ប្រជាពលរដ្ឋ13គ្រួសារ នៅឃុំស្រយ៉ង់ រងការគំរាម ពីដីការតុលាការ ព្រះវិហារ

ប្រជាពលរដ្ឋ ជាង30នាក់ មានទាំងកូនង៉ែត បីនៅក្នុងដៃ មានទាំងមនុស្ស ពេញវ័យ រួមទាំងចាស់ជរា ធ្វើដំណើរតាំងពី ខេត្តព្រះវិហារ មកស្នាក់អាស្រ័យ នៅក្រោមម្លប់ពោធិ៍ មុខវត្តបុទុមវត្តី ជាជម្រកដ៏សាកសម សម្រាប់ជនក្រីក្រ ដែលរងគ្រោះ ធ្វើដំណើរមកពីខេត្ត ដើម្បីសុំ កិច្ចអន្តរាគមន៍ពី សម្ដេច ប្រមុខរាជរដ្ឋាភិបាល ។ ក្រោយការស្នាក់អាស្រ័យ មួយយប់នៅ ក្រោមម្លប់ពោធិ៍ ទីតាំងដដែល ឆ្លងចូលព្រឹកថ្ងៃទី21 កុម្ភៈ ឆ្នាំ2023 តំណាង ប្រជាពលរដ្ឋ 13គ្រួសាររស់នៅ ភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានបញ្ជាក់ថា ប្រជាពលរដ្ឋ13គ្រួសារ រស់នៅតាំងពីឆ្នាំ2011 នៅចំណុច ព្រៃគោល មានការភ័យខ្លាច បន្ទាប់ពីឈ្មោះឃុត វី ធ្វើការនៅ ក្រុមហ៊ុន ប្ដឹងយកដី ពួកគាត់ដោយ មានដីការចាប់ខ្លួន ប្រជាពលរដ្ឋម្នាក់ ឈ្មោះឆុំ ចាន់ ដាក់គុកថែមទៀតផង ។
ប្រជាពលរដ្ឋនៅ ភូមិសំបូរ បានសម្ដែងនូវ ការភ័យខ្លាចថា កន្លងមកឈ្មោះ ឃុត វី តែងតែប្រើអំណាច តុលាការបំពាន យកដីពលរដ្ឋ បើទោះបី ពួកគាត់មាន លិខិតកាន់កាប់ ដែលទទួលស្គាល់ពី អាជ្ញាធរភូមិឃុំក្ដី ក៏បុគ្គលរូបនេះ នៅតែប្រើអំណាច តាមផ្លូវតុលាការ ជាក់ស្ដែង លោកឆុំ ចាន់ត្រូវបាន ចាប់ឃុំខ្លួន ហើយមួយចំនួនទៀត កំពុងរត់គេចខ្លួន ពីការតាមចាប់ ក្នុងដីកាតុលាការ ថែមទៀតផង ។
ដោយទទួលរង នូវអំពើអយុត្តិធម៌ បែបហ្នឹងហើយ ទើប្រជាពលរដ្ឋ ទាំងក្មេងទាំងចាស់ សម្រេចចិត្តធ្វើដំណើរ មកភ្នំពេញ សុំកិច្ចអន្តរាគមន៍ ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាថា គ្មានការចាប់ខ្លួន ពលរដ្ឋក្នុងរឿងរ៉ាវដីធ្លី នោះឡើយ ។ ព្រោះបើផ្អែកតាម ប្រសាសន៍របស់ សម្តេច លើកិច្ចអន្តរាគមន៍ បុគ្គលិក ទូរទស្សន៍បាយ័ន បើគិតតែចាប់ដាក់គុក ដើម្បីជំរិតមនុស្ស បែបហ្នឹងគឺ គេមិនថាតុលាការ ជាអ្នកចេញដីកា ចាប់ខ្លួននោះទេ គឺច្បាស់ណាស់ថា គេចោទសម្ដេច ជាអ្នកចាប់ទៅវិញ ។
ពិតណាស់ថា ប្រសាសន៍ចុងក្រោយ ពាក់ព័ន្ធទៅនឹង ការចាប់ខ្លួន ក្រោមឥទ្ធិពល អ្នកមានលុយ ដូចករណីបុគ្គលិក ទូរទស្សបាយ័ន ជាភស្តុតាងស្រាប់ គឺវាបានធ្វើឲ្យ គណៈបក្សប្រជាជន ដែលកំពុង កាន់អំណាច ត្រូវទទួលរងនូវ ការរិះគន់ដោយ ជៀសមិនផុតឡើយ ។ ព្រោះបើសូម្បី បុគ្គលិកទូរទស្សន៍ បាយ័នម្នាក់ ដែលនៅគៀកនឹង សម្ដេចក៏គេប្រើ អំណាចចាប់ខ្លួន មុនការកាត់ក្ដី ក្នុងរឿងដីធ្លី បានទៅហើយ តើប្រជាពលរដ្ឋ គ្មានអំណាច ដែលរងគ្រោះ ដោយការចាប់ខ្លួន បែបហ្នឹងគឺ មានមិនតិចទេ ជាក់ស្ដែង ប្រជាពលរដ្ឋជាង 30នាក់ដែលមក ដេកក្រោមម្លប់ពោធិ៍ មុខវត្តបុទុមវត្តី ដែលបីកូន កាន់ឈើច្រត់ មកសុំកិច្ចអន្តរាគមន៍ ពីប្រមុខរាជរដ្ឋាភិបាល ជាភស្ដុតាងស្រាប់ ។ ទីបំផុតប្រជាពលរដ្ឋ បាត់បង់ជំនឿលើ ប្រព័ន្ធច្បាប់ ដែលបន្ត ជះឥទ្ធិពលដល់ អ្នកវិនិយោគបរទេស ដែលរដ្ឋគឺ ជាអ្នកខាតបង់ ពិតប្រាកដ ។ ពិសេសជាងនេះទៅទៀត គឺអាជ្ញាធរស្រុកគូលែន ក៏ទទួលរងនូវ​ ការអាក់អន់​ស្រពន់ចិត្ត ពី​ពលរដ្ឋ ដោយសារតែ​ឈ្មួញប្រើ អំណាចតុលាការ មកបំពានរំលង លើដែនសមត្ថកិច្ច ដែលប្រជាពលរដ្ឋ ធ្លាប់ជឿទុកចិត្ត តែអាជ្ញាធរបែរជា គ្មានសិទ្ធអំណាចការពារ ប្រជាពលរដ្ឋទៅវិញ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.