ប្រជាពលរដ្ឋជាង 20គ្រួសារ នៅស្រុកស្អាង ខេត្តកណ្ដាល ដែលមានដី បង្កបង្កើនផលនៅចំណុច ទួលពន់រៃ ក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង បានទាមទារឲ្យ អាជ្ញាធរភូមិឃុំស្រុក ចុះបញ្ជីទទួលស្គាល់ ដីពួកគាត់ ដែលបានកាន់កាប់ មកជាច្រើនឆ្នាំ ដើម្បីធានាបានការគ្រប់គ្រង ដោយស្របច្បាប់ ។ ប៉ុន្តែកន្លងមក អាជ្ញាធរមិនបាន ចុះបញ្ជីឲ្យ ព្រោះសម្អាងថា មានការពាក់ព័ន្ធ ដោយមិនទាន់ ការឆ្វៀលចេញពីដីបឹង សាធារណៈរបស់រដ្ឋ ។
វាជាករណី ដែលចម្លែក នៅពេលឃើញវត្តមាន ឧកញ៉ាសំ ប៊ន ចុះទិញដី ក្នុងតំបន់នោះពីរទៅបីឆ្នាំមុន ដែលមានលោក គុន គឹម មេភូមិកំពង់ពោធិ៍ ជាអ្នកកាងទិញឲ្យ ឧកញ៉ាដែលធ្លាប់មាន រឿងអាស្រូវនៅភ្នំពេញរហូត សម្ដេចនាយករដ្ឋមន្ត្រី ព្រមានចំៗ និងរឿងអាស្រូវរំលោភយកដី នៅកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ផងនោះ បច្ចុប្បន្នកំពុងធ្វើព្យុះ ដោយប្រើអំណាច មេភូមិឲ្យលក់ដី ឲ្យក្នុងតម្លៃថោក ។ ប្រជាពលរដ្ឋជាង20គ្រួសារ ដែលរងការគំរាមកំហែង ពីមេភូមិកំពង់ពោធិ៍ ឲ្យលក់ដីក្នុងតម្លៃថោក ដោយលើកហេតុផលថា ជាដីសាធារណៈ របស់រដ្ឋ តើហេតុអ្វីបានជា ដីឧកញ៉ាសំ ប៊ន នៅក្បែរ ដីពលរដ្ឋអាចធ្វើ ប្លង់កម្មសិទ្ធ ស្របច្បាប់បាន ។
ដោយសារប្រជាពលរដ្ឋ ជាង20គ្រួសារ មិនព្រមលក់ដីក្នុង តម្លៃថោកទៅឲ្យ ឈ្មួញកណ្ដាល ដែលជាមេភូមិកំពង់ពោធិ៍ នេះហើយ ទើបលោកគុន គឹម ប្រើអំណាចឲ្យ ឈ្មួញប្រើគ្រឿងចក្រ ជីកលើដី ប្រជាពលរដ្ឋ ដឹកយកទៅលក់ ។ ទោះបីមាន ការតវ៉ាពីប្រជាពលរដ្ឋ យ៉ាងណាក្ដី ក៏លោកគុន គឹម ប្រើអំណាចមិនខ្វល់ ទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋឡើយ ដោយប្រជាពលរដ្ឋ បានមកប្ដឹងដល់ សាលាឃុំក្រាំងយ៉ូវ ទើបនៅថ្ងៃទី8 កុម្ភៈ ឆ្នាំ2023 វេលាម៉ោង2រសៀល មានការកោះហៅ លោកគុន គឹម ឲ្យមកបំភ្លឺនៅ សាលាឃុំក្រាំងយ៉ូវ ។ ទោះបីនៅក្នុងអង្គប្រជុំ លោកមេឃុំក្រាំងយ៉ូវ បានបញ្ជាក់ថា លោកពុំបានដឹងពី សកម្មភាពប្រើគ្រឿងចក្រ រំលោភលើដី ប្រជាពលរដ្ឋ រួមទាំងប្រជាពលរដ្ឋ ដែលបានសួរនាំទៅ អាជ្ញាធរស្រុកស្អាង ក៏លោកបដិសេធន៍ថា ពុំបានដឹងដែរ ។ ហើយអ្វីដែល ធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ទំនុកចិត្ត ទៅលើអាជ្ញាធរ ភូមិឃុំស្រុកស្អាងនោះគឺ លោកមេភូមិ កំពង់ពោធិ៍ បានធ្វើការសុំទោស ចំពោះប្រជាពលរដ្ឋ ដែលចូលរួមប្រជុំ និងលោកមេឃុំ ក្រាំងយ៉ូវ ស្រាប់តែរំសាយ អង្គប្រជុំទៅផ្ទះរៀងៗខ្លួនវិញ លោកគុន គឹម បញ្ជាគ្រឿងចក្រ ឲ្យជីកដីដាក់ឡាន ដឹកចេញទាំងល្ងាច ឆ្កុយរបស់គាត់ទៅវិញ ។
ដោយសារ លក្ខណៈសម្បត្តិ មេភូមិកំពង់ពោធិ៍ ហ៊ានសុំទោស ពលរដ្ឋក្នុងអង្គប្រជុំ រួចទៅធ្វើ សកម្មភាពផ្គើន 180ដឺក្រេ បែបហ្នឹងហើយ ទើបសម្ដេច នាយករដ្ឋមន្ត្រី ដែលឈរឈ្មោះតំណាងរាស្ត្រ ក្នុងខេត្តកណ្ដាល ហាក់បាត់បង់ជំនឿចិត្ត ទៅលើអាជ្ញាធរ ពិសេសគឺនៅ ស្រុកស្អាងនេះ តែម្ដង ។ សង្ឃឹមថា ឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ពិតជាយល់ និងធ្វើការ សម្រេចចិត្ត បែបណាឲ្យសាកសម ទៅនឹងតួនាទី ដែលថ្នាក់ដឹកនាំ មានទំនុកចិត្ត ក្នុងការកែទម្រង់ឲ្យ ប្រជាពលរដ្ឋនៅ ខេត្តកណ្ដាលមាន ទំនុកចិត្តខ្ពស់ មកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ជាក់ជាមិនខាន ព្រោះតម្រូវការ របស់ប្រជាពលរដ្ឋ ជាង20គ្រួសារ គឺទទួលបានសិទ្ធ ចេញប្លង់កម្មសិទ្ធ លើផ្ទៃដី27ហិកតា ដូចឧកញ៉ាសំ ប៊ន តែប៉ុណ្ណោះ ។