ខេត្តព្រះសីហនុ៖ ដីការក្សាការពារលេខ៦៥៧ តរ/១៨ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ រវាងលោកបាញ់ សៀមអាន ជាម្ចាស់បំណុល និងលោកស្រីយូ ចន្ថា ជាកូនបំណុល ដែលធ្លាប់ចុះ អនុវត្ត ម្តងរួចមកហើយ ប៉ុន្តែមិនទទួលបាន លទ្ធផលនោះ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ សាលាដំបូង ខេត្តព្រះសីហនុ បានសម្រេចបង្កើត គណៈកម្មការចម្រុះ ចុះអនុវត្តជាលើកទី២ ម្ដងទៀតដោយ បញ្ហាចុះអនុវត្ត សាលាដំបូងខេត្ត បានប្រគល់សិទ្ធ ទៅឲ្យលោកអ៊ឹម សុភ័ក្ត្រ ជាប្រធាន អាជ្ញាសាលា នៃសាលាដំបូង ខេត្តព្រះសីហនុ ជាអ្នកទទួលខុសត្រូវ ដឹកនាំក្នុងការ ចុះអនុវត្ត ។
យោងតាមខ្លឹមសារ នៃដីការក្សាការពារ ខាងលើបានបញ្ជាក់ថា ក្រៅពីការដាក់ ការហាមឃាត់ មិនឲ្យកូនបំណុល លក់ឬដាក់បញ្ចាំ ក៏ដូចជាធ្វើអំណោយ លើទីទំនាស់នោះ ក៏បានធ្វើការ បញ្ជាក់ផងដែរថា រាល់សំណង់ទាំងឡាយ ដែលមាននៅលើ ទីតាំងដីទំនាស់ ត្រូវតែធ្វើការរុះរើ ចេញវិញឲ្យអស់ ដោយគ្មានការតវ៉ា ។
ក្នុងពេលចុះអនុវត្ត នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ដំបូងឡើយ ក៏មានភាគីខាង លោកស្រីយូ ចន្ថា រួមទាំងប្រជាពលរដ្ឋ ចំនួន៣២គ្រួសារ ផ្សេងទៀតដែល សុទ្ធសឹងលោកស្រីយូ ចន្ថា ពឹងពាក់ឲ្យ មកជួយធ្វើការ តវ៉ានោះ មានសភាពខ្លាំង គួរសមដែរ ប៉ុន្តែមិនអាចទៅរួច ។ ជាលទ្ធផល លំនៅដ្ឋានរបស់ លោកស្រីយូ ចន្ថា និងលំនៅដ្ឋាន បក្ខពួកមួយចំនួន រួមនិងរបងថ្មជាច្រើន នៅលើទីតាំង ដីទំនាស់ ត្រូវបាន គណៈកម្មការចម្រុះ ធ្វើការរុះរើ អស់គ្មានសល់ ។
ជុំវិញការអនុវត្ត ដីការក្សាការពារ ខាងលើនេះ ក៏មានការរិះគន់ពី សំណាក់មហាជន ជាច្រើនផងដែរ ដោយបាន លើកឡើងថា ជាធម្មតាដីកា រក្សាការពារគឺ មានអំណាចត្រឹមតែ ធ្វើការហាមឃាត់ ទៅលើកូនបំណុល មិនឲ្យលក់ឬដាក់បញ្ចាំ ឬក៏ជាការធ្វើ អំណោយជាដើម ពោលគឺរក្សាគ្រប់យ៉ាង អ្វីដែលនៅលើ ដីទំនាស់ឲ្យស្ថិត ក្នុងសភាពដើម ផ្ទុយទៅវិញ ដីការក្សាការពារនេះ បែរជាមាន អំណាចអនុវត្ត រុះរើវាយកម្ទេច ផ្ទះសម្បែងរបស់ កូនបំណុល អស់គ្មានសល់ ។ ចំណុចនេះ អាចនិយាយ បានថាជា អំពើអយុត្តិធម៌ សម្រាប់កូនបំណុល ពីព្រោះវាជាការ រក្សាការពារ មិនមែនជា សាលក្រមស្ថាពរទេ ។ ជាមួយនឹងការ លើកឡើងខាងលើ មន្ត្រីសាលាដំបូង ខេត្តព្រះសីហនុ បានធ្វើការ បញ្ជាក់ថា អ្វីដែលបានលើកឡើង ខាងលើនេះ វាជារឿងត្រឹមត្រូវ ព្រោះអំណាច ដីការក្សាការពារ គឺតម្រូវធ្វើការ ហាមឃាត់មិនឲ្យ លក់ឬបញ្ចាំ ក៏ដូចជា ការធ្វើអំណោយ ជាដើមគឺ ត្រូវរក្សាគ្រប់យ៉ាង អ្វីដែលនៅលើ ដីទំនាស់ឲ្យស្ថិតក្នុង សភាពដើម ប៉ុន្តែទីតាំងដី ទំនាស់នេះ ដើមឡើយ ក្នុងពេលកើតមាន ប្តឹងផ្ដល់នៅលើ ដីទំនាស់ មិនមានសំណង់ អ្វីទាំងអស់ តែក្រោយមក ស្រាប់តែកើតមាន សំណង់ជាហូរហែរ និងមានការ ពុះដីឡូត៍លក់ ពីមួយទៅមួយ ពីសំណាក់ ក្រុមបក្ខពួក កូនបំណុល ជាហេតុធ្វើឲ្យ ដំណើរការ នីតិវិធីអនុវត្តច្បាប់ មានភាពស្មុកស្មាញ ទើបសាលាដំបូង សម្រេចធ្វើការរុះរើ នូវសំណង់ ទាំងនោះចោល ដើម្បីរក្សា នៅស្ថានភាព ទីតាំងដីទំនាស់ ស្ថិតនៅសភាព ដើមវិញ រង់ចាំ សវនាការបញ្ចប់ ឈានដល់ចេញ សាលក្រមស្ថាពរ តាមនីតិវិធីនៃច្បាប់ រួចរាល់ទើប ភាគីដែលឈ្នះក្ដី មានសិទ្ធពេញលេញ នៅលើទីតាំង ដីទំនាស់ ។
បើតាមលោកបាញ់ សៀមអាន បានអះអាងថា លោកជាម្ចាស់ដី ដែលមានទំនាស់ ជាមួយឈ្មោះទក ផាន ឈ្មោះច្រឹក យឺន ឈ្មោះសួន រ៉ាម៉ូ និងឈ្មោះផាត់ ភិម្យ បានបញ្ជាក់ថា ដីរបស់លោកមាន ប័ណ្ណសម្គាល់សិទ្ធិ ចំនួន ៤ប័ណ្ណ៖ ទី១-លេខ ពន ០០៦១៧១ (A0889) ទី២-លេខ ពន ០០៦១៧២ (A0890) ទី៣- លេខពន ០០៥៣២៤ (A0814) ទី៤-លេខ ពន ០០៥៩៨៥ (A0866) ដីដែលមាន ទីតាំងស្ថិតនៅ មណ្ឌល១ សង្កាត់លេខ១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ (បច្ចុប្បន្នភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ) ។
លោកបាញ់ សៀមអាន បន្ថែមថាចំពោះឈ្មោះសួន រ៉ាម៉ូ ដែលបានធ្វើការ រំលោភដី របស់លោកនេះ គឺបានអះអាងថា មានដីទំហំ ៨០០០ម៉ែត្រការ៉េ ប៉ុន្តែមិនឃើញមាន ឯកសារអ្វីមក បញ្ជាក់នៅ តុលាការនោះឡើយ បែរជាកាត់ដី របស់លោក ពុះជាឡូត៍តូចៗ លក់បន្តដោយ មានតែកិច្ចសន្យា ការផ្ទេរសិទ្ធិ មួយច្បាប់ប៉ុណ្ណោះ ។ លោកបញ្ជាក់ថា លោកស្រីយូ ចន្ថា បានចូលមក បំពានដីកម្មសិទ្ធិ របស់ខ្ញុំបាទ ក៏មិនមានឯកសារ អ្វីដាក់ជូនតុលាការ នៅឡើយ គឺគ្រាន់តែ អះអាងថា ខ្លួនបានទទួលដី ទំហំកន្លះហិកតា ពីឈ្មោះ ទក ផាន និងឈ្មោះច្រឹក យឺន នៅពេលដែល ខ្លួនជួយអន្តរាគមន៍ លើអ្នកទាំងពីរនេះ ប្តឹងផ្ដល់ជាមួយ អ្នកផ្សេងឈ្នះក្ដី តែប៉ុណ្ណោះ ។
ដោយឡែក សម្រាប់លោកស្រីយូ ចន្ថា បានធ្វើការបញ្ជាក់ថា ដីដែលកំពុងមាន ទំនាស់នេះ ជាដីមានកម្មសិទ្ធិ ស្របច្បាប់ និងមានព្រំប្រទល់ ដល់អូរ និងមិនមានអ្វី ពាក់ព័្ធជាមួយដី មានបណ្ណ័កម្មសិទ្ធ របស់លោកបាញ់ សៀមអានទេ ហើយដីកា រក្សាការពារ មកអនុវត្ត វាយផ្ទះគាត់ នាពេលនេះ វាជារឿងអយុត្តិធម៌ ខ្លាំងណាស់ ។
ជាមួយគ្នានេះ សម្រាប់លោកទក ផាន ក៏ដូចជាលោកច្រឹក យឺន បានបញ្ជាក់ថា ពួកគាត់ពិតជា បានកាត់ដី កន្លះហិកតា ទៅឲ្យ លោកស្រីយូ ចន្ថាពិតមែន គឺកាត់ចេញដី មានបណ្ណកម្មសិទ្ធ ស្របច្បាប់ មិនមានពាក់ព័ន្ធ ជាមួយដី លោកបាញ់ សៀមអានទេ ។
ជុំវិញបញ្ហា ទំនាស់ដីធ្លីខាងលើនេះ ប្រជាពលរដ្ឋរស់តំបន់ (RCI) ដែលដឹងរឿងពិត បាននិយាយ ប្រាប់ឲ្យដឹងដែរថា តាមពិតលោកស្រីយូ ចន្ថា បើសិនជា គាត់ធ្វើការ គ្រប់គ្រងដីទំហំ ត្រឹមកន្លះហិកតា ដែលលោកច្រឹក យឺន និងលោកទក ផានកាត់ឲ្យនោះ វាមិនបញ្ហាទេ តែលោកស្រីយូ ចន្ថា មិនត្រឹមតែ គ្រប់គ្រងដី របស់ខ្លួននោះទេ បែរជាមាន គំនិតលោភលន់ វាតទីយកដី ផ្នែកខាងក្រោយ ដែលមិនមែនជាដី របស់ខ្លួនជិត ១ហិកតា រហូតដល់អូរ ជាហេតុបង្ក ផលប៉ះពាល់លើ ដីមានកម្មសិទ្ធិ របស់លោកបាញ់ សៀមអាន ក៏កើតមានការ ប្តឹងផ្តល់តែម្តង ទៅហើយមូលហេតុ ដែលលោកបាញ់ សៀមអាន ប្តឹងលោកច្រឹក យឺន និងលោកទក ផាន គឺដោយសារតែ លោកស្រីយូ ចន្ថា យកប្លង់កម្មសិទ្ធ របស់ពួកគាត់ ធ្វើជាអំណះអំណាង ចំណុចនេះ វាជារឿង អយុត្តិធម៌ខ្លាំងណាស់ សម្រាប់លោកច្រឹក យឺន និងលោកទក ផាន ៕