ច្បាប់នៅស្រុកខ្មែរ ពិបាកនឹងយល់! បានជាថាពិបាកនឹងយល់ ព្រោះសកម្មភាព បទល្មើសដែលមាន ទ្រង់ទ្រាយដូចៗគ្នា ប៉ុន្តែមានបទល្មើសខ្លះ ត្រូវបានគេចោទពីបទ កំហែង(ទាប្រាក់) ពីក្រុមជនល្មើស បើគិតពីឆ្នាំ1993 រហូតមកដល់បច្ចុប្បន្ន ត្រូវបានគេកត់សម្គាល់ ពីបទកំហែងកើតមាន តែទៅលើអ្នកកាសែត តែប៉ុណ្ណោះ ។
ប្រភពច្បាស់ការជាច្រើន បានចង្អុលមុខចំៗ ទៅលើស្ថាប័នគយ ប្រចាំច្រកទ្វារអន្តរជាតិដារ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអំណាចលោក យឹម វណ្ណៈ ដែលប្រើតួនាទីជំរិត ទាប្រាក់ដោយតម្រូវឲ្យរ៉ឺម៉ក ម៉ូតូដឹកឥវ៉ាន់ពីវៀតណាម មួយគ្រឿងបង់លុយឲ្យ 40000រៀល ឡានប្រភេទភ្លៅ3 បង់ឲ្យ32ម៉ឺនរៀល ឡានខ្នាត5តោន បង់ឲ្យ25ម៉ឺនរៀល ឡាន2តោនកន្លះបង់ ឲ្យ165000រៀល ។ លុយដូចបានរៀបរាប់នេះ គឺពុំមានចេញវិក្ក័យបត្រ ចូលរដ្ឋនោះទេ គឺជាលុយច្រកចូលហោប៉ៅ ដោយក្នុងមួយថ្ងៃៗរកបាន រាប់សិបលានរៀលឯណោះ ។
តាមពិតទៅគយជាមន្រ្តីរាជការ មានប្រាក់ខែដែល កំណត់ដោយរដ្ឋ រួមទាំងប្រពន្ធកូន ដែលរស់ក្នុងបន្ទុកថែមទៀតផង ។ ទោះបីថាមន្ត្រីគយ ច្រកទ្វារអន្តរជាតិដារ ប្រើតួនាទីជំរិតទាប្រាក់ រាប់សិបលានក្នុងមួយថ្ងៃៗ ក៏ករណីនេះមិនត្រូវបាន ជាប់ចោទពីបទកំហែងអ្វីទាំងអស់ គ្រាន់តែស្រីស្នេហ៍មេគយច្រកដា រស់នៅក្នុងបូរីជិះឡានទំនើប 330បង្ហាញនូវភាព មានបានតាមការប្រើតួនាទី ទៅជំរិតដោយមិនខ្វល់ ពីបទចោទប្រកាន់កំហែង ទាប្រាក់ដូចអ្នកកាសែតឡើយ ។
រយៈពេលមួយខែនេះ មានអ្នកកាសែតដែល តាមប្រម៉ាញ់បទល្មើស ព្រៃឈើនៅខេត្តព្រះវិហារ ត្រូវបានចាប់ខ្លួន8នាក់ ពីបទកំហែងទាប្រាក់ រហូតធ្វើឲ្យភរិយាអ្នកកាសែត ម្នាក់ដែលជាប់ចោទ គាំងបេះដូងស្លាប់បន្ទាប់ ពីទទួលដំណឹងពីស្វាមី ។ ចំណែកនៅខេត្តកណ្ដាលវិញ ក៏មានអ្នកកាសែត5នាក់ ដែលចុះទៅយកព៏ត៌មាន នៅកន្លែងបទល្មើស ល្បែងស៊ីសងខុសច្បាប់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅ តុលាការពីបទកំហែងដូចគ្នា ប៉ុន្តែរឿងដែលចម្លែកនោះគឺ ក្រុមជនល្មើសទាំងពីរករណី ពុំត្រូវបានចាប់ខ្លួនឡើយ ។
មានការងឿងឆ្ងល់ថា ករណីអ្នកសារព័ត៌មាន និងមន្រ្តីគយច្រកទ្វារអន្តរជាតិដារ ដែលប្រើតួនាទី ទៅជំរិតទាប្រាក់ ហេតុអ្វីក៏ពុំជាប់ពាក់ពន្ធ័ ទៅនឹងបទកំហែង ទាប្រាក់ទៅវិញ ។ ព្រោះបើសង្គមខ្មែរ រស់ក្រោមដំបូលរដ្ឋធម្មនុញ្ញ តែមួយស្មើភាពគ្នាចំពោះ មុខច្បាប់មានតែត្រូវសុំការ បំភ្លឺពីឯកឧត្ដមរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ដើម្បីធ្វើការបកស្រាយ ដើម្បីបានយល់ដឹងពីច្បាប់ ស្តង់ដាពីរនេះហើយ ទើបអ្នកសារព័ត៌មាន អាចទទួលបានចំណេះដឹង បន្ថែមដើម្បី គេចចេញពីបទចោទប្រកាន់នានា ក្នុងការអនុវត្តក៏ដូចជា ការផ្សព្វផ្សាយនាពេល ខាងមុខ ។
បើពិនិត្យទៅលើស្ថានភាព ជាក់ស្ដែងគ្មានអ្នកកាសែត ណាម្នាក់មានលុយទិញផ្ទះ និងផ្ញើលុយនៅបរទេសនោះដែរ ប៉ុន្តែបើមន្ត្រីគយគឺពិតជា មានមិនតិចទែ ពិសេសគឺលោក គុណ ញឹម តែម្ដង រហូតព័ត៌មានចេញផ្សាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស ឲ្យដឹងយ៉ាងច្បាស់ថែមទៀតផង ដែលអង្គភាពប្រឆាំងអំពើ ពុករលួយក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ឯកឧត្តមបណ្ឌិត្យ ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុក ប្រធានអង្គភាពប្រឆាំង អំពើពុករលួយមិនគួរ មើលរំលងនោះទេ។ ពុំនោះទេពាក្យថាស្មើភាពគ្នា ចំពោះមុខច្បាប់គ្រាន់តែ ជាទ្រឹស្ដីដែលគេសូត្រតាម សៀវភៅច្បាប់ដើម្បីលម្អរសង្គម តែប៉ុណ្ណោះ ៕