តាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីឃុំតាំងស្យា បរិមាណភ្នំខ្នោលាក់ មានទំហំ ៤២០ហិកតា ដែលបច្ចុប្បន្នមានក្រុមហ៊ុន ៣កំពុងវិនិយោគរួមមានក្រុមហ៊ុនរុស្សី, ក្រុមហ៊ុនវឿងប្រយុទ្ធ និងក្រុមហ៊ុន របស់នាយឧត្តមសេនីយ៍ម្នាក់ទៀត នៅក្រសួងមហាផ្ទៃ ។ ផ្ទៃក្រឡា ដែលនៅសល់ពីការវិនិយោគ របស់ក្រុមហ៊ុនទាំង៣ អាចមានទំហំ ៣០០ហិកតាទៀត ទើបមានការកោះអញ្ជើញប្រជាពលរដ្ឋទាំង ៣ភូមិរួមមានភូមិគីរីរស្មី, ភូមិដីដុះ និងភូមិព្រំរលកឱ្យមកជួបជុំ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅរោងបុណ្យភូមិគីរីរស្មី,ដើម្បីគាំទ្រឱ្យមានការឯកភាពលក់ភ្នំខ្នោលាក់ ដែលនៅសល់ទៅឱ្យក្រុមហ៊ុនចិន ។
ប្រភពបានបន្តឱ្យដឹងថា មុនការជួបប្រជុំជាមួយប្រជាពលរដ្ឋទាំង៣ភូមិ ដែលមកមិនដល់ ១០ភាគរយផងនោះ គឺមានការជួបប្រជុំជាមួយប្រធានភូមិទាំង៣ និងប្រធានសហគមន៍ព្រៃឈើ គិរីរស្មីដីដុះជាមួយឧកញ៉ា គូកជេរភ្នំឈ្មោះ លាន អាហ្វ្រីលគីនីន ដែលអមដំណើរដោយលោក មាស ជីម មេឃុំតាំងស្យា ក្នុងគោលបំណងឱ្យតំណាងភូមិ និងសហគមន៍ភូមិគិរីរស្មី និងភូមិដីដុះ ដាក់តម្លៃលក់ភ្នំខ្នោលាក់ ដោយឯកភាពដាក់តម្លៃ ១០ម៉ឺនដុល្លារ ។ ប៉ុន្តែឧកញ៉ា លាន អាហ្វ្រីលគីនីន សម្រេចឱ្យ ៨ម៉ឺនដុល្លារ ដោយ ៥ម៉ឺនដុល្លារ បានទៅភូមិគិរីរស្មី និងភូមិដីដុះ ចំណែក៣ម៉ឺនដុល្លារ បានទៅភូមិព្រំរលក។
ក្រោយការជួបប្រជុំត្រូវបានបញ្ចប់មានការបញ្ជាក់ពីប្រជាពលរដ្ឋតៗគ្នាថា ទោះបីតំណាង សហគមន៍ និងតំណាងភូមិមិនព្រមឯកភាពលក់ក៏គេនៅតែវិនិយោគភ្នំខ្នោលាក់ ដែលនៅសេសសល់ ទាំងអស់នេះដែរ ។ ចំណែកតម្លៃដែលត្រូវបែងចែកទៅឱ្យលោកមេឃុំរួមទាំងតម្លៃលក់ភ្នំទៅឱ្យ ក្រុមហ៊ុនចិន គឺមិនត្រូវបានគេផ្សព្វផ្សាយឱ្យដឹងដូចករណីលក់ភ្នំគន្លាក់នាពេលកន្លងមកឡើយ ។ ប៉ុន្តែ មានការសន្និដ្ឋានថា បើផ្អែកលើទំហំភ្នំ និងធនធានថ្ម គឺមានតម្លៃមិនក្រោម ២លានដុល្លារឡើយ ។
មុខរបរលក់ភ្នំជ្រកក្រោមរូបភាពវិនិយោគ ដែលមានតម្លៃរាប់លានដុល្លារនោះ ធ្វើឱ្យមាន ការចោទសួរថា តើរដ្ឋធម្មនុញ្ញែដលកំណត់តំបន់ភ្នំជាសម្បត្តិរដ្ឋហេតុអ្វីក៏រដ្ឋអត់ទទួលបានចំណូល សូម្បី ១ដុល្លារ ពីការលក់ភ្នំជ្រកក្រោមរូបភាពវិនិយោគដែលមានតម្លៃរាប់លានដុល្លារទៅវិញ ។ ព្រោះបើផ្អែកតាមគោលការណ៍វិនិយោគ គឺរដ្ឋអាចទទួលបានចំណូលវិនិយោគលើចំនួនថ្ម ដែលក្រុមហ៊ុនដឹកចេញទៅលក់តែប៉ុណ្ណោះ ចំណែកផលលាភដែលបានមកពីលក់ភ្នំជ្រកក្រោមរូប ភាពវិនិយោគ គឺអ្នកគួកជេរឈ្មោះ លាន អាហ្វ្រីលគីនីន និងបុគ្គលមេភូមិ មេសហគមន៍ មេឃុំ មេស្រុក និងមន្ទីរក្រសួងជំនាញចែកគ្នាតាមតូចតាមធំនោះឯង ។ ព្រោះក្លាយជាឧកញ៉ាគួកជេរភ្នំដូច លាន អាហ្វ្រីលគីនីន បានដោយយកពលរដ្ឋធ្វើជាខែលដើម្បីលក់ភ្នំជ្រកក្រោមរូបភាពវិនិយោគបាន បែបហ្នឹងរឿងអីមិនគ្រប់ទឹកទាំងមេឃុំរួមទាំងមន្ត្រីពាក់ព័ន្ធ ដែលអង្គភាពប្រឆាំងអំពើពុករលួយមិនគួរមើលរំលងធ្វើឱ្យ សម្បត្តិរដ្ឋត្រូវបានបុគ្គលមានអំណាចពីក្រោមដល់លើហែកចែកគ្នាស៊ីដូចក្អែកដូចត្មាតនោះឡើយ ៕