ល្បែងស៊ីសង បើកសង្វៀន ជល់មាន់ បង្កប់វង់អាប៉ោង កំពុងបើកលេង យ៉ាងគគ្រឹកគគ្រេង ស្ថិតនៅភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។ ទោះបីសង្វៀន ជល់មាន់ និងវង់អាប៉ោង ដែលជាល្បែងស៊ីសង ខុសច្បាប់ ត្រូវបាន អ្នកសារព័ត៌មាន រួមចំណែក ចុះផ្សាយ ដើម្បីទប់ស្កាត់ តាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុច របស់ប្រមុខ រាជរដ្ឋាភិបាលក្ដី ប៉ុន្តែសមត្ថកិច្ច ស្រុកកងមាស ក្រោមអំណាច លោកជា ជួន ជាអធិការ មិនត្រឹមតែ មិនបានអនុវត្តនោះទេ ផ្ទុយទៅវិញ បានលេចចេញ សកម្មភាព បង្កើតក្រុមបងធំ ឲ្យកាងចាំស្ទាក់វាយ អ្នកកាសែត ដែលហ៊ានចូល ទៅថតបទល្មើស ថែមទៀតផង ។
កន្លងមក ខេត្តកំពង់ចាម ក្រោមអំណាច អភិបាលខេត្ត គួច ចំរើន ទោះត្រូវដើរ លុយទឹក កាន់បាយកញ្ចប់ ហូបបណ្ដើរ ក៏ករណីបទល្មើស គ្រប់ប្រភេទ ត្រូវបានប្រជាពលរដ្ឋ សម្ដែងការ កោតសរសើរ និងឲ្យតម្លៃ ជាអភិបាលខេត្ត គំរូថែមទៀតផង ។ ប៉ុន្តែបន្ទាប់ពី មានការផ្លាស់ប្ដូរ តួនាទីដាក់ លោកអ៊ុន ចាន់ដា ឲ្យមកកាន់ អភិបាលខេត្ត កំពង់ចាម បទល្មើសហាក់ កក្រើកឡើងតែម្ដង ។
មិនដឹងថា បទល្មើសបើក សង្វៀនជល់មាន់ និងវង់អាប៉ោង ដែលមានមេការ ឈ្មោះប្រុស និងឈ្មោះឆាយ អាចបើកលេង ខុសច្បាប់បាន អាចមានខ្នងបង្អែក ត្រឹមអធិការស្រុក ឬក៏ដល់លោក ស្នងការឯម កុសល នោះទេ ទើបការបើកលេង ហាក់បង្ហាញ សាច់ដុំគម្រាម ដាក់អ្នកកាសែតឆៅៗ តាមរយៈបងធំ បែបហ្នឹង ។ សង្ឃឹមថា ក្រោមអំណាច គណបញ្ជាការ ឯកភាពខេត្ត កំពង់ចាម ដែលមានលោកអ៊ុន ចាន់ដា ជាប្រធានពិតជា មិនធ្វើឲ្យប្រមុខ រាជរដ្ឋាភិបាល អាណត្តិទី៦ បាត់បង់ទំនុកចិត្ត ក្នុងការដឹកនាំ ខេត្តកំពង់ចាម ឲ្យស្រមតាម គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលជាការយល់ឃើញ ប្រកបដោយ គតិបណ្ឌិត របស់ប្រមុខ រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គ មហាសេនាបតី តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ព្រោះគោលនយោបាយ ភូមិឃុំមាន សុវត្ថិភាពគឺជា គ្រឹះនៃនយោបាយ សន្តិភាពសមដូច ពាក្យស្លោក អរគុណសន្តិភាព ដែលគ្រប់ស្ថាប័ន អង្គភាព និងប្រជាពលរដ្ឋ សម្ដែងការគាំទ្រ យ៉ាងពេញចិត្ត តម្រូវឲ្យអាជ្ញាធរ ខេត្តក្រោមអំណាច លោកអ៊ុន ចាន់ដា មិនគួរមើលរំលង នោះឡើយ ៕