កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី ពាក់ព័ន្ធ ករណី​លួច​ម៉ូតូ​

(​ដោយ​÷​គឹម សុង​) (​បន្ទាយមានជ័យ​): នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ នី នឿម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ស្ដីពី​ករណី​បាត់​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លាកលេខ បាត់ដំបង 1R-6569 កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​រួច កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព កំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​មនុស្ស​ស្រី និង​បាន​ធ្វើ​ការស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​០៧ និង​០០​នាទី ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ រី សា​រ៉ាវ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ នៅ​ចំណុច កាស៊ីណូ​ហ្គោដ​វើល ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ព្រមទាំង​ដកហូត​វត្ថុតាង ១.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1F-5943 ចំនួន​០១​គ្រឿង​, ២.​ម៉ូតូ​ម៉ាក​វេវ ពណ៌​ខ្មៅ ពាក់​ស្លា​លេខ សៀមរាប​1G-9637 ចំនួន​០១​គ្រឿង​, ៣.​ប្រាក់​ថៃ ចំនួន​២២,០០០(​ពីរម៉ឺន​ពីរពាន់​)​បាត​, ៤.​ទូរ​សព្ទ​ម៉ាក​NOKIA ចុច​ពិល ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង ហើយ​នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លេី​យ​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ដែល​មាន​ភិនភាគ​ខាងលើ​ពិតប្រាកដ​មែន​។​

​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.