ដែនអភិរក្ស ព្រៃព្រះរកា កំពុងរងការ កាប់បំផ្លាញជាថ្មី ដោយមានការ ឃុបឃិតជាប្រព័ន្ធ

ដែនអភិរក្ស ព្រៃព្រះរកា កំពុងរងការ កាប់បំផ្លាញជាថ្មី ដោយមានការ ឃុបឃិតជាប្រព័ន្ធ

ប្រភពព័ត៌មាន ចេញពីខេត្តព្រះវិហារ បានបញ្ជាក់ ច្បាស់ៗថា ដែនអភិរក្ស ព្រៃព្រះរកា នៅចំណុចអូរជុញ ត្រូវបានឈ្មួញឈើឈ្មោះអៀង និងមន្ត្រីយោធា ឈ្មោះកែវ សុភ័ណ្ឌ ក្នុងអង្គភាព កងពលធំ អន្តរាគមន៍លេខ៣ បានកេណ្ឌ ប្រជាពលរដ្ឋ ឲ្យចូលកាប់ រួចដឹកជញ្ជូន យកទៅលក់តាម ប្រភេទឡានយីឌុប និងឡានវ៉េអង (V1) ដោយគ្មានសមត្ថកិច្ច ណាហ៊ាន បង្ក្រាបឡើយ ។ បានជាគ្មាន សមត្ថកិច្ចរួមទាំង អាជ្ញាធរស្រុកខេត្ត ហ៊ានបង្ក្រាប ត្រូវបានពលរដ្ឋ អះអាងថា ព្រោះតែទទួលបាន ផលប្រយោជន៍ ជាថ្នូរទៅនឹង ត្រូវបិទភ្នែក ឲ្យបទល្មើស បន្តកាប់ដឹកជញ្ជូន បានដោយសេរី ។

ស្ថិតក្រោម ដែនអំណាច លោកនង សុខុម នាយខណ្ឌរដ្ឋ បានព្រៃឈើខេត្ត ព្រះវិហាររួម ទាំងលោកប្រាក់ សុវណ្ណ ជាគណបញ្ជាការ ឯកភាពខេត្ត គឺពិតជាមាន លទ្ធភាពបញ្ជា ឲ្យលោកពឹង ទ្រី ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ កម្លាំងសមត្ថកិច្ច ដើម្បីទប់ស្កាត់ បទល្មើសកាប់ និងដឹកជញ្ជូនឈើ បានយ៉ាងងាយ ។ ប្រសិនបើ ដែនអភិរក្ស ព្រៃព្រះរកា ដែលធ្លាប់រងការ កាប់បំផ្លាញ ស្រាប់ត្រូវទទួលរង នូវការកាប់បំផ្លាញ សារជាថ្មី បន្ទាប់ពី មានការបង្ក្រាប យ៉ាងចាស់ដៃ ពីសំណាក់ នាយឧត្ដមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរៈភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលទទួល បានដាវ អាជ្ញាសឹក ពីប្រមុខ រាជរដ្ឋាភិបាល ជាប្រធាន គណកម្មការ បង្ក្រាបបទល្មើស ព្រៃឈើ រយៈពេលកន្លង មកពិតជា មិនអាចការពារ ព្រៃឈើឲ្យ នៅគង់វង្ស បានឡើយ ។ ការការពារ ព្រៃឈើមិនបាន ព្រោះតែអាជ្ញាធរខេត្ត ដែលមានតួនាទី ជាអនុប្រធាន គណកម្មការ បង្ក្រាបបទល្មើស ព្រៃឈើអសកម្ម ទើបបទល្មើស ដឹកជញ្ជូនឈើ តាមដងផ្លូវជាតិសោះ ក៏នៅតែ មិនអាច បង្ក្រាបបាន ។

ប្រសិនបើ បណ្ដែតបណ្ដោយ ឲ្យបទល្មើស ព្រៃឈើក្នុង ដែនអភិរក្ស ព្រៃព្រះរការ ក្នុងស្រុកជាំក្សាន្ត នៅតែបន្តឡើងវិញ ក្រោមអំណាច លោកកែវ សុភ័ណ្ឌ ជាមន្ត្រីយោធា ពាក់ស័ក្តិ៣ ក្នុងកងពល អន្តរាគមន៍លេខ៣ សហការជាមួយ មេឈ្មួញឈើ ឈ្មោះអៀង កេណ្ឌប្រជាពលរដ្ឋ ឲ្យចូលកាប់ បំផ្លាញព្រៃឈើ ដែលនៅ សេសសល់ បន្តទៀតនោះ ការប្តេជ្ញាចិត្ត របស់នាយ ឧត្ដមសេនីយ៍ សៅ សុខា នឹងបរាជ័យ ។ បានជាហ៊ាន អះអាងថា ការប្ដេជ្ញា បង្ក្រាបបទល្មើស ព្រៃឈើ ត្រូវបានបរាជ័យ គឺគ្មានអ្វីក្រៅ ពីផលប្រយោជន៍ រវាងអាជ្ញាធរ ក្នុងខេត្ត និងមន្ត្រីជំនាញ រួមទាំងសមត្ថកិច្ច ទទួលលាភ សក្ការៈនោះទេ ទើបមិនអាច ការពារធនធាន ធម្មជាតិដែលនៅ សេសសល់ ចុងក្រោយនេះបាន​ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.