ដោយ៖ រ៉ាយ ភុន
លោក គឹម ពៅ អតីតមេបញ្ជាការ កងពលលេខ71 (ង71) ខ្មែរក្រហម ដែលបានធ្វើ សមាហរណកម្ម តាមគោលនយោបាយឈ្នះៗ របស់ប្រមុខ រាជរដ្ឋាភិបាល អំឡុងទស្សវត្សឆ្នាំ90 ទទួលបានអនុក្រឹត្យ ផ្ដល់ជូនដីសម្បទាន សង្គមកិច្ចនៅ ឃុំប្រម៉ោយ ស្រុកវាលវែង ចំនួន 2588 ហិកតា ជូនដល់អតីត កងកម្លាំង ប្រដាប់អាវុធ និងគ្រួសារ ។
នៅក្នុងអនុក្រឹត្យ លេខ253 អនក្រ.បក. សម្រេចនៅថ្ងៃទី03 ខែវិច្ឆិកា ឆ្នាំ2011 ក្នុងមាត្រា5 រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ត្រី. រដ្ឋមន្ត្រីការពារជាតិ. រដ្ឋមន្ត្រី ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់. រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ. រដ្ឋមន្ត្រី ក្រសួងបរិស្ថាន. រដ្ឋមន្ត្រីរដ្ឋលេខាធិការ គ្រប់គ្រងក្រសួង ពាក់ព័ន្ធ និងអភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ។
នៅក្នុងលិខិតបំភ្លឺ របស់អង្គភាព ប្រឆាំងអំពើពុករលួយ តាមរយៈអភិបាល ខេត្តពោធិ៍សាត់ លេខ016/24 លឆតប អបព ចុះថ្ងៃទី10 មករា ឆ្នាំ2024 ដែលបានបញ្ជាក់ ឆ្លើយតបតាម ពាក្យបណ្ដឹងលោក គឹម ពៅ ទៅអង្គភាព ប្រឆាំងអំពើពុករលួយ ហាក់ពុំបានស្ដែងចេញ ពីការពិតជាក់ស្ដែង នៅក្នុងដំណោះស្រាយ ជូនគ្រួសារយុទ្ធជន ដែលបានធ្វើ សមាហរណកម្មឡើយ ។ ព្រោះនៅឆ្នាំ 2001 ដែលលោក គឹម ពៅ ជាមេបញ្ជាការ កងពលតូច លេខ71 ចំណុះឲ្យ យោធភូមិភាគ5 លោកបានស្រង់ឈ្មោះ ក្រុមគ្រួសារកងទ័ព ធ្វើសមាហរណកម្ម មានចំនួន677 គ្រួសារ ។
ក្រោយមាន ការបំភ្លឺពីអភិបាល ខេត្តពោធិ៍សាត់ តាមរយៈអង្គភាព ប្រឆាំងអំពើពុករលួយ រួចមក តំណាងឲ្យគ្រួសារកងទ័ព ដែលបានធ្វើ សមាហរណកម្ម តាំងពីឆ្នាំ1996 បានសម្ដែងនូវ ការខកចិត្តហើយ បានលើកឡើងដោយភ្ជាប់មក ជាមួយភស្តុតាងថា ការធ្វើសកម្មភាព នៅថ្ងៃទី09 មិនា ឆ្នាំ2008 វេលាម៉ោង 9:53 នាទី នៅភូមិសាស្ត្រ អូរលាក់មាស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានពួក មេព្រៃ ប៉េអឹម ប៉ូលីស ជាង20នាក់ប្រដាប់ដោយ អាវុធភ្ជង់គម្រាម ដុតបំផ្លាញផ្ទះគ្រួសារ កងទ័ពអស់35ខ្នង រួមទាំងសម្ភារៈ ខោអាវក៏មិនឲ្យយកចេញ សូម្បីប្រាក់ នៅជាប់នឹងខ្លួន ក៏គម្រាមដកហូត យកចែកគ្នា មើលទៅមិនខុសពី ចោរប្លន់នោះទេ ។ សូម្បីឯកសារ កាន់កាប់ដីដែល ចេញដោយអាជ្ញាធរ និងមានការសម្រេច ពីតុលាការដែល ពួកគាត់យកមក បង្ហាញក៏ក្រុមសមត្ថកិច្ច និងអង្គការ ដឹកនាំដោយលោក គឹម ណារ៉ា យកទៅគ្រវែងចោល ក្នុងភ្នក់ភ្លើងដែរ ។ សូម្បីលោក យឹម វុធ យោធិនក្នុងកងពលតូច លេខ71 ដែលធ្វើ សមាហរណកម្ម រួចបញ្ជូនឲ្យចូល ក្នុងកងពលលេខ14 មានដីមួយហិកតា កាប់រានដីដាំក្រូច ដុះត្រឹមជង្គង់ ទៅហើយ នៅពេលលោក ទទួលមរណៈភាព មេភូមិ មេឃុំប្រម៉ោយ បានកាប់ដុតបំផ្លាញ ដីដំណាំពួកគាត់ យកដីលក់ ឲ្យឈ្មួញទិញឡានជិះ ដូចគ្មានឃើញ ក្នុងរបាយការណ៍ អភិបាលខេត្តសោះ ។
មានការចោទ សួរមកសារព័ត៌មាន ពីតំណាងយោធិន ធ្វើសមាហរណកម្មថា ហេតុអ្វីក៏សកម្មភាព ដុតបំផ្លាញផ្ទះគ្រួសារយោធិន និងប្លន់យកដីដាំដំណាំ គ្រួសារយោធិន យកទៅលក់បែរជា គ្មានក្នុងរបាយការណ៍ ទៅវិញ ។ តាមបទពិសោធន៍ និងការយល់ដឹង ចំពោះរបាយការណ៍ ដែលចេញដោយ អភិបាលខេត្ត គឺបានមកពីរបាយការណ៍ ចេញពីឃុំស្រុកចំណែក ខាងខេត្តគ្រាន់តែ ចម្លងយកខ្លឹមសារ និងរៀបពាក្យ ដើម្បីសង្ខេប របាយការណ៍តែប៉ុណ្ណោះ ។ ចំពោះសកម្មភាព ដុតបំផ្លាញផ្ទះគ្រួសារ យោធិន 35ខ្នង រួមទាំងប្លន់ យកដីអ្នកស្រី ឆែម សុន ដែលមានប្ដី ជាយោធា ទទួលមរណៈភាពហើយ គ្មានក្នុងរបាយការណ៍ ព្រោះអ្នកធ្វើរបាយការណ៍ ពីអង្គភាពខ្លួន មិនខុសអ្វីពី ការផ្សាយពាណិជ្ជកម្ម នោះទេ ។ ដោយសាររបាយការណ៍ វាមិនខុសអ្វីពី ការផ្សាយពាណិជ្ជកម្ម នេះហើយ ទើបលោក គឹម ពៅ បន្តប្ដឹងទៅស្ថាប័ន ថ្នាក់ជាតិបន្តទៀត ។ ព្រោះនៅមាន ករណីច្រើនណាស់ ដែលអាជ្ញាធរអនុវត្ត បំពានលើ អនុក្រឹត្យរបស់ ប្រមុខរាជរដ្ឋាភិបាល ដើម្បីតែស្វែងរក ផលប្រយោជន៍ ផ្ទាល់ខ្លួន តែប៉ុណ្ណោះ ៕