(បន្ទាយមានជ័យ) ៖ នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង លុះដល់ចំណុចម្តុំអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រទះឃើញយុវជន០២នាក់ គួរឱ្យសង្ស័យទើបកម្លាំងហៅមកដើម្បីត្រួតពិនិត្យឆែកឆេរ ស្រាប់តែយុវជនម្នាក់បានរត់គេចខ្លួនបាត់ ហើយកម្លាំងឃាត់បាន០១នាក់ ឈ្មោះ ម៉ុន សារីន ហៅ រីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ហើយធ្វើការឆែកឆេររកឃើញមានវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា(ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ០,៦៩ក្រាម (នៅក្នុងហោប៉ៅខោខាងឆ្វេង ចំណែកគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា(ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ១,៤៣ក្រាម ជារបស់ជនសង្ស័យដែលបានរត់គេចខ្លួន។ បន្ទាប់មកជនសង្ស័យនាំត្រូវបានកម្លាំងនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរក្សាទុlកដើម្បីប្រើប្រាស់ពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យម្នាក់ទៀតកម្លាំងកំពុងស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេ ត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕