ប្រជាពលរដ្ឋ ដែលរស់នៅ ភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ដែលរស់នៅអាស្រ័យផល លើដីស្រែចំការ តាំងពីឆ្នាំ1980មក រហូតមកដល់ បច្ចុប្បន្នគឺ មានរយៈពេលជាង40ឆ្នាំ ទៅហើយ ។ ផ្អែកតាម ច្បាប់ភូមិបាល ការស់នៅអាស្រ័យផល មានរយៈពេល5ឆ្នាំ ដោយគ្មានការជំទាស់ ពីរដ្ឋឬភាគីណាមួយ គឺពលរដ្ឋនោះ នឹងទទួលបានសិទ្ធ គ្រប់គ្រងដីស្របច្បាប់ ។
បើផ្អែកតាម ការអះអាងរបស់ លោកតា ស៊ឹមភី អតីតប្រធាន ការិយាល័យធនធានទឹក ស្រុកស្អាង ដែលបានចូលនិវត្តន៍ តាំងពីឆ្នាំ2015 បានបញ្ជាក់ឲ្យ ដឹងថានៅ ចុងឆ្នាំ2022 មានមន្ត្រីភូមិបាល ស្រុកស្អាង ម្នាក់ឈ្មោះគ្រួច សុទ្ធ និងម្នាក់ទៀត ឈ្មោះឡុង ទំនងជាមន្ត្រី នៅសាលាខេត្ត បានជិះឡាន មកជួបលោកឲ្យ ចុះហត្ថលេខា ទទួលស្គាល់ អាងទួលពន់រៃ ទំហំ36ហិកតា នៅភូមិកំពង់ពោធិ៍ត្បូង ។ ពួកគេទាំងពីរនាក់ បានអះអាងថា ឧកញ៉ាគាត់ចិត្តល្អទេ នៅពេលខាងមុខ ឧកញ៉ានឹងឲ្យ ឡានមួយគ្រឿង ថែមទៀតផង ។ ម្យ៉ាងវិញទៀត គេត្រូវការអ្នកចុះហត្ថលេខា ជាមន្ត្រីធ្វើការចាស់ យូរហើយតែប៉ុណ្ណោះ ។
ក្រោយផ្ដិតមេដៃហើយ លោកតា ស៊ឹមភី បានរៀបរាប់ថា គេបាននាំគាត់ មកខេត្តកណ្ដាលហើយបានទទួលប្រាក់ 100ដុល្លាប៉ុណ្ណោះ ដោយសន្យាថា ថ្ងៃក្រោយចង់ ពឹងពាក់អ្វី លោកឧកញ៉ានឹងជួយ ។ ក្រោយមកលោកតា ស៊ឹម ភី បានព្យាយាម ទូរស័ព្ទមករក ឧកញ៉ា តែទូរស័ព្ទចូល ហើយអត់មាន អ្នកលើកទៅវិញ ។ លោកតា បាននិយាយទាំង ក្ដុកក្ដួលថា កុំថាឡើយឡានមួយគ្រឿង សូម្បីតែអង្ករមួយតៅ ដែលជាសេចក្ដីត្រូវការ ប្រចាំថ្ងៃក៏ លោកតាពុំដែលបាន ទទួលផង ។
ពាក់ព័ន្ធទៅនឹង អាងទួលពន់រៃ លោកតាស៊ឹមភី បានឲ្យដឹងថា គឺជាដីស្រែ របស់ប្រជាពលរដ្ឋដែលអាស្រ័យផល រហូតបុកអណ្ដូងបូមទឹក ស្រោចស្របស្រែដំណាំ ថែមទៀតផង ព្រោះលោកតា ធ្លាប់ជាមន្ត្រីធារាសាស្ត្រ និងក្រសួងកសិកម្ម នៅពេលរដ្ឋ បង្កើតក្រសួង ធនធានទឹកគឺលោកតាទទួល តំណែងជាប្រធាន ការិយាល័យ រហូតមក ។ បច្ចុប្បន្ន អាងទួលពន់រៃ ដែលមន្ត្រីភូមិបាល ស្រុកស្អាង ឈ្មោះគ្រួច សុទ្ធ ដាក់បញ្ចូលជា សម្បត្តិរដ្ឋ ត្រូវបានឧកញ៉ា ទិញពីប្រជាពលរដ្ឋ ក្នុងតម្លៃថោកៗ ដោយមានអ្នកគំរាមថា ជាដីអាងរដ្ឋទំ ហំ36ហិកតា បានធ្វើការកាត់ឆ្វៀល អស់28ហិកតា ទៅហើយ តាមការស្នើរសុំ របស់ឧកញ៉ា សំ ហ៊ន ។ នៅសល់តែដីដែល ប្រជាពលរដ្ឋ កំពុងអាស្រ័យផលទេ ដែលមន្ត្រីជំនាញ ខេត្តកណ្ដាល មិនព្រមកាត់ឆ្វៀលឲ្យ ។
ផ្អែកតាមប្រសាសន៍ ប្រកបដោយ គតិបណ្ដិត សម្ដេចតេជោ ហ៊ុន សែន អតីតជា នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំឲ្យ អភិបាលខេត្តកណ្ដាល យកចិត្តទុកដាក់ដោះស្រាយ ចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ដែលបាននិងកំពុង អាស្រ័យផលជាក់ស្ដែង ។ ស្ថិតក្នុងអាណត្តិទី7 ដឹកនាំបន្តវេន ដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានយកចិត្ត ទុកដាក់ឲ្យមាន មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវការបង្កើត សមិទ្ធផលវិជ្ជមាន ដើម្បីកាត់បន្ថយ ផលអវិជ្ជមានជូនប្រជាពលរដ្ឋ ព្រោះសកម្មភាព ទាំងអស់នេះ គឺតម្រូវឲ្យមានព័ត៌មាន ព្រោះព័ត៌មាន សំខាន់ណាស់ ។
មានការចោទសួរថា តើការឃុបឃិត របស់មន្ត្រីភូមិបាល ស្រុកស្អាង ជាមួយឧកញ៉ា ដើម្បីបង្កើតផលអវិជ្ជមាន យកដីអាស្រ័យផល របស់ប្រជាពលរដ្ឋ រៀបចំជា អាងស្ដុទឹកដាក់ បញ្ចូលជាសម្បត្តិរដ្ឋ ដោយតម្រូវឲ្យ មានការលក់ ក្នុងតម្លៃថោកៗ ទៅឲ្យឧកញ៉ា ទើបរដ្ឋអាចប្រើសិទ្ធអំណាច កាត់ឆ្វៀលបាន ។ ប្រសិនបើ ការអនុវត្តរបស់ មន្ត្រីខេត្តកណ្ដាល បាននិងកំពុងដើរផ្ទុយទៅនឹង អនុសាសន៍ របស់នាយករដ្ឋមន្ត្រី ដែលតម្រូវឲ្យ យកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋជាធំ ទៅហើយនោះ ពិតជាមិនអាច ឲ្យគោលនយោបាយ រដ្ឋាភិបាលអាណត្តិទី7 ទទួលបាន ជោគជ័យឡើយ ៕