កំពង់ស្ពឺ ៖ ប្រភពពីមន្ត្រីស្រុកភ្នំស្រួចបានឱ្យដឹងថា កន្លងទៅថ្មីៗនេះ មានការប្រជុំជាមួយប្រជាពលរដ្ឋនៅភូមិ ក្រាំងតាកន និងភូមិត្នោតព្រែក ក្រោមចំណាត់ការលោក មាស ជីម មេឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ប្រធានបទនៃអង្គប្រជុំ គឺជម្រុញឱ្យប្រជាសហគមន៍ពីរភូមិឯកភាព ក្នុងការវិនិយោគ ភ្នំគន្លាក់ទៅឱ្យក្រុមហ៊ុនចិន ដោយបានដាក់តម្លៃ ៥០ម៉ឺនដុល្លារអាមេរិក ។
ប្រភពក៏បានបញ្ជាក់ពីផលលាភទៅឱ្យសហគមន៍ក្នុងមួយភូមិទទួលបាន ២០០០០ដុល្លារ អាមេរិក ចំណែកឃុំទទួលបាន ១០ម៉ឺនដុល្លារអាមេរិកផងដែរ ។ នៅពេលដែលចោទសួរថា តើប្រាក់ ១០ម៉ឺនដុល្លារអាមេរិក ដែលឃុំតាំងស្យា ទទួលបានយកមកធ្វើអ្វី ? ចម្លើយ គឺបានទៅមេឃុំតាំង ស្យា អត់បានយកមកអភិវឌ្ឍន៍ក្នុងឃុំនោះឡើយ ។
តាមការអះអាងពីមន្ត្រីស្រុក កន្លងមកក៏មានករណីលក់ភ្នំខ្នោលាក់ឱ្យក្រុមហ៊ុនវឿងប្រយុទ្ធ ក្រោមរូបភាពអភិវឌ្ឍន៍ ដោយសហគមន៍គីរីរស្មីដីដុះ និងភូមិព្រំរលកទទួលបានប្រាក់ ២៤០០០ដុល្លារ ពីក្រុមហ៊ុន ចំនែកមេឃុំតាំងស្យាមិនដឹងថាបានប៉ុន្មាននោះទេ ព្រោះឃើញតែគេដាក់ ក្នុងស្រោមសំបុត្រហុចឱ្យតែធំជាងស្រោមសំបុត្រសហគមន៍ភូមិ ។ លោកបន្តថា បច្ចុប្បន្នគម្រោង លក់ភ្នំគន្លាក់ ដែលដាក់តម្លៃ ៥០ម៉ឺនដុល្លារអាមេរិក គឺមានឧកញ៉ាអតីត ពិធីករទូរទស្សន៍ម្នាក់កំពុងរត់ការតែពុំទាន់ទទួលបានអ្នកទិញនៅឡើយទេ ។
ពិតណាស់ថា ក្នុងរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា គឺភ្នំ សមុទ្រ កោះ ទន្លេ ស្ទឹង បឹង ព្រែក ជាសម្បត្តិរដ្ឋ ។ គឺមានតែរដ្ឋទេ ដែលអាចវិនិយោគលើសម្បត្តិរដ្ឋអស់ទាំងនេះបាន តើមេឃុំដែលប្រើអំណាចដាក់តម្លៃលក់ ឬវិនិយោគទៅលើភ្នំគន្លាក់ក្នុងតម្លៃ ៥០ម៉ឺនដុល្លារបែបហ្នឹង តើអាចចាត់ទុកជាករណីលក់ក្រោមរូបភាពអភិវឌ្ឍន៍ដែរឬទេ ?។ ម្យ៉ាងវិញទៀតនោះ ប្រើពាក្យថា លក់ឬអភិវឌ្ឍន៍ភ្នំគន្លាក់ក្នុងតម្លៃ ៥០ម៉ឺនដុល្លារ តើលុយនោះចូលរដ្ឋ ឬបានទៅលើមន្ត្រីភូមិឃុំឱ្យពិត ប្រាកដ ព្រោះបើផ្អែកតាមការអះអាងរបស់លោកអភិបាលស្រុកភ្នំស្រួច គឺក្រុមហ៊ុនវិនិយោគត្រូវ មានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ដែលមានចែងក្នុងបារ៉ែម កំណត់ក្នុង១គូបថ្មកិនរួចត្រូវយកពន្ធប៉ុន្មានភាគរយតែបុ់ណ្ណោះ ។
ដូច្នេះករណីដាក់តម្លៃភ្នំគន្លាក់ ៥០ម៉ឺនដុល្លារ ដែលយកមកធ្វើការបែងចែកតាមភូមិ និងមេឃុំបែបហ្នឹង មានតែអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទេ ទើបអាចបញ្ជាក់ឱ្យមហាជនអស់មន្ទិលសង្ស័យទៅលើចំណាត់ការលក់ភ្នំជ្រកក្រោមរូបភាពវិនិយោគ របស់លោក មាស ជីម មេឃុំតាំងស្យា ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបាន ។