កិច្ចប្រជុំដើម្បី ដកពិសោធន៍ការងារ បង្រ្កាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ នឹងការបង្រ្កាប ល្បែងស៊ីសងគ្រប់ប្រភេទ

ព្រះសីហនុ៖ ឯកឧត្ដម គួច ចំរើន អភិបាលនៃ​ គណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីដកពិសោធន៍ការងារ បង្រ្កាបការជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងការអនុវត្តតាមសារសម្លេង របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី  ពាក់ព័ន្ធ នឹងការបង្រ្កាប ល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងប្រទេស ។

កិច្ចប្រជុំនេះបានធ្វើឡើង នារសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមានចូលរួមពី  លោកអភិបាលរងខេត្ត នាយកដ្ឋានកណ្តាលសន្តិសុខ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការសាលាខេត្ត មេធាវីសាលាខេត្ត អធិការនគរបាលក្រុងស្រុក មេបញ្ជាការមូលដ្ឋាន អាវុធហត្ថក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ។

ឯកឧត្តម គួច ចំរើន អភិបាល   នៃគណៈអភិបាល ខេត្តព្រះសីហនុ  និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ បានមានមតិលើកឡើងថា កិច្ចប្រជុំថ្ងៃនេះតាមកម្មវិធីដែលបានគ្រោងទុក គឺដើម្បីត្រួតពិនិត្យ ដកបទពិសោធន៍នៃការ ចុះអនុវត្តករណីការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងអនុវត្តតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី តាមរយៈសារសម្លេង ឱ្យចុះបង្រ្កាប និងបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងប្រទេស។ ដូច្នេះសូមឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវស្តាប់សារសម្លេងរបស់ សម្តេចតេជោ ឱ្យបានគ្រប់ៗគ្នា និងត្រូវអនុវត្តឱ្យបានម៉ឺងមាត់ តាមបទបញ្ជានេះ ។ ពាក់ព័ន្ធនឹងការបង្រ្កាប ល្បែងស៊ីសងគ្រប់ប្រភេទនេះ ស្នើឱ្យគណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុង-ស្រុក  ត្រូវចុះធ្វើការអប់រំ ចាត់វិធានការរដ្ឋបាល និងធ្វើកិច្ចសន្យាបិទទីតាំង ល្បែងស៊ីសងគ្រប់ប្រភេទ ជាដាច់ខាត ករណីរឹងរូស គណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវសួរយោបល់ព្រះរាជអាជ្ញា និងមេធាវីប្រចាំ រដ្ឋបាលខេត្តព្រះសីហនុជាមុន  ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

បន្ទាប់ពីមានការពិភាក្សា  និងផ្លាស់ប្តូរយោបល់គ្នា យ៉ាងផុលផុស អង្គប្រជុំបាន  សម្រេចដាក់ចេញនូវ វិធានការដូចខាងក្រោម ៖

– អភិបាលក្រុង-ស្រុក អធិការ និងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក  ត្រូវដឹកនាំ កិច្ចប្រជុំនៅល្ងាចនេះ និងត្រូវចុះអនុវត្តបិទទីតាំងឡូតូ និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយត្រូវធ្វើកំណត់ហេតុ ឱ្យបានច្បាស់លាស់ រួចត្រូវបូកសរុបរបាយការណ៍ ជូនរដ្ឋបាលខេត្តនៅ ពេលល្ងាចថ្ងៃដដែល និងថ្ងៃបន្តបន្ទាប់។

– មុនពេលចាត់វិធានការ ផ្លូវច្បាប់លើទីតាំងដែលរឹងរូស អភិបាលក្រុង-ស្រុក ត្រូវទូរស័ព្ទដោយផ្ទាល់ ទៅព្រះរាជអាជ្ញា  ដើម្បីសម្របសម្រួលនីតិវិធី ។

– នៅក្នុងតារាងតាមដាន ប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ ត្រូវរៀបចំ ១. លេខរៀង, ២. លេខកូដ, ៣. កាលបរិច្ឆេទ, ៤. ប្រភព, ៥. ទីតាំង, ៦. អាសយដ្ឋាន, ៧. ក្រុមប្រតិបត្តិការ, ៨.  អយ្យការដឹកនាំនីតិវិធី, ៩. កាលបរិច្ឆេទចាប់ផ្តើមប្រតិបត្តិការ និងបញ្ចប់ប្រតិបត្តិការ, ១០. កម្មវត្ថុបណ្តឹង ១១. លទ្ធផលនៃការស្រាវជ្រាវ និង១២. ផ្សេងៗ។ ករណីមានបទល្មើស ត្រូវបញ្ជាក់អំពីជនរងគ្រោះ និងជនសង្ស័យដែលត្រូវផ្តន្ទាទោស ។

– ចំពោះការចុះប្រតិបត្តិការ ការងារតាមទីតាំងនីមួយៗ  មន្រ្តីនគរបាលយុត្តិធម៌  ជាអ្នកធ្វើកំណត់ហេតុ និងជាអ្នកឆែកឆេរទីតាំង និងមនុស្ស ។

– ពេលក្រុមការងារចុះអនុវត្ត ប្រសិនបើរកឃើញថា បង្ខាំងឱ្យធ្វើការ  ត្រូវពិន័យ  ២.៦២០.០០០រៀល និងបង្ខំធ្វើការលើសម៉ោង ត្រូវពិន័យ ១.៦៨០.០០០រៀល តាមច្បាប់ស្តីពីការងារ ។

– រៀបចំក្រុមការងារឱ្យ បានច្បាស់លាស់ ៖ ក្រុមទី១. ក្រុមចុះប្រតិបត្តិការ, ក្រុមទី២. ក្រុមត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ក្រុមទី៣. ក្រុមត្រួតពិនិត្យផលនៃបទល្មើស ក្រុមទី៤. ក្រុមធ្វើកំណត់ហេតុ និងរបាយការណ៍ ។ ការចុះប្រតិបត្តិការលើកក្រោយ ខ្ញុំនឹងប្រគល់ភារកិច្ចជូន អភិបាលរងខេត្ត ០៤រូបជាអ្នកដឹកនាំ ។

– កម្លាំងកងរាជអាវុធហត្ថ ជាអ្នកទទួលខុសត្រូវត្រួតពិនិត្យ ជុំវិញទីតាំងចុះប្រតិបត្តិការ ។

– កិច្ចប្រតិបត្តិការលើកក្រោយ ត្រូវមានក្រុមឈុតខ្មៅមួយក្រុម ចាំជួយគាំទ្រ មានរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់ ។

– ស្នើធ្វើរបាយការណ៍បញ្ចប់ ប្រតិបត្តិការឆែកឆេរអគារ ឆាងឆឹង ដើម្បីស្នើសុំមតិដឹកនាំពី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

– រាល់ការចុះប្រតិបត្តិការ ស្នើឱ្យមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា  ដែលមានក្រឡាបញ្ជី ជាអ្នកធ្វើកំណត់ហេតុ ។

– ត្រូវកំណត់ទីតាំងអាជីវកម្មមានច្បាប់ និងអត់ច្បាប់ក្នុងតារាង តាមដានប្រតិបត្តិការជាមុន ។  ចំពោះមុខត្រូវចុះពិនិត្យ ទីតាំងដែលអត់ច្បាប់ និងទីតាំងដែលមានបណ្តឹងពាក់ព័ន្ធ ការធ្វើទារុណកម្មមនុស្ស ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 8655 La Presse Nationale. All rights reserved. XHTML / CSS Valid.