ដោយ: លី សុខម៉ន
ខេត្តព្រះសីហនុ៖ ថ្មីៗនេះ ផ្លូវមួយខ្សែដែលពលរដ្ឋបានអះអាងថា ជាផ្លូវពីសម័យដើមពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពាក់ព័ន្ធនិងទំនាស់ផ្លូវចេញចូល នៅចំណុច រីសត យីហោ (360 RESORT) ។ បើយោងតាមកំណត់ហេតុការិយាល័យប្រជាពលរដ្ឋ ខេត្តព្រះសីហនុ លេខ ០០៨/១៩ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ អ្នកស៊ើបអង្កេតធ្វើបទសម្ភាសន៍ ពីឈ្មោះ អឹុង សំអាង អាយុ ៦៤ឆ្នាំ ជាមន្ត្រីរាជការចូលនិវត្តន៍ ដើមបណ្ដឹងសុំអន្តរាគមន៍ ពីឯកឧត្ដម អភិបាលខេត្តព្រះសីហនុ ពីការសាងសង់ផ្លូវសាធារណ:ខុសច្បាប់លេខ ១១២១៦ និងស្នើសុំបើកផ្លូវ ដើម្បីតភ្ជាប់រវាងអន្តរភូមិ២ សង្កាត់លេខ៣ ទៅភូមិ៣ សង្កាត់លេខ១ (ពីបុរីកម្មករដល់វត្តលើ) ជាប់ជាមួយនិង រីស្សត (360 RESORT)។
យោងតាមលិខិតរបស់ក្រសួងដែនដី នគរូបណីកម្ម និងសំណង់ លេខ ១៩៤៦ ដនស/ អរប/នរប ចុះថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៧ គោរពជូនឯកឧត្ដម អភិបាលនៃគណ:អភិបាល ខេត្តព្រះសីហនុ កម្មវត្ថុករណី សំុំអន្តរាគមន៍បើកផ្លូវលេខ ១១២១៦ ធ្វើផ្លូវ ដើម្បីតភ្ជាប់រវាងអន្តរភូមិ២ សង្កាត់លេខ៣ ទៅភូមិ៣ សង្កាត់លេខ១ (ពីបុរីកម្មករដល់វត្តលើ) ក្រុងព្រះសីហនុ និងយោង លិខិតលេខ ១១៣៥ ខន/០១៧ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ របស់ខុទ្ទកាល័យ សម្ដេចតេជោ និងចំណារ របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ចុះថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៧ និងក្រសួង បានស្នើសុំឲ្យឯកឧត្ដម អភិបាលខេត្ត ពិនិត្យលើសំណូមពរនេះ សូមឯកឧត្ដមអភិបាលខេត្ត មេត្តាចាត់ចែងអនុវត្តតាមការគួរ។
ជុំវិញបញ្ហានេះ មេការរីស្សត យីហោ (360 RESORT) ឈ្មោះ ឆាយ ចាន់ធី (CHHAY CHANTHY) ជនជាតិខ្មែរ បានឲ្យដឹងថា បញ្ហាផ្លូវនេះ គាត់មិនអាច អារកាត់បានទេ ដោយកំពុងរង់ចាំ ម្ចាស់រីស្សតមកពីបរទេសសិន និងយកឯកសារ ពាក់ព័ន្ធជាមួយផ្លូវនេះ ទៅផ្ដល់ជូនក្នុងការផ្ទៀងផ្ទាត់។
លោក សម សំអាត ប្រធានការិយាល័យ ប្រជាពលរដ្ឋខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថា រាល់ឯកសារដែលប្រជាពលរដ្ឋ បានស្នើសុំទាំងនោះ លោកបានបញ្ជូនទៅរដ្ឋបាលខេត្ត រួចរាល់អស់ហើយ ហើយឯកឧត្តម អភិបាលខេត្តក៏បានចុះហត្ថលេខា រួចហើយដែរ រង់ចាំខាងអត្តរវិស្ស័យ ចុះពិនិត្យជាក់ស្តែង ។
ជុំវិញបញ្ហានេះ បើមើលតាមឯកសារ ប្រភព និងការស្នើសុំរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវលំខាងលើ គឺពិតជាពលរដ្ឋទាំងនោះបានធ្វើការស្នើសុំ ពិតប្រាកដមែន ហើយបើតាមការលើកឡើង របស់ពលរដ្ឋថា ផ្លូវនេះមានប្លង់មេតាំងពីដើមមក មិនមែនជាផ្លូវឯកជនណាមួយនោះទេ ប៉ុន្តែរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក៏ធ្លាប់បានចុះត្រួតពិនិត្យរួចរាល់ហើយដែរ តែមិនទាន់ឃើញ មានចំណាត់ការណាមួយ ដោះស្រាយជូនពួកគាត់នៅឡើយទេ ខណៈរាល់ថ្ងៃនេះឃើញមានតែ ខាងរីស្សត កំពុងរៀបចំធ្វើរបង ជាប់នឹងដីចំណីផ្លូវនេះយ៉ាងសកម្មទៅវិញ ៕