ការប្រកាស តែងតាំង លោកស្រី អ៊ុច សោភា ជាប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ) ៖យោងតាមសេចក្តីប្រកាសលេខ ១៦០០ អយក.ប្រក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ សម្រេចប្រគល់ភារកិច្ចជូនលោកស្រី អ៊ុច សោភា ជាប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ជំនួស លោក កែវ ឡាយ ដែលត្រូវបានចូលនិវត្តន៍ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះខេត្តព្រះសីហនុ គឺជាខេត្តគោលដៅទេសចរណ៍ឧស្សាហកម្មពាណិជ្ជកម្ម និងកំពុងមានការអភិវឌ្ឍន៍ ទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារខ្ពស់ៗកំពុងតែមានការរីកស្គុះស្គាយ និង កំពុងទទួលបានការមកបណ្ដាក់ទុនវិនិយោគពីបណ្ដាប្រទេសនានាធ្វើឲ្យខេត្តមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទាំងអស់នេះគឺតំរូវ ឲ្យមានការ ប្រើប្រាស់នូវធនធានមនុស្ស ដែលជាកត្តាចម្បងដើម្បីចូលរួម ចំណែកជាមួយនឹងការអភិវឌ្ឍន៍នេះ ដែលមិនអាចខ្វះបាន។ 

ទន្ទឹមនឹងនោះដែរវិស័យអប់រំគឺជាកត្តាចម្បងដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្ដុះបណ្ដាលនូវធនធានមនុស្សដើម្បីចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ទោះបីនាពេលបច្ចុប្បន្ន នៅទូទាំងសកលលោកកំពុងជួបវិបត្តិនៅជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជាក៏កំពុងទទួលរងក្នុងជំងឺនេះផងនោះ ធ្វើឲ្យការអប់រំត្រូវបានផ្អាក មួយរយៈ តែទោះជាយ៉ាងណារាជរដ្ឋាភិបាល កម្ពុជាក៏ដូចជាក្រសួងអប់រំយុវជននិងកីឡា បានជំរុញឲ្យមានការសិក្សាតាមប្រព័ន្ធ បច្ចេកវិទ្យា និងប្រព័ន្ធអនឡាញ ក៏ដូចជា តាមទូរទស្សន៍ ជូនទៅដល់ប្អូនៗសិស្សានិស្សិតដែលកំពុង សិក្សាតាមផ្ទះនាពេលនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ដូចនេះនៅក្នុង ពិធីប្រកាសតែងតាំងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ នារសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅ នឹងតម្រូវការការងារអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុបជន និងកីឡាខេត្តព្រះសីហនុ ទើបតែតែងតាំងថ្មីបានសូមគោរពអនុញ្ញាតធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖

១-ខិតខំអនុវត្តច្បាប់លិខិតបទដ្ឋាននានា និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

២-ខិតខំគោរព និងអនុវត្តនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្តវិស័យអប់រំយុវជន និងកីឡា និងកម្មវិធីកំណែទម្រង់នានារបស់ក្រសួងអប់រំ យុវជន និងកីឡា សំដៅលើកកម្ពស់សេវាអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពស្របតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិក្នុងយុគសម័យឌីជីថល ។

៣-អនុវត្តតាមការណែនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ខ្សែបណ្តោយអប់រំឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមក្រុមប្រឹក្សាខេត្ត និងក្រុមការងារចុះជួយខេត្ត ដើម្បីកែលម្អ និងពង្រឹងគុណភាពអប់រំឱ្យបានល្អប្រសើរ។

៤-ពង្រឹងគុណភាពការអប់រំតាមគ្រប់រូបភាព គ្រប់អនុវិស័យ គ្រប់ភូមិសិក្សា ដោយផ្តោត

ទៅលើ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងរៀបចំបរិស្ថានឱ្យប្រែក្លាយជាសាលារៀនគំរូ និងសាលាបរិស្ថានមេត្រី ។

៥-ពង្រឹងវិន័យការងារសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តការងារប្រកបដោយទំនួលខុសត្រូវ

ព្រមទាំងមានសហការ និងទំនាក់ទំនងល្អជាមួយគ្រប់អ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។

ជាទីបញ្ចប់លោកស្រីបានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ អតីតប្រធានមន្ទីរអប់រំយុវជន និងកីឡាទាំងអស់ ព្រមទាំងលោក លោកស្រី ជារៀមច្បងដែលកន្លងមក លោកស្រីបានរួមប្រាស្រ័យការងារក្រោមឱវាទព្រមទាំងបានផ្តល់នូវដំបូន្មានល្អៗនិងតម្រង់ទិសដល់រូបលោកស្រី ធ្វើសកម្មភាពដែលចងចាំជានិច្ចនូវកិច្ចការដ៏ល្អៗជាគុណប្រយោជន៍សំខាន់បំផុតសម្រាប់លោកស្រីនិងសិក្សាយកមកបំពេញបេសកកម្មថ្មីនេះឱ្យកាន់តែប្រសើរឡើង ដែលបានផ្តល់ទំនុកចិត្ត និងជឿជាក់លើលោកស្រីដោយប្រគល់ភារកិច្ចឱ្យកាន់តំណែងជាប្រធានមន្ទីរអប់រំយុវជន និងកីឡា

ខេត្តព្រះសីហនុ។

នាឱកាសនោះលោក ម៉ាង ស៊ីណេតអភិបាលរង ខេត្តព្រះសីហនុ  បានមានមតិស្វាគមន៍ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ត្រីមន្ទីរអប់រំបានខិតខំយកអស់កម្លាំងកាយចិត្តធ្វើឱ្យវិស័យអប់រំមានការរីកចម្រើន បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ហើយលោក ម៉ាង ស៊ីណេត បានបន្តទៀតថា ខេត្តព្រះសីហនុជាតំបន់ប៉ូលអភិវឌ្ឍន៍ជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរមានសក្តានុពលសេដ្ឋកិច្ចក្នុងការទាក់ទាញវិនិយោគនិងភ្ញៀវទេសចរចូលមកលេងកម្សាន្តតាមឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត ខេត្តមានកំពង់ផែអន្តរជាតិ អាកាសយាន្តដ្ឋានអន្តរ ជាតិ និងធនធានធម្មជាតិដ៏សំបូរបែប ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបង្ហាញនូវចំណាប់អារម្មណ៍ថា ខេត្តព្រះសីហនុហាក់បី ដូចជាប្រទេសសឹង្ហបុរី ដោយសារតែសន្ទុះនៃការអភិវឌ្ឍដែលកម្ពុជាទទួលបាននូវសុខសន្តិ ភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមកម្ពុជាមានការរីកចម្រើនហើយយុទ្ធ សាស្ត្រចតុកោណបានប្រែក្លាយតំបន់៣ ជាប៉ូលអភិវឌ្ឍន៍ជាតិដ៏មានសារៈសំខាន់ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលមានការទាក់ទាញអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុ ប្រែក្លាយជាគុជមួយនៃកម្ពុជា និងបានជម្រុញឱ្យជ្រើសរើសសាលាក្នុងខេត្តព្រះសីហនុ ប្រែក្លាយជាសាលាគំរូនៅក្នុងខេត្ត ដើម្បីពង្រឹងគុណភាពនៅកម្រិតឧត្តមសិក្សាដោយធ្វើការបណ្តុះបណ្តាលបច្ចេកទេស ជំនាញ ទីផ្សារ បដិសណ្ឋារកិច្ច ទាមទារឱ្យយើងបង្កើតគ្រឹះស្ថានឧត្តមសិក្សា ក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស  ឆ្លើយតបតទៅនឹងតម្រូវ ការទីផ្សានៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2020 La Presse Nationale. All rights reserved. XHTML / CSS Valid.