កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​២​នាក់​ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី ពាក់ព័ន្ធ ករណី​ហិង្សា​ដោយ​ចេតនា​

(​ដោយ​÷​គឹម សុង​) (​បន្ទាយមានជ័យ​): នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ឈ្មោះ​យឹម សំ​អៀង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះឈា ភ​ក្ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវជា​ឪពុក និង​កូនបង្កើត ស្នាក់​នៅ​ការដ្ឋាន​សំណង់​ជាមួយ​គ្នា ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ស្តីពី​ករណី ហិង្សា​ដោយ​ចេតនា​កាលពី​វេលា​ម៉ោង​០៨ និង​០០​នាទី ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ ព្រីង សូ​ណា (​ស្នា​) ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​ឈ្មោះ ហ៊ីម ពន្លឺ (​ប៉ក់​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ជាមួយ​គ្នា បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ខាងលើ បណ្ដាលឱ្យរ​រងរបួស​(​ធ្ងន់​-​ស្រាល​) និង​បាន​យក​កាំបិត​ជំ​ពុះ​ទុង​គំរាម​ទៅលើ​ជនរងគ្រោះ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឈា ភ​ក្ត្រា រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចា​ស្មី​ន ក្រុង​ប៉ោយប៉ែត​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ខាងលើ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ព្រមទាំង​ចាប់យក​វត្ថុតាង ដែក​ជំ​ពុះ​ទុង​កែច្នៃ ប្រវែង​២៨​សង់ទីម៉ែត្រ​ចំនួន​០១​ដើម ហើយ​នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន សួរនាំ​រួច​ជនសង្ស័យ​បាន​ឆ្លេី​យ​សារភាពថា ពួកគេ​ពិតជា​បាន​វាយ​ទៅលេី​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយសារ​ឈ្លោះប្រកែក​គ្នា រឿង​ពួកខ្លួន​និយាយ​លក្ខណៈ​លេប​ខាយ (​ញ៉ែ​) ជាមួយនឹង​កូន​និង​ប្អូនស្រី​របស់​ជនរងគ្រោះ ។

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.