លោក មាស ជីម មេឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានទំនាស់ជាមួយស្មៀន លើករណី ដែលមេឃុំចុះហត្ថលេខាហើយ ប៉ុន្តែស្មៀនមិនព្រមចុះបញ្ជី និងប្រថាប់ត្រាឱ្យតាមអំណាច បង្គាប់បញ្ជារបស់លោកមេឃុំ ។ ទំនាស់មេឃុំ និងស្មៀន ត្រូវបានលោកមេឃុំបញ្ជាក់ឱ្យដឹងតាម ទូរ ស័ព្ទថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងមានរៀបចំពិធីផ្ទេរតំណែងស្មៀនឃុំថ្មីជំនួសស្មៀនចាស់ ។
បើផ្អែកតាមការអះអាងពីលោក ខុម ដែលជាស្មៀនឃុំតាំងស្យា លើករណីដែលលោកពុំព្រម ប្រថាប់ត្រាលើឯកសារ ដែលលោក មាស ជីម ចុះហត្ថលេខារួមមាន ពាក្យស្នើសុំចូលជាសមាជិក សហគមន៍ព្រៃឈើតាំងស្យាចំនួន ៩៣ច្បាប់ ដែលមេភូមិ-មេឃុំ ចុះហត្ថលេខាតាំងពីឆ្នាំ២០០៨រួច ទុកចោល រហូតដល់ឆ្នាំ២០១៩ ទើបសម្រេចឱ្យស្មៀនប្រថាប់ត្រា ។
លោកបានចោទសួរថា តើត្រូវចុះបញ្ជីបង់លេខតាមឆ្នាំរបៀបណា ព្រោះរាល់បញ្ជីរដ្ឋបាល តម្រូវឱ្យមានការបិទបញ្ចប់ជារៀងរាល់ឆ្នាំ ។
ចំណែកលិខិតធានាអះអាងរបស់ឈ្មោះ ស្រី ខន និងប្រពន្ធឈ្មោះ ហង់ ឃីម ដែលមានដីស្រែបណ្តោយ ៥៩,៦ម៉ែត្រ ទទឹង ១២ម៉ែត្រ និងកិច្ចសន្យាលក់-ទិញដីនេះទៅឱ្យឈ្មោះ ស៊ីន ហាក់ និងឈ្មោះ ស៊ុំ ធី រួមទាំងលិខិតបញ្ជាក់អចលនទ្រព្យ(យើងៈ មាស ជីម មេឃុំតាំងស្យា) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺថែមទៀតផង ។
លោកស្មៀនបានបញ្ជាក់ត្រង់ៗថា ហត្ថលេខាលើលិខិត ទាំងបីច្បាប់ របស់លោកមេឃុំតាំងស្យា ដែលលោកមិនព្រមប្រថាប់ត្រាឱ្យ ព្រោះជាដីចំណីផ្លូវដែល គិតពីអាក់ផ្លូវ ២៥ម៉ែត្រឯណោះ ។ នៅពេលរដ្ឋតម្រូវពង្រីកផ្លូវ បើខ្ញុំប្រថាប់ត្រាឱ្យ គឺជាកំហុសរបស់ ខ្ញុំជាស្មៀន ទើបលោកមិនព្រមប្រថាប់ត្រា និងចុះបញ្ជីឱ្យ ។
ចំពោះលិខិតអះអាងរបស់ឈ្មោះ វើប វឿន មានទីលំនៅភូមិត្នោតព្រែក ឃុំតាំងស្យា មានដីកសិកម្មមួយកន្លែងនៅភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងពាក្យុស្នើសុំ ផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី ២ច្បាប់ រួមទាំងលិខិតបញ្ជាក់អចលនទ្រព្យ (យើងៈមាស ជីម មេឃុំតាំងស្យា) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺថែមទៀតផង ។
ទោះបីមានហត្ថលេខារបស់លោកមេឃុំតាំងស្យាក៏ពិតមែន ប៉ុន្តែដីកសិកម្មរបស់ឈ្មោះ វើប វឿន មិនស្ថិតនៅក្នុងតាំងស្យាទេ ទើបខ្ញុំមិនព្រមប្រថាប់ត្រាឱ្យ ។ ផ្អែកតាមផ្លូវច្បាប់ គឺឈ្មោះ វើប វឿន យកលិខិតធានាអះអាង និងលិខិតផ្ទេរសិទ្ធិកាន់កាប់ទៅឱ្យមេភូមិក្រាំងធំ និងមេឃុំតាំងសំរោង ចុះហត្ថលេខាទទួលស្គាល់ ទើបជារឿងត្រឹមត្រូវមិនមែនយកមកឱ្យមេភូមិត្នោតព្រែក និងមេឃុំ តាំងស្យា ចុះហត្ថលេខាទាំងបំពានបែបហ្នឹងទេ ទើបលោកមិនព្រមប្រថាប់ត្រាចុះបញ្ជីតាមបញ្ជា លោកមេឃុំតាំងស្យាបាន ។
ឯកសារដែលបង្កឱ្យមានទំនាស់រដ្ឋបាលរវាងមេឃុំតាំងស្យា និងស្មៀនឃុំ ត្រូវបានសារព័ត៌មានជាតិ យកទៅជួបស្នើសុំយោបល់ពីលោកអភិបាលស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយលោកពិនិត្យហើយបានបញ្ជាក់ច្បាស់ៗថា ស្មៀនឃុំតាំងស្យា ដែលមិនព្រមប្រថាប់ត្រាតាមអំណាំចហត្ថលេខារបស់លោក មាស ជីម មេឃុំតាំងស្យា គឺជារឿងត្រឹមត្រូវ ។ ព្រោះបើផ្អែកលើឯកសារ គឺមេឃុំមិនអាចបង្ខំឱ្យស្មៀនប្រថាប់ត្រាលើដីចំណី ផ្លូវរបស់រដ្ឋនោះទេ ចំណែកដីដែលនៅក្រៅឃុំក៏មេឃុំគ្មានសិទ្ធិចុះហត្ថលេខានោះដែរ រួមទាំងលិខិតស្នាមលើពាក្យស្នើសុំតាំងពី១១ឆ្នាំមុន ដោយតម្រូវឱ្យស្មៀនប្រថាប់ត្រាជារឿងមិនយល់អ្វីទាំងអស់លើការគ្រប់គ្រងរដ្ឋបាលឃុំ ។
ពាក់ព័ន្ធទៅនឹងករណីដកស្មៀនឃុំតាំងស្យា លោកអភិបាលស្រុកវ័យក្មេង និងស្រស់ សង្ហាបានបញ្ជាក់ឱ្យដឹងថា វាមិនពាក់ព័ន្ធទៅនឹងទំនាស់រដ្ឋបាលដែលស្មៀនមិនព្រមប្រថាប់ត្រា តាមអំណាចហត្ថលេខារបស់លោក មាស ជីម មេឃុំតាំងស្យានោះឡើយ ។ លោកអភិបាលស្រុក បានរៀបរាប់ពីប្រវត្តិមេឃុំតាំងស្យា គឺជាពូ និងក្មួយជាមួយស្មៀនឃុំ ហើយស្មៀនឃុំក៏ជាប់សាច់ ញាតិជាមួយប្រពន្ធមេឃុំថែមទៀត ។
នៅពេលមេឃុំគាត់ទៅយកប្រពន្ធគេរួចរៀបចំសែនលើផ្ទះ ខាងស្រីទាំងប្តីគេនៅក្រោមផ្ទះបានធ្វើឱ្យស្មៀនឃុំចេះតែយករឿងអាស្រូវរបស់មេឃុំទៅបង្ហោះ ដែលអ្នកស្រុកយល់ថា ធ្វើឱ្យប៉ះពាល់ដល់មុខមាត់បក្ស និងប្រជាប្រិយភាពមេឃុំ ទើបមានការប្រជុំ សម្រេចដកស្មៀនឃុំឱ្យទៅកន្លែងផ្សេង ។ ប៉ុន្តែករណីមេឃុំក៏ត្រូវបានប្តីប្រពន្ធក្រោយដាក់ពាក្យប្តឹង ហើយដែរ ហើយលោកក៏បានធ្វើរបាយការណ៍ទៅខេត្តរួចរាល់អស់ហើយដែរ ។
លោកអភិបាលបានបញ្ជាក់ថា រឿងស្មៀន គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្រុក ចំណែកអំណាចមេឃុំ គឺស្ថិតនៅលើបក្សជាអ្នកដក ឬក៏រក្សាទុក ទើបលោកមិនអាចសម្រេចអ្វីបានសោះឡើយ ។
តាមការអះអាងតាមទូរស័ព្ទពីស្មៀនឃុំតាំងស្យាបានរិះគន់ចំៗថា មនុស្សខុសហេតុអ្វីមិនដក ចេញទោះគាត់មិនបង្ហោះក៏រឿងអាស្រូវរបស់លោកមេឃុំតាំងស្យា ប្រជាពលរដ្ឋក្នុងភូមិគេដឹងអស់ ទៅហើយ ។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា មិនមែនតែម្នាក់នេះទេ ដែលមេឃុំមានអំណាចទៅ យកប្រពន្ធគេ គឺនៅមានប្រពន្ធគេដែលមានទាំងកូនមានទាំងចៅ ២ ទៅ ៣នាក់ទៀត នៅក្នុងភូមិដែលមេឃុំរូបនេះបានប្រព្រឹត្ត ។
ផ្អែកតាមឯកសារ និងសកម្មភាពរបស់លោក មាស ជីម មេឃុំតាំងស្យា ដូចបានរៀបរាប់ ខាងលើ គឺមានតែការសម្រេចចិត្តក្នុងការកែទម្រង់ក្នុងដែនអំណាចលោកអភិបាលខេត្តកំពង់ស្ពឺទេ ទើបអាចស្វែងរកយុត្តិធម៌ជូនគូប្រកួតលើសង្វៀនអំណាចឃុំតាំងស្យាបាន ។
ព្រោះបើសម្លឹងមើល ទៅលើប្រជាប្រិយភាពតាមសកម្មភាពអវិជ្ជមានបែបហ្នឹង មិនប្រាកដថា ប្រជាប្រិយភាពដែលលោក អភិបាលស្រុកចង់បានពិតជានឹងបាត់បង់នៅពេលខាងមុខជាក់ជាមិនខាន ។ ព្រោះសម័យកាលបច្ចេក វិទ្យាជឿនលឿនបែបនេះ ទៅហើយគ្មានអាថ៌កំបាំងអ្វីដែលអាចលាក់ទុកបានជារៀងរហូតនោះ ឡើយ ៕