ស្ត្រីត្រូវបានគេយកមកបង្ខាំង ឬធ្វើទារុណកម្ម ទើបគាត់ផ្តល់ព័ត៌មានជូនលោកមេភូមិដើម្បី មកជួយធ្វើអន្តរាគមន៍ ព្រោះលោក សារុំ ពុំដែលបានស្គាល់មុខម្ចាស់ផ្ទះពិតប្រាកដទេ សូម្បីតែលោកមេភូមិក៏គាត់មានប្រសាសន៍ថា ក្នុង នាមគាត់ជាមេភូមិ ក៏មិនដែលស្គាល់ម្ចាស់ផ្ទះពិតប្រាកដដែរ ។
លុះដល់ថ្ងៃទី ០៥ ខែវិច្ឆិកា មានដីកាកោះហៅលោក សារុំ និងប្រពន្ធឱ្យចូលខ្លួនទៅអធិការដ្ឋានក្រុងតាខ្មៅ ថ្ងៃទី ០៦ ខែវិច្ឆិកា ដើម្បីសាកសួរជុំវិញពាក្យបណ្តឹងរបស់ឈ្មោះ អ៊ឹង ចាំង ភេទប្រុស អាយុ ៣៧ឆ្នាំ ដោយអះអាង ថា ខ្លួន ជាម្ចាស់ផ្ទះចោទពីបទបរិហាកេរ្តិ៍ និងមួលបង្កាច់កេរ្តិ៍ទៅវិញ ។
តើលោក អ៊ឹង ចាំង រូបនេះមានបានយល់ពីសិទ្ធិសេរីភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែរឬទេ ? បើគ្រាន់ តែផ្តល់ព័ត៌មានជូនអាជ្ញាធរដែនដីនៅពេលដែលមានការមន្ទិលសង្ស័យដូចហេតុការណ៍ខាងលើនេះ តើត្រូវទទួល កំហុសពីបទបរិហាកេរ្តិ៍ និងមួលបង្កាច់កេរ្តិ៍ដែរឬអត់? ។
មនុស្សដែលបានឮសម្លេងស្រែកទ្រហ៊ោយំនេះ ជិតម្ភៃនាក់ដែលខ្ញុំបានឆ្លើយប្រាប់សមត្ថកិច្ចហេតុអ្វីបានជា នគរ បាលកោះហៅតែលោក សារុំ មកបំភ្លឺហើយនៅពេលលោក សារុំ មកបំភ្លឺហើយ បែរជាកោះហៅប្រពន្ធលោក សារុំ មកកាន់អធិការដ្ឋាននគរបាលទៀតមនុស្សជិតម្ភៃនាក់ គេរងចាំឆ្លើយបំភ្លឺហេតុការណ៍នេះយ៉ាងម៉េចប៉ូលិសមិន កោះ ហៅផង ។
ក្នុងការឆ្លើយបំភ្លឺរបស់លោក សារុំ ទៀតសោត មន្ត្រីនគរបាលយុត្តិធម៌ក្រុងតាខ្មៅឈ្មោះ ហ៊ន ធី បានជម្រាបជូន តើត្រូវឆ្លើយនឹងហាក់បីដូចជា ដាក់បទបញ្ជាឱ្យឆ្លើយតាមតែគំនិតខ្លួន ចម្លើយខ្លះលោក សារុំ មិនទាន់ ទាំងឆ្លើយផង មន្ត្រីប៉ូលិសរូបនេះបានសរសេរទុកជាមុនស្រេច (Sic) ។ បើគ្រាន់តែរាយការណ៍ជូនអាជ្ញាធរដែនដី មានកំហុសដែរ តើរាជរដ្ឋាភិបាលចាំបាច់បង្កើតគណៈកម្មាធិការភូមិ-ឃុំមានសុវត្ថិភាពអ្វីធ្វើ ? ។ ម៉្យាងវិញទៀត ក្នុងនាមសមត្ថកិច្ច ក្រុងតាខ្មៅ គួរតែបានយល់ដឹងពីកិច្ចសហការរបស់ប្រជាពលរដ្ឋ ក្នុងការរូមចំណែកការពារសុវត្ថិភាពភូមិ ឃុំតាម គោល នយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលសម្រេចដោយក្រសួងមហាផ្ទៃ ។ ប៉ុន្តែបើចាត់ទុកការរាយការណ៍ ពីហេតុការ ដែលបានកើតឡើងទៅកំណត់លើបទចោទប្រកាន់ លើបទបរិហាកេរ្តិ៍ទៅហើយនោះ តើសក្តិសមជា សមត្ថកិច្ចដែលការពារសន៉្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឬទេ …! ៕