ឃាត់ខ្លួន មន្ត្រីកងរាជអាវុធហត្ថ 6រូប សង្ស័យទទួលផល គ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថ ចំនួន៤រូបទៀត ត្រូវបានកម្លាំង អាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿង ទទួលផលបទល្មើស គ្រឿងញៀន។

បើយោងតាម សេចក្តីប្រកាស ព័ត៌មានរបស់ លោកឧត្តមសេនីយ៍ត្រីអេង ហុី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមាន ការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មាន ជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ៖

១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានធ្វើការបង្ក្រាប បទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវ បន្តរកឃើញបុគ្គលពាក់ព័ន្ធ មួយចំនួន។ កម្លាំងជំនាញ ក៏បានធ្វើការ ពន្លាតដែនសមត្ថកិច្ចដល់ ខេត្តកំពង់ស្ពឺ តាមនីតិវិធី ដោយរាយការណ៍ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះសីហនុ និងតាមឋានានុក្រម។

២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ដដែល កម្លាំងមន្ត្រីនគរបាល យុត្តិធម៌ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានធ្វើការស្តាប់ចម្លើយ បុគ្គលពាក់ព័ន្ធនឹង បទល្មើសចំនួន០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធ នឹងករណីទទួលផល ពីបទល្មើសគ្រឿងញៀន។

៣- តាមលទ្ធផល នៃការធ្វើតេស្ត សារធាតុញៀន បុគ្គលសង្ស័យទាំង០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀន នោះទេ។

៤- មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុង បន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការ អមសាលាដំបូង ខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់ នៃការស៊ើបអង្កេត”។

៥- ក្រោមការដឹកនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធ នឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួន នូវទិសស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាពលរដ្ឋ ត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។

មជ្ឈដ្ឋានមហាជន រង់ចាំមើលថាតើក្រោយការចាប់ខ្លួន លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកពេជ្រ ទីន មន្ត្រីអាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកភ្នំស្រួច លោក មុន្នី មេបញ្ជាការរង កងរាជអាវុធហត្ថមូលដ្ឋាន ស្រុកភ្នំស្រួច និងមន្ត្រីតាមស្នាក់ការ ពីរនាក់ទៀត មិនទាន់ស្គាល់ឈ្មោះ ថាតើថ្នាក់លើមាន ចំណាត់ការបែបណា.? តើថ្នាក់លើ អាចលុបឈ្មោះ មន្ត្រីអាវុធហត្ថ ខេត្តកំពង់ស្ពឺ ទាំង០៦នាក់ ដែរឬទេ? ឬមួយក៏ថ្នាក់លើទុក មន្ត្រីទាំង០៦រូប ដែលមានការពាក់ព័ន្ធ ទទួលផលបទល្មើសគ្រឿងញៀន ដូចក្នុងសេចក្តីប្រកាសនេះហើយ បន្តឱ្យនៅកាន់តួនាទីវិញ ដដែលទៀត៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.