អ្នកស្រី ចាន់ ធឿន ប្តឹងលោក សាន់ សាលីន ប្រធាន ក្រុមហ៊ុន​នាំពលករ​ទៅ​ម៉ាឡេស៊ី MLC ពីបទឆបោក

អ្នកស្រី ចាន់ ធឿន ប្តឹងលោក សាន់ សាលីន ប្រធាន ក្រុមហ៊ុន​នាំពលករ​ទៅ​ម៉ាឡេស៊ី MLC ពីបទឆបោក

ដោយ ៖ ជាតិ
អ្នកស្រី ចាន់ ធឿន អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកំពង់  រាំង ឃុំសេដា ស្រុកតំបែរ ខេត្តកំពង់ចាម ដែលបានធ្វើ  ចំណាកស្រុក តាមក្រុមហ៊ុន MLC ដែលមានលោក សាន់  សាលីន ជាប្រធាន បានទៅបំរើការងារតាមផ្ទះនៅម៉ាឡេស៊ី តាំងពី ឆ្នាំ២០១០ រហូត ដល់ ឆ្នាំ២០១២ គឺមានរយៈពេល ២ ឆ្នាំមកហើយ ។ បើទោះបី  ពេលនេះលោក សាន់ សាលីន បានផ្លាស់ឈ្មោះក្រុមហ៊ុន MLC មកជាក្រុមហ៊ុនសុខចំណូលក៏ពិតមែន ! ប៉ុន្តែនៅក្នុងពាក្យ បណ្តឹងពីបទឆបោករបស់អ្នកស្រី ចាន់ ធឿន ដែលត្រឡប់ មក ពីម៉ាឡេស៊ីអស់រយៈពេល  ១១ ខែ ទៅហើយ នៅមិនទាន់បាន ទទួល ប្រាក់បំណាច់ឈ្មួល ពលកម្មនៅឡើយបានសម្តែង នូវការឈឺចាប់ថាបន្ទាប់ពីនាង មកពីម៉ាឡេស៊ីវិញគឺត្រូវទៅ រស់នៅជាមួយម្តាយក្នុងស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ។  នៅពេលឡើងមកជួបលោក  សាន់ សាលីន ម្តងៗគឺត្រូវ ចំណាយសាហ៊ុយឡានទាំងរូបនាង និងម្តាយមិនតិចជាង ៥០ ដុល្លារឡើយ ដោយនៅមិនទាន់គិតដល់ការហូប ចុកស្នាក់ នៅនិងធ្វើដំណើរចុះឡើងផង។

បន្ទាប់ពីការចុះឡើងជាច្រើនលើកស្តាប់ពាក្យលោក សាន់ សាលីន និយាយដដែលៗថា ចាំថ្ងៃនេះឬថ្ងៃនោះដោយ ពុំបានទទួលប្រាក់អ្វីទាំងអស់  ទើបនាងសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាល ក្រសួង មហាផ្ទៃ តាមរយៈអង្គការលីកាដូ ដើម្បីធានាបាននូវសំណងថ្លៃពលកម្មដែលនៅសល់ ២២៤០ ដុល្លារ រួមទាំងថ្លៃចុះ ឡើងរត់ ការទារ ប្រាក់រយៈពេល ១១ ខែ  ចំនួន ២.០០០ ដុល្លារ បន្ថែមទៀតផង ។

នៅក្នុងការពឹងពាក់តាម រយៈសារព័ត៌មាន“ជាតិ” រួមទាំងមន្ត្រីអធិការកិច្ចក្រសួងមហាផ្ទៃផងនោះ ដើម្បីសួរនាំ ពីប្រាក់ ឈ្នួលទៅម៉ាឡេស៊ីដែល នៅសល់ ២២៤០ ដុល្លារ ត្រូវ បានលោក សាន់ សាលីន អះ អាងថា លុយបានឱ្យគេជិះយន្ត  ហោះទៅម៉ាឡេស៊ីដើម្បីនាំយកប្រាក់តាមរយៈក្រុមហ៊ុននៅទីនោះហើយ ប៉ុន្តែមកដល់ពេលនេះគឺមកតែលេខកុងអត់ ទាន់ ធ្លាក់លុយមកឡើយ ធនាគារមិនអាចបញ្ចោញសាច់ប្រាក់ឱ្យបានសូមឱ្យរង់ចាំត្រឹមម៉ោង ២ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣  នេះ គឺបានហើយ ។ មិនថា រង់  ចាំម៉ោង ២ រហូតដល់ម៉ោង  ៣ ម៉ោង ៤ ម៉ោង ៥ ត្រូវបាន មហាមេបោក ឈ្មោះ សាន់ សាលីន នៅតែអះអាងថា បើ បើកពីធនាគារមិនបានក៏បញ្ចាំ ឡានដោះស្រាយឱ្យដែរ ។

ទាំងសារព័ត៌មានជាតិ និង មន្ត្រីអធិការកិច្ចក្រសួងមហាផ្ទៃ  រួមទាំងជនរងគ្រោះបានបន្ត ទៅជួបលោក សាន់ សាលីន  ដល់ស្នាក់ការក្រុមហ៊ុន សុខ  ចំណូល ដែលមានទីតាំងស្ថិត  នៅផ្ទះលេខ ២១៣៧ ផ្លូវលេខ  ១០ សង្កាត់ច្រាំងចំរេះ២ ខណ្ឌ  ឬស្សីកែវ រាជធានីភ្នំពេញ ។

នៅពេលជួបត្រូវបានលោក  សាន់ សាលីន ដែលបង្គាប់ឱ្យ មកជួបនៅផ្ទះលោកតែម្តងបាន ធ្វើការអះអាងថាឱ្យគាត់ ចង ការប្រាក់គេដូចម្តេចបើគេយក ការប្រាក់ដល់ទៅ ២០០ដុល្លារ  មិនថា យកមួយថ្ងៃ ឬមួយខែ  ឡើយ ។ នៅពេលដែល ចោទសួរដល់ការទទួលខុសត្រូវក្នុង តួនាទីលោក សាន់ សាលីន ជាប្រធានក្រុមហ៊ុនបែរជាលោកឆ្លើយចោទប្រកាន់ មន្ត្រីអធិការកិច្ចថាកំពុងមកជម្រិត រូបគាត់ទៅវិញ ព្រោះក្នុងនាម  គាត់ជាក្រុមហ៊ុនពុំបានជំពាក់ លុយពលករណាម្នាក់ ឡើយ ។

ដោយទ្រាំស្តាប់សម្តីរបៀបមនុស្សបាតផ្សាររបស់លោក សាន់ សាលីន មិនបានមន្ត្រីអធិការកិច្ចក៏សម្រេចនាំជនរង គ្រោះទៅប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រាំងចំរេះ ២ ។

តាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីប៉ុស្តិ៍បានឱ្យដឹងថា គួរប្តឹងទៅក្រសួងមហាផ្ទៃវិញ ព្រោះចំពោះប៉ុស្តិ៍វាហាក់បីដូចជាដឹងរឿង នេះច្រើនពេកហើយ ។  ម៉្យាងវិញទៀត ឈ្មោះ សាន់  សាលីន នេះឃើញពួកពលករ មកទារប្រាក់ជាញឹកញាប់តែ អត់បានផលទេ ដោយសូម្បីតែ  ជាងសំណង់ធ្វើផ្ទះឱ្យគាត់នៅ ជំពាក់ ៤០០០ ដុល្លារក៏គាត់ មិនព្រមសងគេផង ។ ចំណែក ផ្ទះដែល សាន់ សាលីន កំពុង រស់នៅសព្វថ្ងៃ គឺធនាគារកំពុងចេញលិខិតរឹបអូសយកដោយគ្រាន់តែទុកឱកាសឱ្យនៅ មួយរយៈពេលតែប៉ុណ្ណោះ ។

ផ្អែកតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីលីកាដូ បន្ទាប់ពីចូលជួបដាក់ពាក្យបណ្តឹងលោកបានបញ្ជាក់ពីសកម្មភាពលោក  សាន់ សាលីន ថាក្នុងអំឡុងឆ្នាំ ២០០៧ ប្រធានក្រុមហ៊ុនរូបនេះធ្លាប់បានត្រូវគេចាប់ឃុំខ្លួនម្តងរួចមកហើយ ក្នុង ករណីឆបោកដោយក្រោយមកឃើញទៅរស់នៅឯខេត្តកំពង់ចាម ។  ប៉ុន្តែក្រោយមកមានការធានា ពីមន្ត្រីនៅក្រសួង ការងារជា ខ្នងបង្អែកម្នាក់បានចេញមុខ មកបើកក្រុមហ៊ុនហើយខូចលើសដើមថែមទៀត ដោយពុំមានស្ថាប័ន ណា អាចធ្វើអ្វីគាត់ បានឡើយ ម៉្យាងវិញទៀតក្រុម  ពលករដែលរងគ្រោះក៏ពុំសូវ  បានចូលមកប្តឹងមកលីកាដូទៀត ដែរ ។

ផ្អែកលើការអះអាងទាំងមន្ត្រីប៉ុស្តិ៍រួមទាំងអង្គការលីកាដូ  ក្រសួងមហាផ្ទៃរួមទាំងក្រសួងការងារដែលទើបមានការ  ផ្លាស់ប្តូរតួនាទីថ្នាក់ដឹកនាំមិនត្រូវទុកឱកាសឱ្យជនឆបោក ឈ្មោះ សាន់ សាលីន នៅបន្តអាជីពឆបោកតាមរយៈ ក្រុមហ៊ុនសុខចំណូលបន្តទៀតនោះឡើយ ។ ម៉្យាងវិញទៀត ពលករដែលមានបំណងចង់ធ្វើ ចំណាកស្រុកត្រូវ សិក្សាស្វែងយល់ពីក្រុមហ៊ុននាំពលករចេញឱ្យបានច្បាស់ជាមុនសិន ទើបអាចគេចចេញពីអំពើឆបោក ដូចករណី អ្នកស្រី ចាន់ ធឿន ជាភស្តុតាងស្រាប់ ៕

20131104b

Filed in: ព័ត៌មានសង្គម, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 1544 La Presse Nationale. All rights reserved. XHTML / CSS Valid.