(ខេត្តព្រះសីហនុ) ៖ រឿងរ៉ាវ លោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀង គ្រុបរំលោភបំពាន យកដីយាយតា នៅតំបន់ ពយ យាយម៉ី ក្នុងភូមិកែវផុស ទំហំ៥.២ហិកតា បានស្ថិតក្នុងដៃ សាលាដំបូង ខេត្តព្រះសីហនុ រយៈពេលជាង ១០ឆ្នាំមក ហើយហាក់មិនមាន ដំណោះស្រាយ អ្វីបន្តិចសោះ បើទោះជាបណ្តឹងលោក យាយ លោកតា មានឯកសារ ផ្លូវច្បាប់ស្តីពីសិទ្ធិ កាន់កាប់ដីធ្លីគ្រប់គ្រាន់ យ៉ាងណាក៏ដោយ។ ទង្វើបែបនេះត្រូវបាន លោកយាយ លោកតា គិតថា គឺជាភាព អយុត្តិធម៌បំផុត សំរាប់ពួកគាត់ ដែលជាមនុស្ស ចាស់ជរា។
លោកតា ឈ្មោះ នាង ឃិន អាយុ៨២ឆ្នាំ និងលោកយាយ ឈ្មោះ លាង យី អាយុ៧៨ឆ្នាំចាស់ជរា រស់នៅភូមិលេខ១ ឃុំទំនប់រលក ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បាននិយាយ រៀបរាប់ប្រាប់ ក្រុមអ្នកសារព័ត៌មាន និងទូរទស្សន៍ ក្នុងស្រុកជាច្រើនថា តាំងពីឆ្នាំ២០០៨ បើគិតមកដល់ ពេលនេះ រយៈពេលជាង ១០ឆ្នាំមកហើយ រឿងបណ្តឹង ទំនាស់ដីធ្លី រវាងពួកគាត់ និង លោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀង គ្រុប ហាក់មិនត្រូវបាន សាលាដំបូង ខេត្តព្រះសីហនុ លើកយកមក ចាត់ការរក ភាពយុត្តិធម៌ឲ្យ ពួកគាត់សោះ មិនដឹងថា មន្រ្តីអនុវត្តន៍ ច្បាប់សាលាដំបូង ខេត្តព្រះសីហនុ មានគំនិតយ៉ាងណា នោះទេ។ លោកយាយ លោកតា បានបន្តទៀតថា បើពិនិត្យលើ កិរិយាកាន់កាប់ របស់ឈ្មោះ អៀង សុធារ៉ា ថាតើគាត់ទិញដីនោះ ពីអ្នកណា មានលិខិត លក់ទិញដែរ ឬអត់? ចំពោះប័ណ្ណសំគាល់ កម្មសិទ្ធិចំនួន ១០ប័ណ្ណរបស់ ឈ្មោះអៀង សុធារ៉ា ចេញដោយ មន្ត្រីសុរិយោដី ដែលធ្វើតាំងពីឆ្នាំ ១៩៩៥ ត្រឹមត្រូវ តាមនីតិវិធី សុរិយោដីដែរឬអត់? តើមន្ត្រីសុរិយាដី អាចចុះទៅ វាស់វែងកើតទេ? កំណត់ព្រំដីបានទេ? អ្នកណា ជាប់ព្រំអ្នកណា? បើសម័យនោះ ដីនៅចំណុចនោះគ្មាន មនុស្សទៅរស់នៅផងនោះ គឺមានតែ កម្លាំងអតីត ខ្មែរក្រហម ដែលមិនទាន់ ធ្វើសមហរណកម្ម និងកម្លាំងយោធា ស្រុកស្ទឹងហាវប៉ុណ្ណោះ ដែលឈរជើង ប្រចាំការ ប្រឈមមុខដាក់គ្នា ស្ទើររាល់ថ្ងៃ។ ហើយបញ្ហារនេះ លោក ស៊ិន សឿន អតីតៈមន្រ្តីភូមិបាល ស្រុកស្ទឹងហាវ ក៏ធ្លាប់បាន បញ្ជាក់ផងដែរថា រវាងដីលោក អៀង សុធារ៉ា នឹងដីលោកយាយ លោកតា បើតាមការពិនិត្យ ចុះវាស់វែង ជាក់ស្តែង មិនមានការពាក់ព័ន្ធគ្នាទេ គឺដីលោក អៀង សុធារ៉ា នៅផ្នែកខាងលើ ជាប់ព្រំប្រទល់ដី លោកយាយ លោកតា ហើយដីលោកយាយ លោកតា នៅជាប់ នឹងឆ្នេរសមុទ្រ ។
គួរបញ្ជាក់ផងដែរថា លោកតា ឈ្មោះ នាង ឃិន និង លោកយាយ ឈ្មោះ លាង ឃីសុទ្ធសឹងជាចាស់ជរា ម្នាក់ៗមានអាយុជាង ៨០ឆ្នាំទៅ ហើយនោះ ពួកគាត់បាន មករស់នៅ និង កាន់កាប់ដី ចំណុចទំនាស់ ខាងលើនេះ តាំងពីឆ្នាំ១៩៨៦ ជំនាន់មាន ខ្មែរក្រហមមកម្លេះ ។ ដោយដីនេះជាដី លោក ទឹម យុន អតីតមេបញ្ជាការ យោធា ស្រុកស្ទឹងហាវ ជាអ្នកធ្វើការ បែងចែកដីនេះ ឲ្យពួកគាត់ព្រមទាំង មានការទទួលស្គាល់ ពីសំណាក់អាជ្ញាធរមូល ដ្ឋានត្រឹមត្រូវផងដែរ ។ លុះក្រោយមក នៅក្នុងអំឡុង ឆ្នាំ២០០៨ ក៏ស្រាប់តែលេចមុខ ក្រុមហ៊ុនលោក អៀង សុធារ៉ា មកធ្វើការអះអាងថា ពួកគាត់(យាយតា) រស់នៅលើដី របស់ពួកគេទៅវិញ ព្រមទាំងបានប្រើប្រាស់ កងកម្លាំងទ័ព ចំនួនជាង១០នាក់ ប្រដាប់ដោយ អាវុធគ្រប់ដៃ មកធ្វើការគំរាមកំហែង អាយុជីវិត និងបណ្តេញ ពួកគាត់ឲ្យចាកចេញ ពីទីនោះយ៉ាង អយុត្តិធម៌បំផុត ព្រមទាំងបាន ធ្វើការរុះរើ ផ្ទះសម្បែង និងឈូសឆាយ បំផ្លាញផលដំណាំ ដាំដុះដូចជាដើមដូង ដើមស្វាយ ដើមខ្នុរ ដើមចេក និង ដំណាំហូបផ្លែផ្សេងៗ ជាច្រើនទៀត ចោលអស់គ្មានសល់ រួចហើយ ប្រើប្រាស់កំលាំងទ័ព ដាក់ឈរជើងនៅ លើទីតាំងដីនោះ មិនឲ្យពួកគាត់ (យាយតា) ចេញចូលតតាំង ពីពេលនោះ រហូតមកដល់ បច្ចុប្បន្ន។
ជាមួយគ្នានេះ លោកតា លោកយាយ ក៏បាន ធ្វើសូមណូមពរ ទៅសាលាដំបូងខេត្តព្រះសីហនុ មេត្តាលើកយក សំណុំរឿង ទំនាស់ដីធ្លី របស់គាត់ ជាមួយលោក អៀង សុធារ៉ា មកចាត់ការ តាមនិតីវិធីច្បាប់ ដើម្បីផ្តល់ភាពយុត្តិ ធម៌ដល់ពួកគាត់ផង ពីព្រោះបច្ចុប្បន្ន លោកយាយ មានជំង្ងឺប្រចាំកាយ ដើរមិនរួច ជិះនៅតែ លើរទេះរុញ ពោលគឺ ពួកគាត់ចង់ឃើញ ភាពយុត្តិធម៌ពិត នៃការអនុវត្តន៍ ច្បាប់របស់សាលាដំបូង ខេត្តព្រះសីហនុ នាជីវិតចុងក្រោយ មុនពេល ពួកគាត់ស្លាប់។ តែទោះជា យ៉ាងណាក៏ដោយ កន្លងមក លោក អៀង សុធារ៉ា ក៏ធ្លាប់ធ្វើការអះអាង ចំពោះអ្នក សារព័ត៌មាន ដែរថា ដីរបស់ លោកមាន ប័ណ្ណកម្មសិទ្ ធិស្របច្បាប់ ហើយចំពោះ ការគ្រប់គ្រង ក៏លោកគ្រប់គ្រង តែនៅលើ ទីតាំងដីដែល មានប័ណ្ណកម្មសិទ្ ធិតែប៉ុណ្ណោះ ៕
ដោយ៖ កុប ហ្វារីត
