អាជ្ញាធរក្រុងព្រះសីហនុ ចុះបិទការដ្ឋាន សំណង់គ្មានច្បាប់ អនុញាត្តិសាងសង់ រំលោភលើដី ឆ្នេរសមុទ្រ តំបន់ទំនប់រលក ចំនួន០១ទីតាំង

ខេត្តព្រះសីហនុ៖ ការដ្ឋានសំណង់ ដ៏ធំ០១កន្លែង ដែលបាន ធ្វើការសាងសង់ បុកគ្រឹះលើដីឆ្នេរសមុទ្រ តំបន់ទំបន់រលក ស្ថិតក្នុងភូមិលេខ០៣ សង្កាត់លេខ០១ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ត្រូវបានក្រុមការងារចម្រុះ របស់រដ្ឋបាល ក្រុងព្រះសីហនុ ចុះបិទបញ្ឈប់ សកម្មភាពសាងសង់ ជាបណ្តោះអាសន្ន ក្រោយពិនិត្យឃើញថា ការដ្ឋានសំណង់ ទីតាំងខាងលើនេះ មិនមានច្បាប់អនុញាត្តិ ។ មន្រ្តីក្រុមការងារ រដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ការដ្ឋានសំណង់នេះ បានធ្វើការសាងសង់ បានប្រមាណ ២០ទៅ ៣០ភាគរយហើយ ដោយមិនមាន ច្បាប់អនុញ្ញាតនោះទេ ។ ម្ចាស់ សំណង់មានឈ្មោះ សួង សុខា (ហៅកៃ) ប្រពន្ធឈ្មោះ ទី ខាន់ ជាអាជីវករ រកស៊ីលក់ដូរ ផលនេសាទ ។ បច្ចុប្បន្ននេះ ក្រុមការងារ បានសម្រេចធ្វើការ ផ្អាកមិនអនុញ្ញាតឲ្យ ធ្វើការសាងសង់ បន្តទៀតនោះឡើយ ។ ការដ្ឋាននេះ អាចសាងសង់ បន្តទៀតបាន លុះត្រាតែមាន ច្បាប់អនុញាត្តិត្រឹមត្រូវ តែមិនទាន់ មានច្បាប់ទេនោះ គឺមិនអាចសាងសង់ បានឡើយ ។ ក្នុងករណី មិនអនុវត្តតាមទេ រដ្ឋបាលក្រុងព្រះសីហនុ នឹងចាត់វិធានការ តាមផ្លួវច្បាប់ ។
គួរបញ្ជាក់ផងដែរថា តំបន់ឆ្នេរសមុទ្រ តំបន់ទំនប់រលក តំបន់កោះព្រាប និងតំបន់រំដួលជើងភ្នំ មានសំណង់បែបនេះ ជាច្រើនកន្លែង ត្រូវបានគេឃុប ឃិតគ្នា ធ្វើការសាងសង់ ដោយមិនមាន ច្បាប់អនុញ្ញាត្តិអ្វីនោះទេ ហើយសម្រាប់ មន្រ្តីពាក់ព័ន្ធ ដែលចុះអនុវត្ត កន្លងមក បានត្រឹមតែ ឲ្យម្ចាស់សំណង់ ធ្វើកិច្ចសន្យា បញ្ឈប់ការសាងសង់ និងតម្រូវឲ្យ ម្ចាស់សំណង់សុំច្បាប់ អនុញាត្តតែប៉ុណ្ណោះ ។ ប៉ុន្តែរាល់កិច្ចសន្យា ទាំងនោះ ហាក់ដូចជា គ្មានប្រសិទ្ធិភាព អ្វីបន្តិចសោះឡើយ គឺធ្វើឲ្យរួចពីដៃតែប៉ុណ្ណោះ  ។ ហើយអ្វីដែល គួរឲ្យកត់សម្គាល់ ផងដែរនោះ គឺរាល់ សំណង់ដែល បានធ្វើការហាមឃាត់ ជាច្រើនកន្លងមក មិនត្រូវបានផ្អាក ការសាងសង់ ឬរុះរើតាមកិច្ចសន្យា ក៏ដូចជា សេចក្តីណែនាំ របស់ក្រុមមន្រ្ តីអនុវត្តច្បាប់នោះឡើយ តែផ្ទុយទៅវិញ ក្រុមម្ចាស់សំណង់ ល្មើសទាំងនោះ ក្រោយពីក្រុមមន្ត្រី អនុវត្តច្បាប់ចេញផុត ពួកគេក៏បាន ធ្វើការសាសង់ បន្តភ្លាមៗ រហូតរួចរាល់ជាស្ថាពរ ដោយពួកគេ និយាយថា ប្រើប្រាស់រូបមន្ត (មានលុយជួល ខ្មោចឱ្យកិនម្សៅ) គឺមានប្រសិទ្ធភាព ខ្លាំងណាស់  ។

នេះជាទង្វើមួយ ដែលអាច និយាយបានថា គឺជាការមិនទទួលខុសត្រូវ យ៉ាងពិតប្រាកដ របស់មន្រ្តីអ្នក អនុវត្តច្បាប់ ។ ដូចនេះថ្នាក់ដឹកនាំ អាជ្ញាធរ ក្រុង ខេត្តព្រះសីហនុ គួរធ្វើការពិនិត្យឡើងវិញ ឱ្យបានម្តងហើយ ដើម្បី មានវិធានការ ផ្លួវច្បាប់ចំពោះមន្រ្តី ដែលមានការពាក់ព័ន្ធ ។ តាមរយៈការ លើកឡើងនេះ ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ សង្ឃឹមថា ថ្នាក់ដឹកនាំ អាជ្ញាធរក្រុងខេត្ត នឹងអនុវត្តកិច្ចការនេះ តាមផ្លូវច្បាប់ឲ្យមាន ប្រសិទ្ធិភាព ដើម្បីជាការព្រមាន ដល់ជនខិលខូចក្រោយៗ ដែលមានបំណង រំលោភ យកដីឆ្នេរសមុទ្រ ដីចំណីផ្លូវ សាធារណៈ របស់រដ្ឋ​ ។ ក្នុងករណីនេះ បើសិនជា មន្ត្រីពាក់ព័ន្ធ មិនអាចធ្វើបានទេនោះ គឺចប់ហើយ ប្រជាពលរដ្ឋ ក៏អស់ជំនឿ លើការអនុវត្តច្បាប់ របស់ថ្នាក់ដឹកនាំ រដ្ឋបាលក្រុងព្រះសីហនុ ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅ តំបន់ទំបន់រលក តំបន់កោះព្រាប និងតំបន់រដូលជើងភ្នំ ពីព្រោះថាបើយោងតាម ចរាចរណ៍ណែនាំ របស់ រាជរដ្ឋាភិបាល លេខ ០១ ស្តីពីការគ្រប់គ្រង់ តំបន់ឆ្នេរ សំណង់ទាំងនោះ បើទោះជាសុំច្បាប់ ក៏មិនអាចឲ្យបានដែរ ពីព្រោះវាជា ដីឆ្នេរសមុទ្រ របស់រដ្ឋ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8655 La Presse Nationale. All rights reserved. XHTML / CSS Valid.