ក្រោមការបញ្ជា ពីនាយឧត្ដមសេនីយ៍ សៅ សុខា កម្លាំងចម្រុះ ចុះបង្រ្កាបឈើ 200ដុំ នៅស្រុកសំបូរ

ទោះបីថា ព្រះសូរិយាជិតលិច ទៅហើយនៅ ល្ងាចថ្ងៃទី14 កម្ភៈ 2021 វេលាម៉ោង 5និង33នាទី កម្លាំងចម្រុះដែល មានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដោយមានការ បញ្ជាពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធាន គណៈកម្មការជាតិ ទប់ស្កាត់និង បង្ក្រាបបទល្មើស ធនធានធម្មជាតិ សហការជាមួយ កងរាជអាវុធហត្ថ ខេត្តក្រចេះ កម្លាំងរដ្ឋបាលព្រៃឈើ ថ្នាក់ជាតិនិង កម្លាំងមន្ត្រីបរិស្ថាន បានចុះរឹបអូស បទល្មើសព្រៃឈើ បានចំនួន200ដុំ ។

តាមការសិក្សា វាយតម្លៃពីមន្ត្រីជំនាញ គឺជាក្រុមឈ្មួញដែល ជាជនល្មើសយកឈើ មកលាក់ទុកនៅ ចំណុចដើមស្វាយធំ ស្ថិតក្នុង ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ គឺដើម្បីឆ្លៀតឱកាស ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ដើម្បីនាំចេញ ដោយមធ្យោបាយ ទូកតាមដងទន្លេមេគង្គ ។

ពិតណាស់ថា ភូមិសាស្រ្ដទឹកដី ស្រុកសំបូរ ខេត្តក្រចេះ គឺលាតសន្ធឹងជាប់ នឹងដែនអភិរក្សព្រៃឡង់ ដែលទទួល ព្រះរាជក្រិត្យ ដើម្បីថែរក្សាក្រោម ការគ្រប់គ្រង ការពារដោយ ក្រសួងបរិស្ថាន ដែលមានស្នាក់ការ នៅក្នុងដែនអភិរក្ស តែម្ដង ។ មានការលើកឡើងថា បើគ្មានការឃុបឃិត ពីមន្ត្រីស្នាក់ការបរិស្ថាន ទេនោះ ឈើទាំង200ដុំ ក៏មិនអាចដឹកចេញ ពីព្រៃឡង់មករក្សាទុក នៅចំណុច ដើមស្វាយធំ ក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ បាននោះដែរ។

ប្រភពច្បាស់ការ កន្លងមក បទល្មើសព្រៃឈើ ដែលដឹកចេញពី តំបន់ព្រៃឡង់ ក្នុងស្រុកសំបូរ ត្រូវបានក្រុមឈ្មួញ ដឹកចេញទៅលក់ ឆ្លងកាត់ ស្រុកក្រូចឆ្មា ឆ្លងទៅ ស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ។ នៅពេលមានការ បង្រ្កាបឈ្មួញក៏ បង្វែទិសដៅ ដឹកឆ្លងកាត់ ខេត្តត្បូងឃ្មុំ វិញម្ដង រហូតដល់ពេលនេះ គឺឈ្មួញមានការ ដឹកជញ្ជូន តាមទន្លេមេគង្គ ដូចឃើញគំនរឈើ ជាភស្តុតាងស្រាប់ ។ ទីបំផុតព្រៃឈើ នៅតែបន្តវិនាសហិនហោច ប្រសិនបើសមត្ថកិច្ច មូលដ្ឋាននៅ តែបន្តឃុបឃិត ជាមួយបទល្មើស ទោះបីមានការចុះបង្រ្កាប ម្ដងម្កាលពីកម្លាំង ថ្នាក់ជាតិ ក៏មិនអាំចទប់ស្កាត់ បទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធភាព បានដែរ ។​ ទីបំផុតសកម្មភាព ឃុបឃិតស្វៃងរក ផលប្រយោជន៍ ពីមន្ត្រីថ្នាក់ក្រោម ត្រូវបានគេរិះគន់ ភាពអសកម្មរបស់ មន្រ្តីថ្នាក់ជាតិទៅវិញ ។

ជាក់ស្ដែងសកម្មភាព បង្រ្កាបឈើទាំង200ដុំ​ នៅស្រុកសំបូរ បើគ្មានកម្លាំងថ្នាក់ជាតិ ចុះដោយផ្តាល់ទេ ម៉្លេះសមឈើ អាចនឹងទៅដល់ ប្រទេសវៀតណាម នាពេលប៉ុន្មានថ្ងៃ ខាងមុខជាក់ជាមិនខាន ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.