ថ្នាក់​ដឹកនាំ​ល្អ​មិនគួរ​ស្ដាប់​របាយការណ៍​មន្ត្រី​យក​មក​វិនិច្ឆ័យ​នោះទេ​

ករណី​ប្រជាពលរដ្ឋ​25​គ្រួសារ​ដែល​មាន​ដី​អាស្រ័យ​ផល​និង​សង់​លំនៅដ្ឋាន​នៅ​ភូមិ​កំពង់​ពោធិ៍​ត្បូង ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល​ដែល​បាន​និង​កំពុង​រង​ការ​គំរាម​ពី​ក្រុម​ឈ្មួញ​ទិញ​ដី​បើ​មិន​លក់​ក្នុង​តម្លៃ​ដែល​ពួកគេ​បាន​កំណត់​ក៏​គេ​យកដែ​។ បើ​ពិនិត្យ​ជាក់ស្ដែង​លើ​សកម្មភាព​ក្រុម​ឈ្មួញ​ទិញ​ដី​ហាក់​មាន​ការគាំទ្រ​ពី​មន្ត្រី​ភូមិបាល​ស្រុក​ស្អាង​ជា​ខ្នងបង្អែក​ទើប​ពលរដ្ឋ​8​គ្រួសារ​ប្ដឹង​សុំ​អន្តរាគមន៍​ទៅ​ឯក ឧត្ដម​អភិបាលខេត្ត​កណ្ដាល​និង​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ដាក់​កម្មវត្ថុ​ស្នើ​សុំ​ការអនុញ្ញាត​ឲ្យទទួល​បាន​សិទ្ធិ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​។

​ពាក្យបណ្ដឹង​ចូល​មក​សាលាខេត្ត​កណ្ដាល ហាក់បីដូចជា​មាន​ការ​ជំទាស់​ពី​មន្ត្រី​សាលាខេត្ត​លើ​ករណី​លោក នឿន ស៊ីណា​ជា​មន្ត្រីរដ្ឋបាល​សាលាខេត្ត​បាន​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​8​គ្រួសារ​ធ្វើ​ការត្រៀមខ្លួន​មក​ចូលរួម​ប្រជុំ​ដោះស្រាយ​តាម​ពាក្យបណ្ដឹង​ស្នើសុំ​ចុះបញ្ជី​ដីធ្លី​ដែល​ធ្លាប់​អាស្រ័យ​ផល​ជាង​40​ឆ្នាំ​មកហើយ ដោយ​គ្រួសារ​ខ្លះ​បាន​លក់​បន្ត​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ ភូមិ ឃុំ​ថែមទៀត​ផង​។​ផ្ទុយទៅវិញ​ការជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ខ្លួន​ចូល​ប្រជុំ​នៅ​សាលាខេត្ត​ត្រូវបាន​លប់ចោល ដោយ​នាយក​រដ្ឋបាល​សាលាខេត្ត​ចេញ​លិខិតអញ្ជើញ​តែ​មន្ត្រី​4​រូបឲ្យ​មក​ប្រជុំដោះ​ស្រាយក្រោម​អធិប​តីភាព​ឯកឧត្ដម​ហាក់ សុខ​មករា​អភិបាលរង​ខេត្ត​ទៅវិញ​។

​តាម​ការអះអាង​តាម​ទូរស័ព្ទ​ពី​លោក​នឿន ស៊ីណា​មន្ត្រីរដ្ឋបាល​សាលាខេត្ត​បាន​បញ្ជាក់ថា​ក្រុមការងារ​ចូលរួម​ប្រជុំ​បាន​ធ្វើ​របាយ​ការជូន​ឯកឧត្ដម​អភិបាល​នៃ​គណ​អភិបាលខេត្ត​ដើម្បី​សុំ​ការសម្រេច​ព្រោះ​ជា​ដី​អាង​របស់​រដ្ឋ​។

​មានការ​ចោទសួរ​ថា​_​ទី​1÷​បើ​ជា​ដី​អាងទឹក​របស់​រដ្ឋ​មែន​ហេតុអ្វី​ក៏​អាជ្ញាធរ​ស្រុក​ឬ​ខេត្ត​មិន​បាន​ចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​ទៅឲ្យ​អាជ្ញាធរ ភូមិ ឃុំ​បាន​ដឹង​ពី​ទំហំ​ដី​អាង​និង​បោះបង្គោល​ព្រំ​ឲ្យ​ពលរដ្ឋ​និង​អាជ្ញាធរ​បាន​ដឹង​។​ទី​2÷​បើ​ជា​ដី​អាង​រដ្ឋ​មែន​ហេតុអ្វី​ក៏​ក្រុម​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា​អាច​ទិញ​ពី​ប្រជាពលរដ្ឋ​បាន​ដោយ​មាន​ឯកភាព​ពី​អាជ្ញាធរ​ភូមិ ឃុំ​និង​ភូមិបាល​ស្រុក​ជួយ​រត់ការ​ចេញ​ប្លង់រឹង​ថែមទៀត​ផង​។

​ផ្អែក​តាម​ប្រសាសន៍​ឯកឧត្ដម សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ចូល​រួមចំណែក​ដល់​ថ្នាក់ដឹកនាំ​គ្រប់​រូប​មេត្តា​ជ្រាប​ថា​÷​សូមមេត្តា​កុំ​ជឿ​លើ​មន្ត្រី​ដែល​មក​ប្រាប់​_​មក​ខ្សឹប​និង​របាយការណ៍​របស់​មន្ត្រី គួរ​ជួប​គួរ​ទៅឲ្យ​ឃើញនឹងភ្នែក​ទើប​អាច​ក្លាយខ្លួន​ជា​អ្នកដឹកនាំ​ល្អ​បាន​។​ព្រោះ​ពួក​អ្នក​ខ្សឹប អ្នក​ប្រាប់​និង​អ្នក​ធ្វើ​របាយការណ៍​គឺ​ពួកគាត់​មាន​ជំនាញ​ណាស់​។

​ជាក់ស្ដែង​ករណី​ប្រជាពលរដ្ឋ​8​គ្រួសារ​ប្ដឹង​សុំ​អន្តរាគមន៍​ពី​ឯកឧត្ដម​អភិបាល​នៃ​គណ​អភិបាលខេត្ត​កណ្ដាល​ដាក់​កម្មវត្ថុ​ស្នើ​សុំ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធហើយ​បែជា​មានម​ន្ត្រី​ក្នុង​ខេត្ត​ធ្វើការ​ជំទាស់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រជុំ ដោយ​គ្រាន់តែ​ប្រជុំ​មន្ត្រី​5​រូប​ក្នុង​ចេតនា​ធ្វើ​របាយការណ៍​ជំនួស​ជូន​ថ្នាក់ដឹកនាំ​ខេត្ត​ឲ្យធ្វើ​ការសម្រេច​តើ​វា​យុត្តិធម៌​ទេ​សម្រាប់​ពលរដ្ឋ​8​គ្រួសារ​ដែល​ដាក់​ពាក្យ​ប្ដឹង​ហើយ​ពុំ​បាន​ចូលរួម​បកស្រាយ​ទៅវិញ​។​ព្រោះ​របាយការណ៍​មិន​ខុស​អ្វី​ពី​អ្នក​ផ្សាយពាណិជ្ជកម្ម​នោះទេ ដូចជា​ជញ្ជីង​បើ​គេ​ដាក់​ដុំ​មាស​ទៅលើ​ថាស​ថ្លឹង​តែ​ម្ខាង​គឺ​វា​ផ្អៀង​ទៅ​ម្ខាង​ហើយ​។ សម​ដូច​ប្រសាសន៍​ប្រកបដោយ​បទពិសោធន៍​ជ្រាលជ្រៅ​របស់​ឯកឧត្ដម សុខ ទូច​ដែល​បាន​ធ្វើការ​អះអាង​យ៉ាង​ច្បាស់ៗ​ថា​(​ក្នុង​តួនាទី​ជា​ថ្នាក់ដឹកនាំ​មិន​គួរ​ស្ដាប់​របាយកាណ៍​មន្ត្រី​ដោយ​ពុំ​បាន​ជួប​ភាគី​អ្នកប្ដឹង​ឬ​ទៅពិនិត្យ​ឲ្យឃើញ​ដោយផ្ទាល់​ទើប​អាច​ធ្វើការស​ន្ម​ត់​បាន​ត្រឹមត្រូវ​)​ព្រោះ​លក្ខណះសម្បត្តិ​មន្ត្រី​ខ្សឹប មន្ត្រី​ធ្វើ​របាយការណ៍​បើ​ប្រសិនជា​ពួកគាត់​បាន​ទទួល​ផល​ប្រយោជន៍​ពី​ភាគី​ខាង​ណា ហើយ​របាយការណ៍​ក៏​វា​បញ្ជាក់​ពី​អត្ថន័យ​ផ្អៀង​ទៅខាង​ហ្នុង​ដែ ដែល​តម្រូវឲ្យ​ថ្នាក់ដឹកនាំ​មាន​កាស្វែងយល់​ឲ្យបាន​ច្បាស់​បំផុត​ទើប​សុខ​សន្តិភាព​អាច​ឲ្យ​រាស្ត្រ​មានការ​ត្រេកអរ​និង​គាំទ្រ​ថ្នាក់​ដឹកនាំ​ជា​រៀងរហូត​។​

 

 

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.