នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប រោងចក្រ បារីក្លែងក្លាយ នៅខេត្តព្រះសីហនុ

នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប រោងចក្រ បារីក្លែងក្លាយ នៅខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នៅព្រឹកក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋាន នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច ដឹកនាំដោយ លោកឧត្តមសេនីយ៍ ឯក ចាន់ វណ្ណធឿន ប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានសហការ ជាមួយកម្លាំង ស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួល ពីលោកហួត វិចិត្រ ព្រះរាជអាជ្ញារង សាលាដំបូងខេត្ត បានធ្វើ ការស្រាវជ្រាវ ទីតាំងផលិត បារីម៉ាក ESSEក្លែងក្លាយ បន្ទាប់ពី ទទួលបណ្តឹង ពីក្រុមហ៊ុន អោយជួយ អន្តរាគមន៍ រហូតឈានដល់ ការបង្ក្រាបបាន នៅទីតាំងស្ថិតនៅ ក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះក្រោយ ពីពិនិត្យទីតាំង រោងចក្រជាក់ស្ដែង ដោយមានការសម្របសម្រួល នីតិវិធី ពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង សាលាដំបូងខេត្ត ទើបកម្លាំង សមត្ថកិច្ច នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានធ្វើការ ឆែកឆេរទីតាំង រោងចក្រទាំងមូល ។ ជាលទ្ធផលបាន រកឃើញនូវសម្ភារៈ វត្ថុតាងជាច្រើន ដែលមានការសង្ស័យ ពាក់ព័ន្ធនឹង ការផលិត កែឆ្នៃ វេចខ្ចប់ បារីម៉ាក ESSE ក្លែងក្លាយ ខុសច្បាប់ ព្រមទាំងទំនិញ មួយចំនួន គ្មានច្បាប់អនុញ្ញាត នៅក្នុងឃ្លាំង នៃទីតាំងរោងចក្រ ខាងលើ និងរថយន្ត មួយគ្រឿង ម៉ាក Hyundai ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-N70។

បន្ទាប់ពីធ្វើការ ត្រួតពិនិត្យ លោកព្រះរាជអាជ្ញារង បានសម្រេចឱ្យសមត្ថកិច្ចចម្រុះ ធ្វើការដកហូត សម្ភារៈទាំងអស់ខាងលើ ជាបណ្តោះអាសន្ន ដោយរក្សាទុក នៅក្នុងបន្ទប់ ដាក់សម្ភារនៃ ទីតាំងឃ្លាំងក្នុងរោងចក្រ (គ្មានលេខ) ផ្លូវជាតិលេខ៤ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ទីតាំងចុះបង្ក្រាប) រួចធ្វើការបិទផ្លុមបេ ទ្វារចេញចូលរង់ចាំ ការសម្រេចពី ស្ថាប័នតុលាការ និងបាននាំ ខ្លួនឈ្មោះ អាយ បើង ភេទ ស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទៅសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.