ប្រើអំណាចវាយមនុស្ស ស្ទើរស្លាប់ច្រឡំ បង្ខំឲ្យជនរងគ្រោះ ផ្ដិតមេដៃមិនឲ្យប្ដឹង

ករណីគ្រោះថ្នាក់ចរាចរណ៍ បើទោះបីជនបង្ក ត្រូវបានចាប់ខ្លួន ដោយប្រជាពលរដ្ឋនោះ អាចនឹងមានអំពើហឹង្សា ដែលតម្រូវឲ្យមាន កិច្ចការពារពី កម្លាំងសមត្ថកិច្ច នាំខ្លួនជនបង្ក ទៅសាកសួរ ដោះស្រាយតាមនិតិវិធីច្បាប់ ។ តើហេតុការណ៍នគរបាល ឃាត់ឡានជនសង្ស័យ រឿងគ្រោះថ្នាក់ចរាចរណ៍ ដែលមិនស្ថិតក្នុងស្ថានភាព ជាក់ស្ដែង រួចយកមកវាយតប់ ស្ទើរស្លាប់បែបហ្នឹង ដោយធ្វើការបកស្រាយថា ចាប់ច្រឡំ រួចបង្ខំឲ្យជនរងគ្រោះផ្ដិតមេដៃ មិនឲ្យប្ដឹងគឺជា បទល្មើសមួយផ្សេងទៀត ពីបទប្រើអំណាច បំបិទសិទ្ធជនរងគ្រោះ ឲ្យនៅក្រៅសំណាញ់ច្បាប់ ។

តួនាទីសមត្ថកិច្ចនគរបាល គឺធានាសុវត្ថិភាព ការពារជនរងគ្រោះរួមទាំងជនល្មើស ថែមទៀតផង ប្រសិនបើជនល្មើស ពុំបានតដៃ ដែលធ្វើឲ្យ សមត្ថកិច្ចគ្មានជម្រើស ។ ចុះបើសមត្ថកិច្ច នគរបាល ចរាចរណ៍ ប្រើអំណាច ឃាត់ឡានគេ ទាំងកណ្ដាលយប់ ថ្ងៃទី 31 មករា ឆ្នាំ2024 រួចអូសមនុស្សពីរនាក់ នៅក្នុងឡាន យកមកវាយតប់ ស្ទើរស្លាប់ គឺជាកំហុសមួយ ដែលច្បាប់ មិនអាចលើកលែងឲ្យ បានឡើយ ។ នៅពេលនាំ ជនរងគ្រោះ ទៅសួរចម្លើយ ដោយដឹងថា ចាប់ឡានច្រឡំ រួចបង្ខំឲ្យ ជនរងគ្រោះផ្ដិតមេដៃ មិនឲ្យប្ដឹង គឺជាបទល្មើស ផ្សេងមួយទៀត ដែលជនរងគ្រោះ ទាំងពីរនាក់ ពុំអាចទទួលយកបាន ។ 

ប្រជាពលរដ្ឋ សង្ឃឹមថា ប្រព័ន្ធយុត្តិធម៌ ក្រោមការកែទម្រង់ របស់ឯកឧត្ដម កើត រឹទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ពិតជាមិនទុកឲ្យ មន្ត្រី មានអំណាច អង្គុយលើច្បាប់ តទៅទៀតបានឡើយ ។ ពុំនោះទេ រាស្ត្រនឹង អស់ជំនឿទុកចិត្ត ទៅលើច្បាប់ជាក់ជាមិនខាន ៕

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.