ល្បែងភ្នាល់ទឹកភ្លៀង ដុះស្លែនៅសង្កាត់អូរឬស្សី2 សមត្ថកិច្ចមិនបង្ក្រាប

នៅតាមបណ្ដោយផ្លូវ139 កែងនឹងស្តុបមហាវិថី ហ្សាលដឺហ្គោល នៅជាន់ខាងលើ ដំបូលផ្ទះល្វែង គឺជាទីតាំងភ្នាល់ទឹកភ្លៀង ដែលធំជាងគេស្ថិតក្នុង សង្កាត់អូរឬស្សី2 ខណ្ឌ7មករា រាជធានីភ្នំពេញ ។​ ប្រភពបានឲ្យដឹងថា ទីតាំងភ្នាល់ទឹកភ្លៀង ដ៏ធំមួយនេះ បានបង្កើតទីតាំង ជាសាខាច្រើនកន្លែង​ទៀត ក្នុងរាជធានីភ្នំពេញ ។

មានការលើកឡើងថា ទីតាំងភ្នាល់ទឹកភ្លៀង នៅសង្កាត់អូរឬស្សី2នេះ គឺបើកលេងជាង10ឆ្នាំមកហើយ ឲ្យតែដល់រដូវភ្លៀងធ្លាក់ គឺចាប់ផ្ដើមបើកលេង ដែលមានម្ចាស់ឈ្មោះ(តាសួ) ។ ប៉ុន្តែចាប់តាំងពីកើត កូវីតមកតាសួដែលជា មេល្បែងគឺគាត់ នៅឯក្រៅប្រទេស ដោយប្រគាល់ឲ្យក្រុមគ្រួសារ បន្តមមរតកល្បែងដុះស្លែ ព្រោះជាប្រភេទល្បែងដែល កើបលុយក្នុងមួយរដូវភ្លៀងម្ដងៗ ក៏បានមិនតិចដែរ ។

ពិតណាស់ថាគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទាំង9ចំណុចបានបញ្ជាក់ យ៉ាងច្បាស់ថាល្បែង ស៊ីសងគ្រប់ប្រភេទ បង្កឲ្យមានអំពើហិង្សា ក្នុងគ្រួសាររួមទាំងសកម្មភាព ចោរលួច ឆក់ប្លន់ ធ្វើឲ្យប្រជាពលរដ្ឋមាន ការភ័យខ្លាច ។ ចុះបើល្បែងភ្នាល់ទឹកភ្លៀង របស់តាសួក្នុង សង្កាត់អូរឬស្សី2 ខណ្ឌ7មករា រាជធានីភ្នំពេញ ទាំងអាជ្ញាធរនិង សមត្ថកិច្ចបុស្តិ៍អធិការ និងស្នងការបិទភ្នែក ឲ្យបទល្មើសបើកលេង ដើម្បីតែស្វែងរកផលប្រយោជន៍ បែបហ្នឹង តើប្រជាពលរដ្ឋអាចរំពឹង ទៅលើសុខសុវត្ថិភាព បានដោយរបៀបណា ។

នៅក្នុងទិវាសេរីភាព សារព័ត៌មានពិភពលោក ឯកឧត្ដមហ៊ុន ម៉ាណែត បានចូលរួមជាអធិបតី ក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្បាស់ៗថា ស្ថាប័នសារព័ត៌មានគឺជា អំណាចទី4 ។ អ្នកសារព័ត៌មានបាន ចូលរួមជួយសង្គមយ៉ាងច្រើន ដូចជាផ្ដល់ព័ត៌មានដល់ សាធារណៈជនឲ្យបានដឹង ។ ភាពអសកម្មនានា គឺអ្នកសារព័ត៌មានជាអ្នក រួមចំណែកផ្សព្វផ្សាយ ឲ្យប្រមុខរាជរដ្ឋាភិបាល បានដឹងរហូតមានបទបញ្ជា ឲ្យកងកម្លាំងចុះទៅអនុវត្ត ។

តើការផ្សព្វផ្សាយពីបទល្មើស ល្បែងស៊ីសងភ្នាល់ទឹកភ្លៀង ដុះស្លែនៅកណ្ដាលក្រុងភ្នំពេញ គឺជាការរួមចំណែកផ្ដល់ព័ត៌មាន ឲ្យអាជ្ញាធរនិងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់លោក បានជ្រាបតែប៉ុណ្ណោះ ។​ ប៉ុន្តែបើអាជ្ញាធរនិង សមត្ថកិច្ចក្នុងក្រុង លោកជ្រាបហើយ តែមិនព្រមអនុវត្ត គឺជារឿងមួយផ្សេងទៀត ព្រោះទោះបីអ្នកសារព័ត៌មាន ត្រូវបានប្រមុខរាជរដ្ឋាភិបាល ទទួលស្គាល់ជាអំណាចទី4 ក៏ពិតមែនប៉ុន្តែវាគ្រាន់ ជាអំណាចចូលរួមផ្សព្វផ្សាយ តែប៉ុណ្ណោះហើយការ អនុវត្តជាក់ស្ដែងគឺមានតែ អំណាចនិតិប្រតិបត្តិតែប៉ុណ្ណោះទើបអាចធានា ដល់សុខ សុវត្តិភាព ជូនប្រជាពលរដ្ឋបាន ពិតប្រាកដ ។

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2023 La Presse Nationale. All rights reserved. XHTML / CSS Valid.