ដោយ ៖ ជាតិ
ពាក្យថាទម្លាប់ វាបានកប់ជ្រៅនៅក្នុងផ្នត់គំនិតអ្នកនយោបាយ ខ្មែរ ទោះបីថា សង្គមខ្មែរបានឯកភាព ជ្រើសរើសយកការដឹកនាំ ក្នុងក្របខណ្ឌប្រជាធិបតេយ្យ សេរី ពហុបក្ស អស់រយៈកាល ២០ឆ្នាំមកហើយក្តី ក៏ប្រទេសមួយនេះហាក់ពុំបានបញ្ចប់ជម្លោះ ដណ្តើមអំណាចគ្នា ក្រោយការបោះឆ្នោតរួចបាននៅឡើយទេ ។ អ្នកនយោបាយ ដែលមិនអាចបញ្ចប់ជម្លោះបាន គឺផ្តើមចេញពី មូលដ្ឋាន សម្របសម្រួលរវាងអ្នកចាញ់ និងអ្នកឈ្នះ គិតចាប់ តាំងពីមានការបោះឆ្នោត នៅឆ្នាំ ១៩៩៣ មកម៉្លេះ ដោយការ សម្រប សម្រួលគ្នា ដើម្បីបន្តការកាន់អំណាច ពីមួយអាណត្តិ ទៅមួយអាណត្តិត្រូវបានក្រុមអ្នកវិភាគទាំងក្រុមបណ្ឌិតនិងអង្គការ រួមទាំងអ្នកនយោបាយកំណត់ជាទម្លាប់ថាជាស្មារតី សម្បទាន ដើម្បីឈានទៅ បន្តដឹកនាំសង្គមខ្មែរ ឱ្យមានស្ថេរភាពនយោបាយ និងធានាដល់ការទទួលស្គាល់ពី អន្តរជាតិ ។
ពិតណាស់ថា វិវាទនយោបាយនៅស្រុកខ្មែ ក្រោយការបោះឆ្នោតរួច បានបន្តចាក់ឬស ឱ្យក្លាយជាទម្លាប់ពីមួយអាណត្តិ ទៅមួយអាណត្តិ ប្រៀបបាននឹងរបេងសង្គមមួយ ដែលពិបាកក្នុងការរកថ្នាំព្យាបាល ។ មិនអាចព្យាបាលបានមិនមែន មានន័យថា អ្នកនយោបាយខ្មែរអស់លទ្ធភាពក្នុងការស្វែងរកថ្នាំព្យាបាលនោះឡើយ ព្រោះរោគសញ្ញា ពិតដែលអាច បញ្ចប់នូវរបេងសង្គមនេះបាន គឺត្រូវមានការផ្លាស់ប្តូរថ្នាំព្យាបាលដែលតម្រូវឱ្យបក្សនយោបាយឈ្នះឆ្នោត មិនត្រូវពឹង ផ្អែក តែទៅលើស្មារតី សម្បទានឱ្យគ្នា ដើម្បីបន្តការកាន់អំណាចតទៅទៀតនោះ ឡើយ ។
ផ្អែកតាមបទពិសោធន៍នៃការចាប់ផ្តើមឱ្យមានការបោះឆ្នោតតាំងពីឆ្នាំ ១៩៩៣ មក ក្រោមការគ្រប់គ្រងដោយអ៊ុនតាក់ គួរណាស់កម្ពុជាត្រូវបានបញ្ចប់ទាំងស្រុងក្នុងការបន្ត ជម្លោះដណ្តើមអំណាចក្រោយការបោះឆ្នោតរួច ។ ប៉ុន្តែផ្អែកតាម ការសម្របសម្រួលដែលកំណត់ទៅតាមគន្លងនៃពាក្យសម្បទានបានក្លាយជាមរតកបន្តជម្លោះក្រោយការបោះឆ្នោត អស់ រយៈកាល ៥ អាណត្តិមក ហើយ ។ ព្រោះគន្លឹះនៃបញ្ហា ដែលក្រុមអ្នកវិភាគឬអ្នកនយោ បាយនូវតែបន្ត ការយល់ ឃើញ ទៅលើពាក្យសម្បទានរបស់ អ្នកនយោបាយមកធ្វើជាគំរូនៃ ការដោះស្រាយនេះហើយទើប កម្ពុជានូវតែទទួល រងភាពមិន ចុះសម្រុងគ្នាក្រោយការបោះ ឆ្នោតរួចបង្កឱ្យទម្លាប់មួយនេះ ចេះតែបន្តកើតមានរហូតដល់ ឆ្នាំ២០១៣ នេះ ។
មិនថាក្រុមអ្នកនយោបាយ ពីរបក្សដែលកំពុងដណ្តើមគ្នា ដេកកណ្តាលប៉ុណ្ណោះទេ សូម្បី ក្រុមបណ្ឌិត និងអង្គការក៏ ហាក់ បានជម្រុញឱ្យកម្ពុជា ស្ថិតនៅ ជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទៅហើយ ពុំអាចស្វែងរកការបញ្ចប់ ជម្លោះបានក្រោមរូបភាពនយោបាយសម្បទានបានឡើយ ។ ទោះបីថា ការវិភាគរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ, លោកបណ្ឌិត កែម ឡី, លោកបណ្ឌិត សុខ ទូច ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគ ថ្នាក់ទាបនិងថ្នាក់កណ្តាល សម្តែងនូវការ ពេញចិត្តក៏ពិតមែន ! ប៉ុន្តែបើផ្អែកលើពាក្យសម្បទានដែលក្រុមបណ្ឌិតតែងតែទទូចឱ្យអ្នកនយោបាយត្រូវតែមានដើម្បី បញ្ចប់ជម្លោះគឺ អាចបញ្ចប់ជម្លោះបានតែក្នុង អាណត្តិទី ៥ នេះតែប៉ុណ្ណោះ ព្រោះវាពុំមែនជាច្រកដែលអ្នកនយោបាយ ខ្មែរ ត្រូវស្វែងរកការដោះស្រាយដើម្បីបញ្ចប់ជម្លោះក្នុងអាណត្តិក្រោយៗទៀតបាន នោះឡើយ ។
បទពិសោធន៍ក្នុងយន្តការបញ្ចប់ជម្លោះតាមរយៈនៃការ បោះឆ្នោត គឺពិតជានៅមិន ឆ្ងាយរហូតឱ្យកម្ពុជាមើលមិនឃើញ នោះឡើយ ប្រសិនបើក្រុមអ្នកវិភាគ ក៏ដូចជាក្រុមអ្នកនយោបាយផ្តោតទៅលើយន្ត ការប្រទេសជិតខាង ដែលមាន ស្រាប់ ដូចការបោះឆ្នោតនៅថៃជានិមិត្តរូប ដែលបង្ហាញឱ្យឃើញ ពីភាពបញ្ចប់ជម្លោះក្រោយ ការបោះឆ្នោតបាន បើ ទោះបីបក្សកាន់អំណាចនៅថៃ កើតមានកុលយុគ្គនយោបាយ ជាមួយបក្សប្រឆាំង ដែលមានទំហំធំជាងនៅកម្ពុជាថែម ទៀតផង ព្រោះថា ចាប់តាំងពីលោក ថាក់ស៊ីន ឡើងជានាយករដ្ឋមន្ត្រី រហូតបន្តប្តូរអ្នកកាន់អំណាច ដល់ទៅ ០៤ នាក់ ហើយក្រុម លោក អាប់ ភីស៊ីត មិនដែលចេញមុខចាប់ដៃជាមួយក្រុម លោក ថាក់ស៊ីន ដូចកម្ពុជាដែលគេសង្កេតឃើញ មេបក្សប្រឆាំង បានជួបចាប់ដៃគ្នាជាមួយ លោក ហ៊ុន សែន បក្សកាន់ អំណាចជាច្រើនលើកនោះទេ ។
រហូតមកដល់ដំណាក់កាល ចុងក្រោយនេះទៅហើយទាំង ក្រុមអ្នកវិភាគរួមទាំងអ្នកនយោបាយមិនគួរលើកយក មរតក នៃការធ្វើសម្បទាននៅក្នុងជំនួបចរចារវាងបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា មកធ្វើជាមូលដ្ឋានឱ្យគ្រាន់តែ មានការត្រូវរ៉ូវគ្នាដែលគ្រោង នឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ ឡើយ ។ ព្រោះការបញ្ចប់ ជម្លោះដើម្បីបន្តជម្លោះនៅ អាណត្តិក្រោយទៀត គឺពិតជា បានបន្តឱ្យកម្ពុជា ពិសេសគឺ ប្រជាពលរដ្ឋនៅតែមិនអាច ក្លាយជាម្ចាស់អំណាចក្នុងសង្គម ប្រជាធិបតេយ្យពិតប្រាកដបាន ឡើយ ៕