អាមេរិកបង្ហាញសញ្ញា ធ្វើសង្គ្រាមបំបាក់ចិន និងរុស្ស៊ីក្នុងពេលតែមួយ

ក្រោយសង្គ្រាម លើកលោកទី២ បានបិទបញ្ចប់ បណ្ដាប្រទេស មហាអំណាចនៅលើពិភពលោក បានមូលមតិគ្នា បង្កើតឲ្យមានច្បាប់ ដើម្បីចូលរួមដោះស្រាយ វិវាទរវាងប្រទេស និងប្រទេស គឺស្ថាប័ន អង្គការសហប្រជាជាតិ ដែលមាន បណ្ដាប្រទេសទាំងអស់ ជាសមាជិក ។ ប៉ុន្តែប្រសិទ្ធភាព ក្នុងការដោះស្រាយ ជម្លោះរវាងបណ្ដាប្រទេស នីមួយៗត្រូវបានអង្គការសហប្រជាជាតិ សម្រេចជ្រើសរើស យកប្រទេសមហាអំណាច ៥រួមមាន អាមេរិក រុស្ស៊ី អង់គ្លេស បារាំង និងចិន ជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិដើម្បីធ្វើការវិនិច្ឆ័យ សម្រេចជាឯកឆន្ទ ក្នុងការដាក់ទណ្ឌកម្ម និងប្រឆាំង ទៅលើប្រទេសណាមួយដែល រំលោភបំពាន ទៅលើប្រទេសផ្សេងទៀត រួមទាំងការដឹកនាំ រំលោភបំពាន ទៅលើសិទ្ធនៅក្នុង ប្រទេសនោះផងដែរ ។

ផ្អែកតាមស្ថានការណ៍ បង្កឲ្យមានសង្គ្រាម រវាងមហាអំណាចរុស្ស៊ី ដែលប្រើកម្លាំងវាយចូលប្រទេសអ៊ុយក្រែន គឺពិតជាបានធ្វើឲ្យ គុណតម្លៃនៃ អង្គការសហប្រជាជាតិ ដែលពឹងផ្អែកទៅលើប្រទេស មហាអំណាចទាំង៥ ដែលជាសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សា សន្តិសុខមានតួនាទី សម្របសម្រួល ដើម្បីបញ្ចប់ជម្លោះ មិនអាចដោះស្រាយបាន ព្រោះតែរុស្ស៊ី ដែលជាសមាជិក ទាំង៥ប្រទេស ជាអ្នកបង្កឲ្យមានសង្គ្រាម ហើយថែមទាំងមានសិទ្ធ វ៉េតូលើការសម្រេចថែមទៀតផង ។ ទោះបីមានទណ្ឌកម្ម ពីសហរដ្ឋអាមេរិក និងអឺរ៉ុបរួមទាំងបណ្ដាប្រទេស ជាច្រើននៅលើ ពិភពលោក ទៅលើប្រទេសរុស្ស៊ី ប៉ុន្តែប៉ូលពីរ នៅក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ កំពុងស្ដែងឲ្យឃើញ ក្រោមរូបភាព មហាអំណាចចិន ទោះបីប្រទេសនេះ ប្រកាសមិនគាំទ្រ ឲ្យមានសង្គ្រាម ទៅលើប្រទេសអ៊ុយក្រែនក្ដី តែចិនបែរជាចោទប្រកាន់ទៅលើ ការដាក់ទណ្ឌកម្ម មកលើរុស្ស៊ីទៅវិញ ។

ដោយមិនអាច ទ្រាំមើលសកម្ម ប្រទេសចិន នៅតែបន្តទិញប្រេង ពីរុស្ស៊ីកាន់តែមានកំណើនខ្ពស់ ដោយពុំមានចេតនា ចូលរួមដោះស្រាយ ទំនាស់បង្កជាភ្លើងសង្គ្រាម ឈ្លានពាន អ៊ុយក្រែន ទើបសហរដ្ឋអាមេរិក បង្កើតព្រឹត្តិការណ៍ បញ្ជូនប្រធាន សភាមកកាន់ កោះតៃវ៉ាន់ដើម្បីផ្គើនចិន ។ ទោះបីថា ក្រុងប៉េកាំង បានប្រតិកម្មខ្លាំងៗ រហូតធ្វើសមយុទ្ធ មិនធ្លាប់មាន ហ៊ុមព័ទ្ធ កោះតៃវ៉ាន់ក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិក ដែលកំពុងជាប់ដៃ ជួយអ៊ុយក្រែនលើសព្វាវុធជាច្រើន ហាក់បានបន្ត សកម្មភាពដោយប្រើ នាវាចម្បាំងខ្នាតយក្ស រួមទាំងយន្តហោះចម្បាំងទៅ គៀកនឹងច្រក សមុទ្រតៃវ៉ាន់ ហាក់បានបង្ហាញ សញ្ញាយ៉ាងច្បាស់ៗថា ទិសដៅធ្វើសង្គ្រាមបំបាក់ ​​រុស្ស៊ីតាមការបញ្ចេញ អាវុធទៅឲ្យអ៊ុយក្រែន គឺត្រូវធ្វើ សង្គ្រាមបំបាក់ ចិនកុម្មុយនីស្ត ក្នុងពេលតែមួយ ។

អាចនិយាយបានថា ប្រសិនបើ អាមេរិកបំបាក់រុស្ស៊ី និងចិនក្នុងពេលតែមួយបាន ពិភពលោក ដែលបែងចែកប៉ូលពីរ នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាចនឹងមានការកែទម្រង់ឡើងវិញ  ។ ពុំនោះទេ ស្ថាប័នអង្គការ សហប្រជាជាតិបច្ចុប្បន្ន ពិតជាគ្មានតម្លៃ អ្វីទាំងអស់ សម្រាប់ស្វែងរកសន្តិភាព ដល់បណ្ដាប្រទេសទន់ខ្សោយ ជាក់ស្ដែង​សូម្បី វិបត្តិដែលបង្កឡើងដោយមេយោធា មីង អ៊ុងលាំង ធ្វើរដ្ឋប្រហារ បង្កឲ្យប្រជាជន ភូមារាប់ម៉ឺននាក់ បាត់បង់ជីវិត និងបន្តអូសបន្លាយ នូវសង្គ្រាមរហូតមាន ការថ្កោលទោស ពីអង្គការសហប្រជាជាតិក្ដី ក៏មេដឹកនាំផ្ដាច់ការរុស្ស៊ី នៅតែចងសម្ព័ន្ធភាព ជាមួយមេរដ្ឋប្រហារផងដែរ ។ ហើយចិនដែលគេសង្ស័យថា អាចនៅពីក្រោយរដ្ឋប្រហារ ក៏ពុំបានថ្កោលទោស មេយោធានោះដែរ ទើបមានការសម្រេចចិត្ត ពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់វត្តមាន នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ តាមរយៈសង្គ្រាម ទើបអាចឈានដល់ ដំណើរការស្វែងរកសន្តិសុខ ជូនពិភពលោកមួយ ដែលស្ថិតនៅក្រោម អំណាចច្បាប់បាន ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានអន្តរជាតិ
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.