ក្តារ​ម្ឈូស៣​ត្រៀមក្នុង​បាតុកម្ម​២៣​តុលា​ខាង​មុខ

ដោយ ៖ ជាតិ
កិច្ចព្រមព្រៀងក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ដែលមានប្រទេស ឥណ្ឌូនេស៊ី និងបារាំង ជាសហប្រធាន រួមទាំង សាក្សី ១៦ ប្រទេស ផ្សេងទៀតចូលរួមសម្រេចតាមការ ឯកភាព រវាងភាគីជម្លោះ ខ្មែរ និងខ្មែរទាំង ៤ ភាគី ផង នោះ ទើបកម្ពុជា ត្រូវបានផ្លាស់ ប្តូររបត់ ដឹកនាំពីបក្សចាត់ តាំងមកអ្នកដឹកនាំ ដែល ទទួលអំណាច ពីរាស្ត្រតាមរយៈ សន្លឹកឆ្នោត ។ ប៉ុន្តែកម្ពុជា បាន ធ្វើការបោះឆ្នោតអស់រយៈកាល ៥ អាណត្តិមកហើយដោយ លទ្ធផលដែលប្រកាស ចេញពី គជប មិនត្រូវ បានបក្សចាញ់ ឆ្នោតទទួលស្គាល់ឡើយ ហើយបាតុកម្មគឺជាជំរើសក្នុង ការចរចា បង្កើតក្បាល ម៉ាស៊ីនដឹកនាំរាជរដ្ឋភិបាល អស់ ៤ អាណត្តិមកហើយ ។

អាចថាមានការខុសប្លែកចំពោះគម្រោងធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ក្នុងអាណត្តិទី ៥ នេះព្រោះថា  បើ ផ្អែកលើលទ្ធផលដែលបក្សឈ្នះឆ្នោតទាំងពីរ សុទ្ធតែបានអះអាងថា បក្សខ្លួនជាអ្នកឈ្នះតែរៀងៗខ្លួន ទើបបក្ស សង្គ្រោះជាតិសម្រេចធ្វើមហាបាតុកម្ម ចំថ្ងៃទី ២៣ តុលា ក្នុងចេតនា ស្វែងរកអន្តរាគមន៍ពីប្រទេស ហត្ថលេខីលើ កិច្ចព្រមព្រៀងទីក្រុងប៉ារីសកុំឱ្យទទួលស្គាល់រដ្ឋា ភិបាលឯកបក្សដែលគណបក្ស  ប្រជាជនកម្ពុជារៀបចំ និងចេញ ដំណើរដោយគ្មានគណ- បក្សសង្គ្រោះជាតិចូលរួម ។

បើតាមការអះអាងរបស់ លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករដែលគ្រោងនឹងដឹកនាំកម្មករចូលរួមធ្វើមហាបាតុ កម្មនៅថ្ងៃទី ២៣ តុលា  ឆ្នាំ២០១៣ ខាងមុខនេះបានបញ្ជាក់ក្នុងវេទិការមួយក្នុងវិទ្យុសំបុកឃ្មុំថា ដើម្បីធានាដល់ការ រារាំងពីកម្លាំងសមត្ថកិច្ច លោកសូមឱ្យកម្មករទាំងអស់ ចូលរួមធ្វើបាតុកម្មនៅខាងមុខរោងចក្រដែលកម្មករធ្វើការ តែម្តង ។ ព្រោះគោលការណ៍សហជីពពុំពាក់ព័ន្ធក្នុងរឿងនយោបាយក៏ពិតមែន ! ប៉ុន្តែការចូលរួមធ្វើមហាបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិ គឺដើម្បីទាមទារស្វែងរកការពិតតាមរយៈសន្លឹកឆ្នោតរួមទាំងប្រាក់ខែគោល  ១៥០ ដុល្លារ ដើម្បីបំពេញតម្រូវ ការឱ្យកម្មករបានរស់នៅដោយ សមរម្យផង ។

សមាគមគ្រូបង្រៀនឯករាជ្យដែលមានលោក រ៉ុង ឈុន ជាប្រធានក៏បានសម្តែងនូវការចូលរួមធ្វើមហាបាតុកម្មជា មួយគណបក្សសង្គ្រោះជាតិផងដែរ  ទោះបីគោលការណ៍សមាគម មិនជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយក៏ពិត មែន ! ប៉ុន្តែវាមានសារៈសំខាន់ចំពោះគ្រូបង្រៀនលើប្រាក់បៀវត្សរ៍អប្បបរមា ១.០០០.០០០ រៀល ក្នុងមួយខែ ដើម្បី ពង្រឹងវិស័យ  អប់រំនិងសេចក្តីថ្លៃថ្នូររបស់គ្រូ បង្រៀនឱ្យមានភាពល្អប្រសើរ។

លោក រ៉ុង ឈុន ក៏បានអំពាវនាវដល់គ្រូបង្រៀនប្រើសិទ្ធិចូលរួមធ្វើមហាបាតុកម្មឱ្យបានច្រើនផងដែរ ព្រោះថា  ស្ថានភាពប្រាក់ខែគ្រូបង្រៀន ដូចសព្វថ្ងៃនេះ គឺអាចរស់បាន  ដោយការលក់មេរៀនឱ្យសិស្ស និងអំពើពុករលួយផ្សេងៗទៀត  ដែលបង្កឱ្យសិស្សក្រីក្រមួយចំនួន ត្រូវឈប់រៀនតែម្តងក៏មាន ។

ចំណែកសមាគមអ្នកប្រជាធិបតេយ្យដែលដឹកនាំដោយ លោក ម៉ម សូណង់ដូ ក៏បាន ប្រកាសពីការចូលរួមធ្វើមហា បាតុកម្មជាមួយគណបក្ស សង្គ្រោះជាតិផងដែរ ! ប៉ុន្តែមានហេតុផលពីរដែលលោកត្រូវពិចារណា គឺទី១ បើគ្រាន់ តែធ្វើបាតុកម្មទាមទារតំណែងប្រធានសភាជាតិទេនោះ គឺលោកនឹងមិនចូលរួមជាមួយឡើយ ។ ប្រសិនបើបក្ស សង្គ្រោះជាតិ ធ្វើបាតុកម្មទាមទារឱ្យមានគណកម្មការចម្រុះឯករាជ្យជាតិ និងអន្តរជាតិចូលរួម គឺ សមាគមអ្នកប្រជា ធិបតេយ្យលោក នឹងចូលរួមដោយបាន  រៀបចំធ្វើក្តារម្ឈូសទុកសម្រាប់ ខ្លួនលោកថែមទៀតផង ។

លោក ម៉ម សូណង់ដូ ក៏បានប្រកាសអាសន្នឱ្យមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកប្រធាន សម រង្ស៊ី និងលោក អនុប្រធាន កឹម សុខា ត្រូវរៀបចំធ្វើក្តារម្ឈូសម្នាក់មួយដើម្បីដង្ហែចូលទីលានបាតុកម្មទាំងអស់គ្នាតែម្តង ព្រោះថា  បើតាមប្រសាសន៍លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិគឺលោកពិតជាត្រូវការពាររដ្ឋធម្មនុញ្ញ​ដោយ​ប្រើ​កម្លាំងទ័ពទប់ទល់ជាមួយបាតុកម្មនាពេលខាងមុខ ។

ប្រសិនបើបាតុកម្មនៅថ្ងៃទី ២៣ តុលា កើតឡើងនៅទូទាំងប្រទេសមែននោះ សួរថាកម្លាំងទ័ពអាចប្រើអាវុធមក បាញ់ សម្លាប់ប្រជាពលរដ្ឋនិងមន្ត្រីរាជការរួមទាំងកម្មករ ដែលគ្មានអាវុធនៅក្នុងដៃបានដូចការអះអាងរបស់លោក ទៀ  បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានដែរឬទេ ?… ។ បើមហាបាតុកម្មអាចឈានដល់ ដំណាក់កាលបង្ហូរឈាម មែននោះ តើប្រទេសទាំង ១៨  ដែលជាម្ចាស់ហត្ថលេខីលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស អាចបញ្ចប់ជម្លោះរវាងខ្មែរ បាន តាមវិធីណា ? ព្រោះបើសិទ្ធិធ្វើបាតុកម្មក៏មានចែងក្នុងរដ្ឋធម្មនុញ្ញែដរនោះ ដូច្នេះការប្រើហិង្សាណាមួយទៅ លើបាតុករ ដែលមានការធានាដោយរដ្ឋធម្ម នុញ្ញគឺជាសកម្មភាពខុសច្បាប់ ៕

Filed in: ព្រឹត្តិការណ៏នយោបាយ
© 8654 La Presse Nationale. All rights reserved. XHTML / CSS Valid.