សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបង្ហាញមុខ ជនសង្ស័យជាឧក្រិដ្ធជន ជំរិត ទាប្រាក់ សកម្ម ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ = ជនសង្ស័យ ជាជនជាតិចិន ចំនួន 4 នាក់ ដែលសមត្ថកិច្ច បង្រ្កាបជាបន្តបន្ទាប់ កាលពីថ្ងៃទី 7 ឈានចូលថ្ងៃទី 8 ខែមិថុនាឆ្នាំ 2020 នាព្រឹកថ្ងៃទី 12 ខែមិថុនាឆ្នាំ 2020 នេះត្រូវបានសមត្ថកិច្ច ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ហាញមុខជាសាធារណៈ មុននឹង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសេហនុហើយដើម្បីអនុវត្តនីតិវិធី ច្បាប់។
យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ ត្រី កុលផាលី ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថ្លៃងក្នុងសន្និសិទ្ធិសារព័ត៌មានបង្ហាញមុខ ជនសង្ស័យទាំង 4 នាក់នោះថា
ករណី ចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ (បង្កដោយជនជាតិចិន និងជនជាតិចិន) គិតចាប់ពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០នាទី រហូតដល់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង០០នាទី ករណីនេះត្រូវបង្រ្កាបបានទាំងស្រុង ចាប់បានជនសង្ស័យចំនួន ៤នាក់ និងបានរំដោះជនរងគ្រោះ ម្នាក់ផងដែរ។
គួររំលឹកផងដែរថា នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១ និង០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងពីឈ្មោះ Tang XinJue ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនថា នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៤ និង១០នាទីទៀបភ្លឺ មិត្តភក្តិរបស់គាត់(ជនរងគ្រោះ)ឈ្មោះ Wang WenXing ភេទប្រុស ត្រូវបានក្រុមជនជាតិចិនមួយក្រុមចាប់យកទៅបង្ខាំងទុកនៅទីកន្លែងមួយ បន្ទាប់មកក្រុមជនសង្ស័យបានប្រើគណនីវីឆាតរបស់ជនរងគ្រោះឈ្មោះ Wang WenXing មកប្រពន្ធជនរងគ្រោះ (នៅប្រទេសចិន) ជំរិតទារប្រាក់ចំនួន ៥០០,០០០Yuan (ហាសិបម៉ឺនយ័ន្ត) ជាការដោះដូរជាមួយជនរងគ្រោះ បើមិនព្រមវេរលុយអោយទេ ពួកវានឹងសម្លាប់ចោល ។
ករណីនេះ កម្លាំ់ងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់និងសកម្ម ដើម្បីរំដោះជនរងគ្រោះ និងចាប់ជនសង្ស័យបាន
នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២២ និង ៣០នាទី កម្លាំងសហការបានចាប់ជនសង្ស័យចំនួន ២នាក់ ភេទប្រុស ជនជាតិចិន នៅតាមបណ្តោយផ្លូវជាតិទីរួមខេត្តកំពង់ស្ពឺ ខណៈជិះរថយន្ត១គ្រឿងម៉ាក HighLander ពណ៌ទឹកប្រាក់ ស្លាកលេខៈ ភ្នំពេញ 2AN-4020 ហើយបានដកហូតយកវត្ថុតាងទូរស័ព្ទចំនួន ៣គ្រឿង ក្នុងនោះមានទូរស័ព្ទ១គ្រឿង ជារបស់ជនរងគ្រោះ និងស៊ីមកាត ចំនួន២ (មធ្យោបាយជំរិតទារប្រាក់) ។
បន្ទាប់មកសមត្ថកិច្ចជំនាញនគរបាលខេត្ត និង កំលាំងអន្តរាគមន៌ ពិសេស យើងបន្តធ្វើការស្រាវជ្រាវរំដោះជនរងគ្រោះទាំងយប់ ក្នុងស្ថានភាពស្រាត ដៃទាំងសងខាងមានជាប់ខ្សែស៊ីល និងកមានខ្សែចងជាប់ខ្លួន នៅចំណុចពយថ្មយក្ស (ក្នុងព្រៃជាប់មាត់សមុទ្រ) ឃ្លាតពីផ្លូវសម្តេចសង្ឃ២គីឡូម៉ែត្រ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែជនសង្ស័យ(ដែលយាមជនរងគ្រោះ) បានដឹងខ្លួនមុន រួចរត់ចូលក្នុងព្រៃជ្រៅ ខណៈនោះមេឃកំពុងភ្លៀងខ្លាំង តែកម្លាំងរបស់យើងនៅតែបន្តរុករកយ៉ាងសកម្ម ។ រហូតដល់រសៀល ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង០០នាទី ទើបយើងចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ទៀត កំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ នៅចំណុចពយថ្មយក្ស ។
-ជនរងគ្រោះឈ្មោះ Wang WenXing ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តហ៊ូណាន ប្រទេសចិន មុខរបរ រកស៊ី កាន់លិខិតឆ្លងដែនលេខៈ EA5813992 មានទីលំនៅភូមិ ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
រងរបួសស្នាមៈ ត្រង់ភ្នែក , ដៃ , ជើង និងពេញខ្លួនប្រាណធ្ងន់ធ្ងរ (អំពើធ្វើទារុណកម្ម)
-ជនសង្ស័យចំនួន ៤នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ Wei ShunCheng ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តសានស៊ី ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។
២.ឈ្មោះ Teng JiaLiang ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តGuang Xi ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។
៣.ឈ្មោះ Song XiaLing ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តអានហ៊ួយ ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។
៤.ឈ្មោះ Zhang YiBo ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តហ៊ឺណាន ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2020 La Presse Nationale. All rights reserved. XHTML / CSS Valid.