សកម្មភាព ពុករលួយមេគយ ទុំ ណូ បង្កការលំបាក ដល់អ្នកវិនិយោគ ស្របច្បាប់

ប្រភពបែកធ្លាយ ក្នុងស្ថាប័នសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ក្រោមអំណាច លោកទុំ ណូ បានបញ្ជាក់ យ៉ាងច្បាស់ៗថា ដោយសារតែ ប្រធានសាខា រូបនេះមាន ខ្នងបង្អែក និងស្វែងរកផល ប្រយោជន៍ឲ្យ លោកគន់ ញឹម អគ្គនាយកគយ និងរដ្ឋាករ បាននិងកំពុង ប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធក្នុង ការឃុបឃិតឲ្យ ឈ្មួញនាំទំនិញ គេចពន្ធ និងបង់ពន្ធមិនគ្រប់ ជាថ្នូរនឹង ផលប្រយោជន៍ ។ ប្រភពបានបន្តថា គ្រាន់តែច្រក កំពង់ផែ ទំនប់រលក មានទំនិញ គេចពន្ធដូចជា ប្រេងសាំង និងប្រេងម៉ាស៊ូត រាប់រយតោន ក្នុងមួយថ្ងៃៗ តម្រូវឲ្យ ក្រុមហ៊ុនស្របច្បាប់ ពិបាករកស៊ី ប្រកួតប្រជែង នៅពេលដែល ក្រុមហ៊ុនត្រូវ បង់ពន្ធជូនរដ្ឋ គ្រប់ចំនួន ។

ផ្អែកតាម ស្ថានភាពជាក់ស្ដែង រាល់មុខទំនិញ គ្រប់ប្រភេទ គឺពុំបានបង់ពន្ធ គ្រប់ចំនួនឡើយ គឺមានត្រឹម ៣០ទៅ៤០ភាគរយ ប៉ុណ្ណោះ ដែលតម្រូវឲ្យ មន្ត្រីគយឆ្លៀត រាប់ក្បាលឡាន កាក់យកលុយ ពី៣០០ដុល្លា ទៅ៥០០ដុល្លា បន្ថែមទៀត ដើម្បីបំពេញ ហោប៉ៅមេគយ លោកទុំ ណូ និងលោកណុប សំអាន ប្រធានច្រក កំពង់ផែ ទំនប់រលក ។ អំពើពុករលួយ របស់មេសាខាគយ ត្រូវបានឆ្លុះបញ្ចាំង ឲ្យឃើញតាមរយៈ ការរៀបចំ បែងចែកលុយ ពុករលួយ ដើម្បីធ្វើការ បិទបាំងព័ត៌មាន មួយចំនួនមិនឲ្យ បែកធ្លាយ តើអាចមើលរំលង លោកគន់ ញឹម ដែលជាមេគយ ហើយប្រមូល លុយសម្ងំសុខ បានដោយ របៀបណា!? ។

មិនខុសអ្វី ពីផែទំនប់រលក ប៉ុន្មាននោះទេ ដូចជានៅ ផែស្ទឹងហាវ ផែកែវផុស ផែឧកញ៉ាសូ ជុងហួ រួមទាំងផែ ឯកជនតូចៗ ជាច្រើនទៀត ទំនិញចម្រុះ ច្រើនប្រភេទ គឺពុំសូវមាន វិក្ក័បត្របង់ពន្ធឡើយ គឺជាឱកាស ដែលអាចឲ្យលោកទុំ  ណូមានលទ្ធភាព ក្នុងការរក្សា តំណែងតាមរយៈ អំពើពុករលួយ បានយ៉ាងត្រជាក់ចិត្ត ។ ប្រភពដែល គួរឲ្យជឿទុកចិត្តបាន លើសកម្មភាព ពុករលួយ របស់មេសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ដែលស្ដែងឲ្យឃើញ តាមរយៈយក ការព្រមានមកលើ អ្នកសារព័ត៌មាន មួយចំនួន ឬដែលបាន បកអាក្រាតលើ សកម្មភាព ពុករលួយ ជាប្រព័ន្ធរបស់ លោកទុំ ណូ ដែលតម្រូវឲ្យ អង្គភាពប្រឆាំង អំពើពុករលួយ មិនគួរមើលរំលង ក្នុងការរួមចំណែក ដល់ការកែទម្រង់ ស៊ីជម្រៅរបស់ ប្រមុខរាជរដ្ឋាភិបាល ឲ្យទទួលបាន ជោគជ័យ ដើម្បីធានាដល់ ការការពារ កំណើនសេដ្ឋកិច្ច ឆ្ពោះទៅរក វឌ្ឍនៈភាពជាតិ មានការរីចម្រើន រុងរឿងដូចអារ្យប្រទេស ជឿនលឿននៅលើ ពិភពលោក បានឡើយ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2020 La Presse Nationale. All rights reserved. XHTML / CSS Valid.