បទល្មើស ចេញពីប្រភព ល្បែងស៊ីសង ដូចគ្នាប៉ុន្តែ ការអនុវត្តខុសគ្នា

ក្រុមអ្នកតាមដាន ព័ត៌មានពី ករណីបទល្មើស ល្បែងស៊ីសង បានដាក់ជា សំណួរចោទសួរថា ហេតុអ្វីក៏ការអនុវត្ត បង្ក្រាបពីកម្លាំងសមត្ថកិច្ច មិនដូចគ្នា ។ ដូចករណីនៅ ខេត្តកណ្ដាល គ្រាន់តែស្រីៗលេងស៊ីគូម្ដង ៥០០៛សោះ គឺសមត្ថកិច្ច មិនត្រឹមតែចុះបង្ក្រាបប៉ុណ្ណោះទេ គឺថែមទាំងសរសេរផ្លាកពាក់លើក រួចថតបង្ហោះ ឲ្យសាធារណៈជន មើលដើម្បីបង្ហាញពី ស្នាដៃថែមទៀតផង ។
សកម្មភាពសមត្ថកិច្ចខាងលើ ត្រូវបានមហាជន ដាក់ជាសំណួរថា តើល្បែងស៊ីសងជល់មាន់ និងអាប៉ោងបៀរ ដែលមានមេក្លោងឈ្មោះម៉ាប់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហេតុអ្វីក៏សមត្ថកិច្ច មិនហ៊ានបង្ក្រាបទៅវិញ?! ។ ម្យ៉ាងវិញទៀត ករណីបង្ក្រាបបទល្មើស គ្រប់ប្រភេទ ត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី បញ្ជាឲ្យទូរទស្សន៍ទាំងអស់ ត្រូវចាក់ផ្សាយរឿងតុលាការមុខដែកឡើងវិញ ដើម្បីធានាថា រាល់ការអនុវត្តគឺ គ្មានតូចគ្មានធំដើម្បីធ្វើជាខ្នងបង្អែកនោះទេ ចុះហេតុអ្វីក៏បទល្មើសជល់មាន់ បង្កប់អាប៉ោងបៀរដែលមាន មេក្លោងឈ្មោះម៉ាប់ សមត្ថកិច្ចមិនបង្ក្រាបទៅវិញ ។
ចម្លើយវាងាយស្រួលឆ្លើយទេ ព្រោះបើពួកគាត់លេងស៊ីគូ ដែលជាល្បែងស្រីៗ ដាក់ម្ដង៥០០៛ រឿងអីសមត្ថកិច្ច មិនចាប់ដើម្បីបង្ហាញពីស្នាដៃ ទុកធ្វើរបាយការណ៍នៅពេល ដល់ថ្ងៃឡើងស័ក្ដិ ។ ប៉ុន្តែបើពិនិត្យមើលទៅលើ ល្បែងជល់មាន់ និងអាប៉ោងបៀរ ដែលមានមេក្លោងឈ្មោះម៉ាប់ នៅសង្កាត់ស្ទឹងមានជ័យ៣វិញ គឺអ្នកភ្នាល់ដាក់សុទ្ធតែដុល្លា រាប់រយរាប់ពាន់បែបហ្នឹង គឺពិតជាគេមានលទ្ធភាព ក្នុងការផ្ដល់ផលប្រយោជន៍ ទៅឲ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ រួមទាំងរាជធានី ថែមផងទើបគ្មានអ្នកបង្ក្រាប ។
ចំពោះការចោទសួរថា សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាឲ្យស្ថានីយ៍ទូរទស្សន៍គ្រប់ប៉ុស្ដ៍ ចាក់ផ្សាយរឿង តុលាការមុខដែក ក្នុងន័យដាស់ស្មាតីអាជ្ញាធរ និងសមត្ថកិច្ចត្រូវ អនុវត្តចំពោះបទល្មើស ឲ្យបានត្រឹមត្រូវដូចគ្នា ដោយគ្មានលំអៀង ដូចប៉ាវចិនក្នុងរឿងតុលាការមុខដែក គឺវាគ្រាន់តែជា សាច់រឿងចិន ដែលអ្នកនិពន្ធចង់បង្ហាញពី ប្រសិទ្ធភាពនៃច្បាប់ វាទាល់តែមានបុគ្គល ដូចប៉ាវចិន ទើបសង្គមមាន យុត្តិធម៌តែប៉ុណ្ណោះ ។ ព្រោះរឿងចិនដែលមានចំណងជើងថា ផ្ការីកក្រោមពន្លឺព្រះខែ ជាង១០០ភាគវិញ គឺអ្នកនិពន្ធបានបង្ហាញឲ្យឃើញ ក្នុងសង្គមចិនក្នុងរជ្ជកាលនោះថា ពិតជាគ្មានខុសគ្មានត្រូវគ្មានខ្មៅគ្មានស គ្មានល្អគ្មានអាក្រក់ អ្វីនោះឡើយ ។ នៅពេលដែលចៅហ្វាយស្រុក អតីតជាសិស្ស សួរទៅកាន់គ្រូថា បើគ្មានខុសគ្មានត្រូវ តើមានអ្វីទៅវិញលោកគ្រូ? ចម្លើយគឺ មានតែមួយទេនោះគឺ ផលប្រយោជន៍ទើប អាចដោះស្រាយអ្វីៗ បានទាំងអស់ ។
ដូច្នេះមិនចាំបាច់ឆ្ងល់ច្រើន នាំកើតរោគស្ដ្រេសនោះទេ ព្រោះចម្លើយពិតប្រាកដគឺ អ្នកឆ្ងល់ពូកែ ខាងសួរអាចសន្មត់បានថា សង្គមខ្មែរបច្ចុប្បន្នកំពុងតែ ដើរតាមគន្លងអ្នកនិពន្ធរឿង តុលាការមុខដែក ដែល បង្ហាញពី យុត្តិធម៌នៅក្នុងសង្គម ឬក៏ដូចក្នុងរឿងផ្ការីកក្រោមពន្លឺព្រះខែ ដែលតម្រូវឲ្យឈ្មួញ និងមន្ត្រីត្រូវមើលឃើញ គ្រប់ដំណោះស្រាយគឺ ពឹងផ្អែកទៅលើតែ ផលប្រយោជន៍ ។ ព្រោះចម្លើយពិតប្រាកដ ដែលចោទសួររឿង លេងស៊ីគូ៥០០៛ ត្រូវគេចាប់ព្យួរផ្លាកលើក និងល្បែងជល់មាន់ នៅសង្កាត់ស្ទឹងមានជ័យ ៣ភ្នាល់ម្ដងៗ រាប់ពាន់ដុល្លា គ្មានសមត្ថកិច្ចណាហ៊ានចាប់ គឺអាចប្រៀបប្រដូចទៅនឹង យុត្តិធម៌ក្នុងរឿងតុលាការ មុខដែកឬក៏ផលប្រយោជន៍ ក្នុងរឿង ផ្ការីកក្រោមពន្លឺព្រះខែ បានយ៉ាងច្បាស់ហើយ ។ ជាក់ស្ដែងថ្មីៗនេះ មានអ្នកកាសែតទៅថតកន្លែង បទល្មើស ជល់មាន់ របស់លោកម៉ាប់ ត្រូវក្រុមបើកល្បែង ដេញកាប់រត់យករួចខ្លួន ។ អីចឹងហើយ បានតែ សូមផ្ដាំថា សូមកុំមើលរឿង តុលាការមុខដែក ហើយរួចទៅអនុវត្ត ដូចអ្នកក្លាហានចាន់ចាវ ព្រោះបើ គ្មានផលប្រយោជន៍ទេ ស្មានថាពួកជនល្មើស ដែលអនុវត្តបទល្មើស បែបហ្នឹងអាចបន្ត សកម្មភាពបទល្មើស បានដោយរបៀបណា ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2019 La Presse Nationale. All rights reserved. XHTML / CSS Valid.