ដោយ ៖ ជាតិ
ស្របពេលគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើបាតុកម្មអហិង្សា ៣យប់៣ថ្ងៃ នៅទីលានប្រជាធិបតេយ្យដែលចាប់ផ្តើម នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីទាមទារបង្កើតគណៈកម្មការ ស៊ើបអង្កេតឯករាជ្យ បញ្ហាអសន្តិសុខក្រោមរូបភាព បង្កៃគ្រាប់ M79 ចំនួន ៣គ្រាប់ត្រូវបានគេរកឃើញនៅចំណុចស្ពាននាគ ផ្លូវ នរោត្តម ខណ្ឌដូនពេញ ដែលនៅមិនឆ្ងាយពីទីលាន ប្រជាធិប តេយ្យនាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៣ នេះ ។
ករណីចងគ្រាប់ M79 ចំនួន ៣គ្រាប់បង្កៃទុកត្រូវបានមហាជន អះអាងថា អាចជាការគំរាមដល់ការចូលរួមធ្វើមហា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិដែលប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ខាងមុខនេះ ។
តែទោះជាយ៉ាងណាគ្រាប់ M79 ចងផ្អោប ចំនួន ៣គ្រាប់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការត្រួតពិនិត្យនៅកន្លែងបង្កៃ គ្រាប់ ហើយបាននាំយកទៅរក្សាទុកដើម្បីធានាដល់សុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់រួមទាំងទប់ស្កាត់កុំឱ្យ មាន ផ្ទុះហេតុការណ៍អាក្រក់កើតឡើងក្នុងពេលគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្ម ។ នៅពេលនាំយកគ្រាប់ M79 ចេញ កម្លាំង សមត្ថកិច្ចក៏បានដាក់សញ្ញាចំណាំនៅកន្លែងបង្កៃគ្រាប់ផងដែរ ក្នុងគោលដៅសិក្សាពីមុខសញ្ញា រួមទាំងហេតុ ការណ៍ដែលអាច កើតឡើងនៅកន្លែងផ្សេងទៀត ។/