សកម្មភាព ដឹកជញ្ជូនឈើប្រណិត ជារៀងរាលយប់ ចេញពីចំណុច ស្រែស្បូវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ តាមប្រភេទ ឡានសាំយ៉ុង បាននិងកំពុង កក្រើកឡើងវិញ ទោះបីមាន ការប្ដេជ្ញាចិត្តខ្ពស់ ពីសំណាក់ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរៈភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធាន គណៈកម្មការ បង្ក្រាបបទល្មើស ព្រៃឈើ តម្រូវឲ្យ កងកម្លាំងត្រូវបន្ត អនុវត្តដូចភ្លៀងរលឹម យ៉ាងណាក្ដី ។ ជាក់ស្ដែងនៅ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទី ជិតភ្លឺមានរថយន្ត ប្រភេទទូរីស ម៉ាកសាំយ៉ុង៣គ្រឿង ដឹកឈើចេញ ពីចំណុចស្រែស្បូវ ក្នុងស្រុកសំបូរ ឆ្លងកាត់ខាងក្រោយ សាកលវិទ្យាល័យថ្មី នៃទីរួមខេត្តក្រចេះ ឆ្ពោះទៅស្រុកឆ្លូង រួចបន្តទៅ ខេត្តត្បូងឃ្មុំ ដោយសុវត្ថិភាព ។
កន្លងមកមាន មន្ត្រីកងរាជអាវុធហត្ថ ៣រូបបាន ទូរស័ព្ទមក សារព័ត៌មានជាតិ ដោយបញ្ជាក់ថា បើបានដឹងពី បទល្មើសព្រៃឈើ នៅកន្លែងណា សូមឲ្យផ្ដល់ដំណឹង ឲ្យផងតាម លេខទូរស័ព្ទនេះ ។ ដោយឡែក មន្ត្រីកងរាជអាវុធហត្ថ ដែលប្រចាំការ នៅស្រែស្បូវ ទូរស័ព្ទចូលតែ គ្មានអ្នកទទួល ។ ចំណែកមន្ត្រី កងរាជអាវុធហត្ថខេត្តវិញបាន បញ្ជាក់ថា ឈ្មោះខ្លឹង ដែលរត់ការដឹកឈើ ជានរណា ធ្វើការអី?! ចម្លើយគឺ ឈ្មោះខ្លឹងឃើញ រស់នៅផ្ទះចែនី មេឈ្មួញឈើ នៅខេត្តក្រចេះ ។ ចំពោះលោកឡុង យឹង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់យ៉ាងខ្លីថា តើឡានដឹកឈើ ដឹកកាត់តាម ទីរួមខេត្តឬ? ពេលនេះលោក កំពុងនៅឯភ្នំព្រិច ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពពីប្រជាពលរដ្ឋ បានធ្វើការអះអាងថា ឈ្មោះខ្លឹង មេការខាងរត់ការ ដឹកឈើកុំថាឡើយ សមត្ថកិច្ច កងរាជអាវុធហត្ថ សូម្បីប្រជាពលរដ្ឋ នៅខេត្តក្រចេះ ក៏គេស្គាល់ច្បាស់ ដូចថ្ងៃអីចឹង ។ ម៉្យាងវិញទៀត ទោះបីថា មេឈ្មួញឈើដឹកចេញ នៅពេលយប់ ក៏ត្រូវទូរស័ព្ទ ទំនាក់ទំនង ទៅសមត្ថកិច្ច និងមន្ត្រីជំនាញ រួមមាននៅស្រុកសំបូរ និងទីរួមខេត្តក្រចេះ ហើយក៏មិនអាច មើលរំលងលោកឃួង ឃុនឡាយ នាយសង្កាត់រដ្ឋបាល ព្រៃឈើឆ្លូង ចាំបើកភ្លើងខៀវ ឲ្យបាននោះដែរ ។
ដោយមាន ការឃុបឃិតគ្នា ជាប្រព័ន្ធនេះហើយ ទើបធ្វើឲ្យ មេឈ្មួញឈើ អាចដឹកចេញ ពីស្រុកសំបូរ ឆ្លងកាត់ខេត្តក្រចេះ និងស្រុកឆ្លូង ចូលទៅខេត្តត្បូងឃ្មុំ បានហើយសុវត្ថភាព ដែលជាហេតុ ធ្វើឲ្យចំណាត់ការ ក្ដៅគគុកដូច ភ្លៀងរលឹមរបស់ នាយឧត្ដមសេនីយ៍ សៅ សុខា ដែលផ្ដល់ការ ជឿទុកចិត្តពី ប្រមុខរាជរដ្ឋាភិបាល នៅតែមាន ការខ្វះខាតចំពោះ ការអនុវត្ថនៅឡើយ ៕